នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បក្សកុម្មុយនីស្តនិងរដ្ឋាភិបាលវៀតណាមបានអនុវត្តគោលនយោបាយជនជាតិយ៉ាងមានប្រសិទ្ធភាព ដែលញ៉ាំងឱ្យជីវភាពរស់នៅទាំងផ្នែកសម្ភារៈនិងស្មារតីរបស់ប្រជាជនខ្មែរនៅបណ្តាខេត្តភាគខាងត្បូងវៀតណាមត្រូវបានលើកកម្ពស់ជាលំដាប់ បានបង្កើតកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងរក្សារឹងមាំនូវប្លុកមហាសាមគ្គីភាពរវាងបណ្តាជនជាតិនៅលើទឹកដីវៀតណាម។

ខេត្តវីញឡង (ដែលរួមបញ្ចូលខេត្តបេនត្រេ វីញឡង និងត្រាវិញ) មានប្រជាជនជិត ៣,៤ លាននាក់។ ក្នុងនោះ ជនជាតិខ្មែរមានចំនួនជាង ១០ភាគរយ។ ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ច អាជ្ញាធរខេត្តបានយកចិត្តទុកដាក់លើការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរ។ បណ្តាពិធីបុណ្យនានាដូចជា ចូលឆ្នាំថ្មី អកអំបុក(អ៊ុំទូក) សែនដូនតា(ភ្ជុំបិណ្ឌ) ត្រូវបានរៀបចំឡើងយ៉ាងសមរម្យ និងមានសុវត្ថិភាព។ វត្តអារាមនានា ដែលជាមជ្ឈមណ្ឌលប្រកបសកម្មភាពវប្បធម៌ និងជំនឿសាសនារបស់ជនជាតិខ្មែរ ក៏ត្រូវបានយកចិត្តទុកដាក់ថែទាំ និងជួសជុលកែលម្អជាបន្តបន្ទាប់។

តាមលោក ចៅ សឿន ដែលជាអ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅភូមិមីធួន ឃុំត្រាគន ជាកន្លែងដែលមានគ្រួសារជនជាតិខ្មែរជាង ៤០០ គ្រួសាររស់នៅ បានឱ្យដឹងថា អាស្រ័យដោយមានការយកចិត្តទុកដាក់ពីបក្សកុម្មុយនីស្តនិងរដ្ឋាភិបាលវៀតណាម ផ្លូវថ្នល់ត្រូវបានចាក់បេតុង និងមានបណ្តាញអគ្គិសនីជាតិគ្របដណ្តប់ដល់ជនបទ ដែលបង្កលក្ខណៈងាយស្រួលដល់ការរកស៊ី។ ប្រជាជនបានចូលរួមយ៉ាងសកម្មក្នុងចលនាអភិវឌ្ឍន៍សេដ្ឋកិច្ច កសាងជនបទថ្មី រក្សាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន និងអត្តសញ្ញាណវប្បធម៌ជាតិខ្មែរ។
ជាគ្រួសារខ្មែរមួយដែលទទួលផលពីគោលនយោបាយរបស់រដ្ឋវៀតណាម លោកស្រី ថាច់ ធីធន នៅភូមិណូរ៉ែ ឃុំឡងហៀប បានថ្លែងថា គ្រួសារលោកស្រីកាលពីមុនជួបការលំបាកជាច្រើនទាក់ទងនឹងលំនៅឋាន និងជីវភាពរស់នៅ។ អាស្រ័យដោយទទួលបានថវិកា ៥០ លានដុង (ប្រហែល ១,៩០០ ដុល្លារ) ដើម្បីសាងសង់ផ្ទះ រួមផ្សំនឹងប្រាក់ទុនសម្បទានដើម្បីពង្រីកមុខរបរ ធ្វើឱ្យជីវភាពគ្រួសារមានស្ថេរភាព កូនៗបានសិក្សារៀនសូត្រពេញលេញ គ្រួសារកាន់តែមានជំនឿចិត្តលើគោលនយោបាយរបស់រដ្ឋវៀតណាម។

