Thursday, June 4, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់សម្រាប់បង្កើនលើវិស័យការពារជាតិដែលមិនប៉ះពាល់ដល់វិស័យអប់រំនិងសុខាភិបាលនោះឡើយ ពីព្រោះរាជរដ្ឋាភិបាលនៅតែចាត់ទុកធនធានមនុស្ស គឺជាអាទិភាពនៃគោលនយោបាយជាតិ

ភ្នំពេញ ៖ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានធ្វើសេចក្ដីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦៖

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តជម្រាបជូនព័ត៌មានពាក់ព័ន្ធនឹងការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សារដោយបង្ខំក្រោមសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS និងព្រឹត្តិការណ៍សំខាន់ៗមួយចំនួនទៀតជូនជនរួមជាតិជ្រាបដូចតទៅ៖

ទី១៖ ក្នុងសារផ្ញើជូនជនរួមជាតិកាលពីព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំនៅក្រោមអនុសញ្ញា UNCLOS មិនមែនមានន័យថា កម្ពុជាងាកចេញពីការសន្ទនានោះទេ។ ផ្ទុយទៅវិញ កម្ពុជាកំពុងនាំយកការសន្ទនាចូលទៅក្នុងក្របខណ្ឌអន្តរជាតិដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងដែលទទួលស្គាល់ដោយប្រទេសទាំងពីរ។ កម្ពុជានិងថៃនឹងទទួលបានផលប្រយោជន៍ពីដំណោះស្រាយយុត្តិធម៌និងយូរអង្វែង ដែលព្រមព្រៀងគ្នាក្រោមការណែនាំរបស់អ្នកជំនាញផ្សះផ្សារអន្តរជាតិ ដែលអនុលោមតាមច្បាប់អន្តរជាតិ។

សម្តេចនាយករដ្ឋមន្ត្រីបន្តថា ដំណោះស្រាយដោយសន្តិវិធី គឺជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព ស្ថិរភាពតំបន់ ការពារអធិបតេយ្យភាព ពង្រឹងទំនុកចិត្ត និងបើកឱកាសក្នុងការប្រើប្រាស់ធនធានថាមពល ដើម្បីគាំទ្រការអភិវឌ្ឍក៏ដូចជាបង្កើតឱកាសការងារថ្មី ទាំងសម្រាប់ពេលបច្ចុប្បន្ន និងសម្រាប់ប្រជាជនជំនាន់ក្រោយៗនៃប្រទេសទាំងពីរ។ សម្តេចមហាបវរធិបតី បញ្ជាក់ជាថ្មីថាកម្ពុជាមិនដែលរំលោភបំពានអធិបតេយ្យភាពរបស់ប្រទេសដទៃឡើយ ហើយជាមួយគ្នានេះ កម្ពុជាប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងការការពារអធិបតេយ្យជាតិរបស់ខ្លួន។

កម្ពុជាបន្តប្រកាន់គោលជំហរទទួលខុសត្រូវដ៏មុតមាំនេះ ដោយមិនមែនតាមរយៈការប្រើកម្លាំង តែប្រើច្បាប់ ដោយមិនមែនតាមរយៈសកម្មភាពឯកតោភាគី តែតាមរយៈការរួមគ្នាដោះស្រាយដោយសន្តិវិធី។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ឱ្យបន្តរក្សាសាមគ្គីភាពជាធ្លុងមួយប្រកបដោយទំនុកចិត្តខ្ពស់ និងភាពរឹងមាំ ពីព្រោះការការពារអធិបតេយ្យភាពជាតិ គឺជាកាតព្វកិច្ចរបស់ជាតិយើងទាំងមូល។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់បន្ថែមថា ទន្ទឹមនឹងការដាក់លិខិតផ្លូវការទៅកាន់ភាគីថៃ និងអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការយន្តការផ្សះផ្សារដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញា UNCLOS និងក្នុងពេលរង់ចាំចម្លើយពីភាគីថៃ កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សារពីររូបរបស់ខ្លួនរួចជាស្រេចហើយដើម្បីចូលរួមក្នុងដំណើរការផ្សះផ្សារនេះ។

