ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន ម៉ៅ ឈាងម៉ៃ អ៊ឹមផត អិចផត ឯ.ក រងការចោទប្រកាន់ថា បានធ្វើផ្ទុយពីគោលការណ៍ ដោយយកអាជ្ញាប័ណ្ណទៅលក់ឱ្យក្រុមឈ្មួញនាំចូលផលិតផលជលផលពីប្រទេសវៀតណាមគេចពីការបង់ពន្ធ

នៅពេលនេះ ក្រុមហ៊ុន ម៉ៅ ឈាងម៉ៃ អ៊ឹមផត អិចផត ឯ.ក បានរងការចោទប្រកាន់ថា បានធ្វើផ្ទុយពីគោលការណ៍អនុញ្ញាតរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អស់រយៈពេលជាច្រើនខែមកហើយ។ បន្ទាប់ពីក្រុមហ៊ុននេះ ទទួលបានអាជ្ញាប័ណ្ណនាំចូលទំនិញជលផលពីប្រទេសវៀតណាមតាមច្រកមួយចំនួន បែរជាក្រុមហ៊ុននេះមិនមានសកម្មភាពនាំចូលទំនិញជលផលខ្លួនឯងផ្ទាល់នោះទេ ដោយយកអាជ្ញាប័ណ្ណរបស់ខ្លួនទៅលក់ឱ្យក្រុមឈ្មួញដែលមិនមានអាជ្ញាប័ណ្ណនាំចូលផលិតផលជលផលពីប្រទេសវៀតណាមទៅវិញ។ ហើយករណីនេះ កំពុងបង្កឱ្យកើតជាបញ្ហានាំចូលដោយអនាធិបតេយ្យនៅតាមចក្រមួយចំនួនពីប្រទេសវៀត។


យោងតាមលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ក្រុមហ៊ុន ម៉ៅ ឈាងម៉ៃ អ៊ឹមផត អិចផត ឯ.ក មានសិទ្ធិនាំចូលផលិតផលជលផលពីប្រទេសវៀតណាមមកផ្គត់ផ្គង់ទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជាដោយបង់ពន្ធ និងអាករចូលតាមមាត់ច្រក ជ្រៃធំ ខេត្តកណ្តាល ច្រកភ្នំដិន ខេត្តតាកែវ ច្រកព្រែកចាក និងច្រកតន់ហន់ ខេត្តកំពត ចាត់តាំងពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥មក។ ប៉ុន្តែក្រោយពីទទួលបានអាជ្ញាប័ណ្ណនាំចូល ក្រុមហ៊ុននេះមិនបានធ្វើការនាំចូលផលិតផលជលផលអ្វីនោះទេ ហើយបានយកអាជ្ញាប័ណ្ណរបស់ខ្លួនទៅលក់ឱ្យក្រុមឈ្មួញផ្សេងទៀតដែលមិនមានក្រុមហ៊ុនត្រឹមត្រូវ ដែលនេះខុសពីគោលការណ៍កំណត់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺមិនអនុញ្ញាតឱ្យយកអាជ្ញាប័ណ្ណទៅលក់ឱ្យអ្នកផ្សេងនោះទេ គឺអនុញ្ញាតឱ្យនាំចូលបានតែក្រុមហ៊ុនណាដែលទទួលបានអាជ្ញាប័ណ្ណផ្ទាល់ពីក្រសួងប៉ុណ្ណោះ។


ពាក់ព័ន្ធនឹងការចោទប្រកាន់ទៅលើក្រុមហ៊ុនខាងលើនេះ យោងតាមការឱ្យដឹងពីឈ្មួញអ្នកនាំចូលទំនិញជលផលស្របច្បាប់មួយចំនួនបានឱ្យដឹងថា ក្រុមហ៊ុននេះ មិនត្រឹមតែធ្វើខុសគោលការណ៍អនុញ្ញាតទេ តាមរយៈទង្វើរបស់ក្រុមហ៊ុននេះ វាបានផ្តល់ឱកាសដល់ឈ្មួញរកស៊ីខុសច្បាប់មានឱកាសបន្លំការបង់ពន្ធនាំចូល ដោយបង់ចំនួន១ឡានគេចពន្ធចំនួន៥ឡានធ្វើឡើងក្រោមរូបភាពផ្សេងៗ រួមមានទាំងការបន្លំភ្នែកសមកិច្ច និងមន្ត្រីគយដោយរូបភាពបំបែកចំណែកទំនិញនាំចូលដឹកតាមម៉ូតូជាច្រើនម៉ូតូរួចមានឡានចាំទទួលបន្តជាដើម។


ឈ្មួញម្នាក់ស្នើសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់ CEN ថា ទង្វើរបស់ក្រុមហ៊ុន ម៉ៅ ឈាងម៉ៃ អ៊ឹមផត អិចផត ឯ.ក នេះ កំពុងតែធ្វើឱ្យខាតបង់ការបង់ពន្ធចូលរដ្ឋជារៀងរាល់ថ្ងៃ។ ហើយបន្ថែមពីនេះទៅទៀត វាបានបង្កផលប៉ះពាល់អាក្រក់ដល់ក្រុមហ៊ុនរកស៊ីត្រឹមត្រូវដែលបាននាំចូលទំនិញជលផលស្របច្បាប់ពីប្រទេសវៀតណាម និងបង់ពន្ធត្រឹមត្រូវ ដោយក្រុមហ៊ុននាំចូលស្របច្បាប់ទាំងនេះពិបាកនឹងប្រកួតប្រជែងជាមួយក្រុមឈ្មួញរកស៊ីគេចពន្ធ ឬបង់ពន្ធតិចតួច។


តែទោះជាយ៉ាងណា តំណាងក្រុមហ៊ុន ម៉ៅ ឈាងម៉ៃ អ៊ឹមផត អិចផត ឯ.ក បានបដិសេធថាក្រុមហ៊ុនខ្លួនមិនបានធ្វើសកម្មភាពដូច្នេះទេ ហើយតំណាងក្រុមហ៊ុនក៏មិនមានការពន្យល់បកស្រាយអ្វីច្រើនដែរដោយគ្រាន់តែប្រាប់មកកាន់អង្គភាពព័ត៌មាន CEN ដោយខ្លីថា ក្រុមហ៊ុនលោកមិនបានលក់អាជ្ញាប័ណ្ណទៅឱ្យអ្នកណាទេ។
ទោះជាតំណាងក្រុមហ៊ុនខាងលើបានបដិសេធយ៉ាងណាក៏ដោយ ក៏ប្រភពព័ត៌មានមួយចំនួនបានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនខាងលើបានលក់សិទ្ធិទៅឱ្យមនុស្សពីរនាក់ ម្នាក់ឈ្មោះ ចែឡាង ស្លាក់លេខឡាន ៥០៩៥ និងម្នាក់ជនជាតិវៀតណាមឈ្មោះ ឌឿង ស្លាកលេខឡាន ១១៧៥។
សូមបញ្ជាក់ថា ច្រកដែលឈ្មួញបន្លំដឹកទំនិញតាមម៉ូតូជាច្រើនគ្រឿងមានច្រក ៣១៤ និងច្រក ៤១៣ ព្រមទាំងមានច្រកមួយចំនួនទៀតដូចជាច្រកគោកកំបោរ និងច្រកតន់ហន់ជាដើម៕រក្សាសិទ្ធិដោយ CEN