លោក ហ្វីញ ភឿកឡង នៅឃុំចូវថាញ់ ដែលជាអតីតអនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភាវៀតណាម ថ្លែងកត់សម្គាល់ថា មន្ត្រីខ្មែរជាច្រើនត្រូវបានបណ្តុះបណ្តាល និងកាន់តំណែងដឹកនាំសំខាន់ៗ។ នេះជាភស្តុតាងបង្ហាញពីការយកចិត្តទុកដាក់របស់បក្សកុម្មុយនីស្តនិងរដ្ឋាភិបាលវៀតណាម ក្នុងការបង្កើតប្រភព បណ្តុះបណ្តាល និងពង្រីកតួនាទីរបស់ក្រុមមន្ត្រីរដ្ឋការជនជាតិភាគតិចនៅក្នុងប្រព័ន្ធនយោបាយ។ តាមទិន្នន័យស្ថិតិរបស់គណៈកម្មាធិការបក្សខេត្តវីញឡង អត្រាមន្ត្រីរដ្ឋការ និងសមាជិកបក្សជាជនជាតិខ្មែរកាន់តែកើនឡើង។ គិតត្រឹមចុងឆ្នាំ ២០២៥ ខេត្តវីញឡងមានសមាជិកបក្សជាជនជាតិខ្មែរជិត ៨,៤០០ នាក់ និងមន្ត្រីរដ្ឋការជាង ៤,៦០០ នាក់។ អត្រាតំណាងរាស្ត្រជាជនជាតិខ្មែរដែលចូលរួមក្នុងក្រុមប្រឹក្សាប្រជាជនខេត្តសម្រេចបាន ១២,៩៤ភាគរយ ក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំ-សង្កាត់សម្រេចបាន ៧,១៣ភាគរយ និងជាសមាជិកនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសម្រេចបាន ១៣,០៨ភាគរយ។

លោកស្រី ថាច់ ធីធូហា ប្រធានមន្ទីរជនជាតិ និងសាសនាខេត្តវីញឡង ឱ្យដឹងថា ក្រៅពីការអនុវត្តពេញលេញនូវបណ្តាកម្មវិធីរបស់គណបក្សថ្នាក់កណ្ដាល ខេត្តវីញឡងបានប្រកាសឱ្យប្រើប្រាស់នូវសេចក្តីសម្រេចចិត្តជំនាញជាច្រើន ដើម្បីអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយនូវតំបន់ជនជាតិខ្មែរ ដោយបានប្រើថវិកាសរុបជាង ៦៥,០០០ លានដុង (ប្រហែល ២,៥ លានដុល្លារ) ជួយដល់ការសាងសង់លំនៅឋាន ដីធ្លី និងទឹកស្អាត ព្រមទាំងការផ្លាស់ប្តូរមុខរបរ ៦ម៉ឺនលានដុង (ប្រហែល ២,៣ លានដុល្លារ) ជួយដល់គ្រួសារខ្មែររាប់ពាន់គ្រួសារ។ ទន្ទឹមនឹងនោះ ធនាគារគោលនយោបាយសង្គមបានផ្គត់ផ្គង់ទុនឥណទានសម្បទានជាង ៦០,០០០ លានដុង (ប្រហែល ២,៣ លានដុល្លារ) ជួយដល់គ្រួសារខ្មែរជាង ១,៣០០ គ្រួសារក្នុងការពង្រីកមុខរបរ និងឈានទៅរកការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពជាជំហានៗ។ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់វិនិយោគសម្ភារៈបរិក្ខារសម្រាប់បណ្តាសាលាជនជាតិស្នាក់នៅបោះជំរំ បើកវគ្គបង្រៀនលុបបំបាត់ភាពមិនចេះអក្សរ និងបង្រៀនអក្សរសាស្ត្រខ្មែររាប់រយថ្នាក់។ កិច្ចខិតខំនេះធ្វើឱ្យអត្រាគ្រួសារក្រីក្រក្នុងចំណោមជនជាតិភាគតិចរបស់ខេត្តធ្លាក់ចុះមកត្រឹម ១,១៦ភាគរយ ក្នុងឆ្នាំ២០២៥។