ទី២៖ «រាជរដ្ឋាភិបាលគ្មានផែនការកាត់ចំណាយក្នុងវិស័យអប់រំ និងសុខាភិបាលដើម្បីយកទៅបំពេញតម្រូវការវិស័យការពារជាតិទេ។ ផ្ទុយទៅវិញ គម្រោងចំណាយរបស់រាជរដ្ឋាភិបាលក្នុងវិស័យសង្គមកិច្ច ដែលរួមមានវិស័យអប់រំ និងសុខាភិបាលមានតែបន្តកើនឡើងក្នុងរយៈពេលមធ្យម និងរយៈពេលវែង ពីព្រោះការវិនិយោគដើម្បីពង្រឹងធនធានមនុស្សនៅតែជាអាទិភាពទីមួយរបស់រាជរដ្ឋាភិបាល»។ នេះគឺជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។

សម្តេចប្រមុខរាជរដ្ឋាភិបាលសង្កត់ធ្ងន់ថា ក្នុងបរិការណ៍សកលដែលពោរពេញដោយហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ កម្ពុជាត្រូវតែពន្លឿនការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅលើវិស័យសេដ្ឋកិច្ច និងវិស័យការពារជាតិ ស្របតាមពាក្យស្លោក «មុជឱ្យជ្រៅ ទៅឱ្យឆ្ងាយ» តាមរយៈការបន្តពូនជ្រុំមូលធនមនុស្សស្របតាមទិសដៅនៃយុទ្ធសាស្រ្តអភិវឌ្ឍជាតិ និងការបន្តលើកកម្ពស់ចំណេះដឹង ចំណេះធ្វើ សីលធម៌ និងវិន័យ របស់ប្រជាពលរដ្ឋខ្មែរ ដើម្បីឆ្លើយតបឱ្យបានកាន់តែប្រសើរ និងទាន់ពេលទៅនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងកិច្ចការពារជាតិមាតុភូមិ។

សម្តេចធិបតី នាយករដ្ឋមន្ត្រីបញ្ជាក់ច្បាស់ថា រាជរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់សម្រាប់បង្កើនលើវិស័យការពារជាតិដែលមិនប៉ះពាល់ដល់វិស័យអប់រំនិងសុខាភិបាលនោះឡើយ ពីព្រោះរាជរដ្ឋាភិបាលនៅតែចាត់ទុកធនធានមនុស្ស គឺជាអាទិភាពនៃគោលនយោបាយជាតិ។ ដូច្នេះ ការកសាងនិងការការពារជាតិឱ្យបានរឹងមាំ គឺអាស្រ័យលើកម្ពុជាមានធនធានមនុស្សរឹងមាំ ហើយធនធានមនុស្សរឹងមាំ គឺអាស្រ័យលើការវិនិយោគទាំងក្នុងវិស័យអប់រំ សុខាភិបាល និងសង្គមកិច្ច។

ទី៣៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានរម្លឹកដល់អាជ្ញាធរមូលដ្ឋានថា៖ «គ្មានការយោគយល់ណាមួយចំពោះទីតាំងដែលត្រូវបានប្រើប្រាស់ធ្វើជាកន្លែងឆបោកតាមប្រព័ន្ធអនឡាញនោះឡើយ ហើយអ្នកដែលពាក់ព័ន្ធនឹងរឿងនេះក៏មិនត្រូវបានលើកលែងនោះដែរ»។ ការរម្លឹកបែបនេះបានធ្វើឡើងខណៈដែលសម្តេចបានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំចំនួន ១១៨៩នាក់ កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។
ទន្ទឹមនឹងនោះ សម្ដេចតេជោក៏បន្តក្រើនរម្លឹកឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ការពារ និងថែរក្សាធនធានធម្មជាតិដែលមានក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសខេត្តកំពង់ធំ ត្រូវចូលរួមការពារធនធានធម្មជាតិបឹងទន្លេសាប ដោយត្រូវទប់ស្កាត់ការកាប់ទន្ទ្រានព្រៃលិចទឹក និងរួមគ្នាថែរក្សាធនធានដ៏មានតម្លៃទាំងនោះឱ្យបានគង់វង្ស។ សម្តេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់សេវាដែលជាតម្រូវការ និងសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព និងត្រូវចងចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ តែគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន»៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×