សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី «ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល» នៅព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ ។
សមិទ្ធផលដែលសម្រេចបាននៅថ្ងៃនេះ គឺជាសក្ខីភាពសបញ្ជាក់ពីការខិតខំ និងការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក៏ដូចជារដ្ឋបាលខេត្តកណ្តាល ក្នុងការអនុវត្តគោលនយោបាយដីធ្លីប្រកបដោយប្រសិទ្ធភាព។
យុទ្ធនាការវាស់វែង និងផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងប្រទេស គឺជាយុទ្ធសាស្ត្រគន្លឹះ និងជាអាទិភាពខ្ពស់បំផុតមួយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងផ្តល់សុវត្ថិភាពផ្លូវច្បាប់លើការកាន់កាប់ដីធ្លី ការពារសិទ្ធិស្របច្បាប់របស់ម្ចាស់កម្មសិទ្ធិ និងកាត់បន្ថយទំនាស់ដីធ្លីនៅតាមមូលដ្ឋានឱ្យបានជាអតិបរមា។ ជាងនេះទៅទៀត សមិទ្ធផលនេះ គឺជាគ្រឹះដ៏រឹងមាំដែលធានាដល់ការគ្រប់គ្រងដែនដី ធ្វើបច្ចុប្បន្នភាពទិន្នន័យសុរិយោដី ការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ក៏ដូចជាការទាក់ទាញការវិនិយោគ ដើម្បីធានាបាននូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយសមធម៌ បរិយាបន្ន និងចីរភាព។
សម្តេចធិបតី បានថ្លែងថា នៅក្នុងអាណត្តិទី៧ សម្តេចបានប្រគល់ភារកិច្ចជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបញ្ចប់ការងារវាស់វែង និងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដែលគិតមកដល់បច្ចុប្បន្ននេះ ការវាស់វែងដីសរុបបានចំនួន ១៣ ៩៥៦ ៤៧៩ក្បាលដី ស្មើនឹង ១០៣% នៃក្បាលដីប៉ាន់ស្មាន, ចេញបណ្ណបន្ថែម ២លាន ៦សែនបណ្ណ សរុបចំនួន ៩ ៦៤១ ៨៥៧បណ្ណ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សរុបចំនួន ៨ ៧៦៥ ៤១៩បណ្ណ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញដំណោះស្រាយមួយចំនួន ដើម្បីដោះស្រាយបញ្ហាជាប់គាំងនៃការចេញបណ្ណសម្គាល់អនចលនទ្រព្យ
សម្តេចធិបតី បានបព្ជាក់ថា ការវាស់វែង ការចុះបញ្ជី និងការចែកបណ្ណ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៧ ។
ខេត្តកណ្តាលដែលមាន ១៣ ក្រុង-ស្រុក ១២៧ ឃុំ-សង្កាត់ និង ១ ០១០ភូមិ មានក្បាលដីប៉ាន់ស្មានសរុប ៨៦៦ ៧០០ ក្បាលដី។ គិតចាប់ពីពេលអនុវត្ត រហូតដល់ត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ គឺបានវាស់វែង គូស ប្រមូល បញ្ចូល និងបិទផ្សាយទិន្នន័យបាន ១០០ភាគរយ ។
ក្នុងចំណោមក្បាលដីទាំងនោះ ចេញបណ្ណកម្មសិទ្ធិសរុប ៧៨៥ ៦៣៦បណ្ណ (ស្មើនឹង ៩០,៦៥%) ចែកដល់ដៃប្រជាពលរដ្ឋបានចំនួន ៥២២ ៥៥៨បណ្ណ (ស្មើនឹង ៦៦,៥១%), បណ្ណនៅសល់ចំនួន ២៦៣ ០៧៨បណ្ណ (ស្មើនឹង ៣៣,៤៩ភាគរយ។ ក្នុងចំណោមបណ្ណនៅសល់នេះ មានបណ្ណ ១៣១ ៣៤៣បណ្ណ កំពុងបន្តចែក និងបណ្ណ ១៣១ ៧៣៥បណ្ណ ជាប់ពន្ធ៤ភាគរយ ៕រក្សាសិទ្ធិដោយ៖សុទ្ធលី