នៅខេត្តអានយ៉ាង (រួមបញ្ចូលខេត្តអាងយ៉ាងនិងគៀនយ៉ាង) ដែលជាប់ព្រំដែនជាមួយកម្ពុជា មានប្រជាជនជិត ៥ លាននាក់ ក្នុងនោះមានជនជាតិខ្មែរប្រមាណ ៨ភាគរយ (ជិត ៣៦៤ ពាន់នាក់)។ គ្រួសារលោក យ៉ាញ់ បេ (អាយុ ៦០ ឆ្នាំ) ជាគំរូផលិតកម្មពូកែនៅឃុំឌិញហ្វា។ លោក យ៉ាញ បេ បានថ្លែងថា កាលពីមុន គ្រួសារលោកស្ថិតក្នុងចំណោមគ្រួសារដែលមានការលំបាក ប៉ុន្តែអាស្រ័យដោយសារការហ៊ានអនុវត្តគំរូសេដ្ឋកិច្ចកសិកម្មថ្មីៗ ព្រមទាំងទទួលបានការផ្គត់ផ្គង់យ៉ាងជាក់ស្តែងពីគោលនយោបាយសម្រាប់ជនជាតិខ្មែរដូចជា៖ ការខ្ចីប្រាក់ទុនដើម្បីពង្រីកមុខរបរ ការវិនិយោគប្រព័ន្ធអគ្គិសនីជាតិ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ រួមជាមួយគោលនយោបាយធានារ៉ាប់រងសុខាភិបាល និងការលើកលែងថ្លៃសិក្សាសម្រាប់សិស្សានុសិស្ស ។ល។ បានជួយឱ្យគ្រួសារលោកឈានឡើងមានជីវភាពធូរធារ និងក្លាយជាអ្នកមាន។ បច្ចុប្បន្ន គ្រួសារលោកមានដីស្រែជិត ៥ ហិកតា ធ្វើការដាំដុះពី ២-៣ រដូវក្នុងមួយឆ្នាំ ព្រមទាំងចិញ្ចឹមក្របី ៧-៨ ក្បាល។ រៀងរាល់ឆ្នាំ គ្រួសារលោកប្រមូលផលស្រូវបានប្រហែល ៨០ តោន និងលក់ក្របីចេញបានពី ៤-៥ ក្បាល។ ក្រោយទូទាត់ការចំណាយរួច គាត់ចំណេញបានជាង ៤០០ លានដុង (ប្រហែលជាង ១៥.០០០ ដុល្លារ) និងបានសាងសង់ផ្ទះយ៉ាងប្រណីតដែលមានតម្លៃជាង ១,០០០ លានដុង (ប្រហែល ៣៨.០០០ ដុល្លារ)។

ក្នុងឱកាសចូលឆ្នាំថ្មី ២០២៦ គ្រួសារលោក យ៉ាញ់ មីច នៅឃុំង៉ុកជូក បង្ហាញក្តីសប្បាយរីករាយនឹងផ្ទះថ្មី និងហេដ្ឋារចនាសម្ព័ន្ធជុំវិញ។ កូនស្រីលោកមានការងារធ្វើជាប់លាប់។ លោក យ៉ាញ់ មីច បានឱ្យដឹងថា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានដូចជា គមនាគមន៍ សាលារៀន វត្តអារាមខ្មែរ ក្នុងឃុំត្រូវបានថែទាំជួសជុលកែលម្អកាន់តែមានភាពសមរម្យ តាមរយៈនោះជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ គួរឱ្យកត់សម្គាល់គឺ វត្តអារាមខ្មែរមួយចំនួនទទួលបានវង់ភ្លេងពិណពាទ្យប្រពៃណីសម្រាប់បម្រើការកម្សាន្ត ដែលរួមចំណែកបម្រើដល់ជីវភាពវប្បធម៌ស្មារតី និងថែរក្សានូវរាល់តម្លៃប្រពៃណីរបស់ជនជាតិខ្មែរ។
លោក យ៉ាញ់ ហ៊ុង ដែលជាអ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងតំបន់ជនជាតិខ្មែរនៅឃុំយ៉ាងថាញ់ បានឱ្យដឹងថា នៅលើភូមិសាស្ត្រឃុំបច្ចុប្បន្នមានគ្រួសារខ្មែរជាង ៤០០ គ្រួសារ ដែលមានប្រជាជនជាង ១,២០០ នាក់។ លោក ក៏បានបញ្ជាក់ពីភាពងាយស្រួលក្នុងការធ្វើដំណើរ ដោយសារការវិនិយោគលើផ្លូវថ្នល់ សាលារៀន និងមណ្ឌលសុខភាព។

