នារសៀលថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានរៀបចំសន្និសីទសារព័ត៌មានដ៏សំខាន់មួយ ស្តីពី «អត្រាពន្ធគយថ្មីក្នុងការនាំចូលពីកម្ពុជាទៅសហរដ្ឋអាម៉េរិក បន្ទាប់ពីការស៊ើបអង្កេតអនុលោមភាព នៃមាត្រា ៣០១ ច្បាប់ពាណិជ្ជកម្មសហរដ្ឋអាម៉េរិក» ដើម្បីផ្តល់នូវព័ត៌មានគ្រប់ជ្រុងជ្រោយ ភាពច្បាស់លាស់ និងតម្លាភាពជូនដល់សាធារណជន វិនិយោគិន ធុរជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ។
សន្និសីទសារព័ត៌មាននេះ ត្រូវបានដឹកនាំ និងអញ្ជើញជាវាគ្មិនកិត្តិយសដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. ដោយមានការអញ្ជើញចូលរួមជាវាគ្មិនអមពីសំណាក់ ឯកឧត្តម ស៊ឹម សុខខេង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និង លោក ចាន់ សុភាព អគ្គនាយករងនៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមានវត្តមានចូលរួមយ៉ាងកុះករពីតំណាងស្ថាប័នសារព័ត៌មានជាច្រើនរូប។
នៅក្នុងឱកាសនោះ គណៈអធិបតីបានធ្វើការបកស្រាយ និងជម្រាបជូនយ៉ាងលម្អិតអំពីបច្ចុប្បន្នភាព និងវឌ្ឍនភាពចុងក្រោយ នៃកិច្ចសហប្រតិបត្តិការ និងការអនុវត្តកាតព្វកិច្ចអនុលោមភាព ស្របតាមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (Section 301 of the U.S. Trade Act)។ ការបញ្ជាក់យ៉ាងច្បាស់លាស់ពីសំណាក់វាគ្មិនកិត្តិយស បានឆ្លុះបញ្ចាំងអំពីភាពជឿជាក់របស់រាជរដ្ឋាភិបាលកម្ពុជា, កិច្ចសម្របសម្រួលអន្តរក្រសួងប្រកបដោយប្រសិទ្ធភាព, ព្រមទាំងការត្រៀមលក្ខណៈ និងទិសដៅជាយុទ្ធសាស្ត្រដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃបរិបទពាណិជ្ជកម្មសកល ប្រកបដោយភាពបត់បែន និងចីរភាព។
ក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល សន្និសីទសារព័ត៌មាន ក៏បានបើកវេទិកាពិភាក្សា និងផ្លាស់ប្តូរមតិយ៉ាងផុសផុល ដោយគណៈអធិបតីបានឆ្លើយតបយ៉ាងត្រង់ទៅត្រង់មក ប្រកបដោយអត្ថរូប និងអត្ថន័យ ទៅនឹងរាល់សំណួររបស់តំណាងស្ថាប័នសារព័ត៌មានជាតិ និងអន្តរជាតិ ពាក់ព័ន្ធនឹងប្រធានបទសន្និសីទសារព័ត៌មាន និងកាលានុវត្តភាពថ្មីៗនៃវិស័យពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក។
សន្និសីទសារព័ត៌មាននេះ មិនត្រឹមតែជាការផ្តល់ព័ត៌មានទាន់ហេតុការណ៍ និងច្បាស់លាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីភាពចាស់ទុំខាងទិដ្ឋភាពច្បាប់ និងយន្តការការទូតសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងការថែរក្សា និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគជាមួយសហរដ្ឋអាម៉េរិក ឱ្យកាន់តែមានភាពរឹងមាំ និងមានតម្លាភាពខ្ពស់ ក្នុងន័យបម្រើផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងប្រជាជនកម្ពុជាជាធំ៕ រក្សាសិទ្ធិដោយ៖សុទ្ធលី