លោក ង៉ូ កុងធឹក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង លើកឡើងថា នៅពេលខាងមុខ ខេត្តនឹងបន្តអនុវត្តគោលនយោបាយជនជាតិរបស់បក្សកុម្មុយនីស្ត និងរដ្ឋាភិបាលវៀតណាម ជាពិសេសគឺកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មី ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣៥ ដោយផ្សារភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ច ទៅនឹងការអភិរក្សវប្បធម៌ប្រពៃណី ជំរុញគ្រប់ទិដ្ឋភាពនៃជីវភាពសេដ្ឋកិច្ចសង្គមរបស់ជនជាតិខ្មែរឱ្យមានការអភិវឌ្ឍ។
នៅតាមបណ្តោយតំបន់ភ្នំប្រាំពីរនៃខេត្តអានយ៉ាង ក្រោមម្លប់ដ៏ត្រជាក់នៃជួរដើមត្នោត នៅក្នុងលំហដ៏ស្ងប់ស្ងាត់នៃវត្តអារាមខ្មែរតាំងពីបុរាណកាល រូបភាពព្រះសង្ឃខ្មែរដែលគង់ឈរបង្រៀនផ្ទាល់នៅក្នុងថ្នាក់រៀន បានក្លាយជានិមិត្តរូបដ៏ស្រស់ស្អាតនៃការលះបង់ដ៏ឧត្តុង្គឧត្តម ផ្សារភ្ជាប់រវាងពុទ្ធចក្រនិងអាណាចក្រ។ ប្អូន ចៅ នេសំណាត នៅឃុំអូឡឹម រំភើបចិត្តដែលបានរៀនអក្សរខ្មែរឥតគិតថ្លៃ និងបានចូលរួមក្នុងសកម្មភាពវប្បធម៌ខ្មែរដ៏វិសេសវិសាលនានា ដូចជាការលេងភ្លេងពិណពាទ្យ ការប្រគំស្គរឆៃយ៉ាំ ឬសិល្បៈយីកេ ។ល។

ព្រះតេជព្រះគុណ ចៅ សឺនហ៊ី អនុប្រធានគណៈកម្មាធិការប្រតិបត្តិនៃសមាគមព្រះពុទ្ធសាសនាវៀតណាមខេត្តអានយ៉ាង ព្រះចៅអធិការវត្តស្រឡូន នៅឃុំអូឡឹម មានសង្ឃដីកាថា ថ្នាក់រៀនអក្សរសាស្ត្រខ្មែរដោយឥតគិតថ្លៃនៅតាមបណ្តាវត្តអារាមនៅលើភូមិសាស្ត្រ មិនត្រឹមតែជួយឱ្យកុមារជិតស្និទ្ធនឹងភាសាដើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចេះភាសាបាលី ដែលត្រូវបានប្រើប្រាស់នៅក្នុងព្រះពុទ្ធសាសនាខ្មែរទៀតផង។
ព្រះតេជព្រះគុណ ចៅ កាត់ ព្រះចៅអធិការវត្តម៉ីអា សង្កាត់ជីឡាំង មានសង្ឃដីកាថា ផ្អែកលើលក្ខខណ្ឌជាក់ស្តែង រៀងរាល់ឆ្នាំវត្តបានរៀបចំថ្នាក់រៀនពី ១-២ ថ្នាក់ ។ គួរឱ្យកត់សម្គាល់គឺ សកម្មភាពនេះជានិច្ចកាលទទួលបានការយកចិត្តទុកដាក់ និងការគាំទ្រពីអាជ្ញាធរមូលដ្ឋាន បង្កើតជាកម្លាំងចលករបន្ថែមដើម្បីឱ្យព្រះសង្ឃ ថែរក្សា និងពង្រីកការបង្រៀនអក្សរសាស្ត្រខ្មែរសម្រាប់ជំនាន់វ័យក្មេង។
លោកស្រី នាង សម្បូរ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំអូឡឹម បានឱ្យដឹងថា ទូទាំងឃុំមានវត្តខ្មែរចំនួន ១៥ វត្ត ក្នុងនោះមាន ១៤ វត្តដែលបានបើកបង្រៀនអក្សរខ្មែរ។ នៅថ្ងៃឈប់សម្រាក ឬឱកាសវិស្សមកាលរដូវក្តៅ ជនជាតិខ្មែរសុទ្ធតែបានឱ្យកូនចៅទៅវត្តដើម្បីរៀនអក្សរសាស្ត្រខ្មែរ តាមរយៈនោះ មិនត្រឹមតែរួមចំណែកអភិរក្សភាសានិយាយ និងអក្សរសរសេររបស់ជនជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវិធីសាស្ត្រដើម្បីថែរក្សានូវផ្នែកមួយនៃព្រលឹងវប្បធម៌វៀតណាមដែលមានភាពចម្រុះនៅក្នុងភាពឯកភាព។ តាមលោកស្រី នាង សម្បូរ ទោះបីជានៅជួបការលំបាកជាច្រើនអំពីលក្ខខណ្ឌសម្ភារៈបរិក្ខារក៏ដោយ ប៉ុន្តែក្នុងឆ្នាំ២០២៥ រដ្ឋវៀតណាមបានគាំទ្រថវិកាជិត ៤០០ លានដុង (ប្រហែលជាង ១៥,០០០ ដុល្លារ) សម្រាប់គ្រូបង្រៀនអក្សរខ្មែរតាមវត្តនានាក្នុងឃុំ។

លោក យ៉ាញ់ ភុក ប្រធានមន្ទីរជនជាតិ និងសាសនាខេត្តអានយ៉ាង បានថ្លែងថា ខេត្តមានជនជាតិចំនួន ២៩ ក្នុងនោះជនជាតិធំៗចំនួន ៤ គឺជា គីញ(វៀត) ខ្មែរ ចិន ចាម រស់នៅ ប្រកបដោយសាមគ្គីភាពស្រុចស្រួលមូលមតិ ដែលបានត្បាញប្រទាក់ក្រឡាគ្នាបានជាផ្ទាំងគំនូរវប្បធម៌ដ៏វិសេសវិសាល និងឯកភាពនៅក្នុងភាពចម្រុះ។ បច្ចុប្បន្ន អាជ្ញាធរខេត្តកំពុងរៀបចំសេចក្តីសម្រេចយុទ្ធសាស្ត្រថ្មី ដើម្បីពង្រីកការបង្រៀនអក្សរសាស្ត្រ និងផ្តល់ការឧបត្ថម្ភដល់អ្នកសាបព្រួសអក្សរសាស្ត្រជនជាតិនៅតាមបណ្តាមូលដ្ឋានសាសនាក្នុងនោះមានភាសាខ្មែរ ដែលមិនមែនគ្រាន់តែជាការឧបត្ថម្ភផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការដឹងគុណយ៉ាងជ្រាលជ្រៅសម្រាប់គ្រូបង្រៀនដ៏ស្ងប់ស្ងៀម ដែលកំពុងខិតខំទាំងយប់ទាំងថ្ងៃដើម្បីថែរក្សាភាសានិយាយ និងអក្សរសរសេររបស់ជនជាតិភាគតិច។ តាមលោក យ៉ាញ់ ភុក ការប្រកាសឱ្យប្រើប្រាស់ឆាប់ៗនូវសេចក្តីសម្រេចយុទ្ធសាស្ត្រថ្មីនេះ គឺជានិមិត្តរូបដ៏រស់រវើកសម្រាប់ផ្នត់គំនិតគ្រប់គ្រងប្រកបដោយមនុស្សធម៌ អះអាងពីការប្តេជ្ញាចិត្តរបស់បក្សកុម្មុយនីស្តនិងរដ្ឋាភិបាលវៀតណាម ក្នុងការអភិរក្សបេតិកភណ្ឌ ដើម្បីឱ្យប្រភពចរន្តរនៃវប្បធម៌ជនជាតិខ្មែរនៅតែហូរមិនចេះដាច់នៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី។

រូបភាព៖
១: ពិធីបុណ្យកថិនទានរបស់ប្រជាជនខ្មែរនៅខេត្តវីញឡង
២: ប្រជាជនខ្មែរនៅក្រុងកឹនធើ ប្រារព្ធពិធីពូនភ្នំខ្សាច់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
៣: ប្រជាជនខ្មែរនៅក្រុងកឹនធើ ប្រារព្ធពិធីដង្ហែរមហាសង្ក្រាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
៤: ប្រជាជនខ្មែរនៅខេត្តកាម៉ៅ ប្រារព្ធពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅវត្តអារាម
៥: គំរូនៃការដាំទំពាំងបាយជូររបស់ប្រជាជនខ្មែរនៅខេត្តអានយ៉ាង
៦: ផ្លូវបេតុងវែងតភ្ជាប់ភូមិចំនួន ១៨ នៅក្នុងឃុំអូឡឹម ខេត្តអានយ៉ាង
៧: ថ្នាក់រៀនភាសា និងអក្សរសាស្ត្រខ្មែរនៅវត្តម៉ីអា សង្កាត់ជីឡាំង ខេត្តអានយ៉ាង

