ខេត្តសៀមរាប ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ — ការបែងចែកជំនាញ និងការពង្រឹងការតភ្ជាប់ខ្សែច្រវាក់តម្លៃ គឺជាកត្តាគន្លឹះសម្រាប់អភិវឌ្ឍសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរ។ នេះជាការលើកឡើងរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងវេទិកាជាតិលើកទី១ ស្តីពី «ការជំរុញផលិតផលសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរ» ដែលរៀបចំឡើងនៅក្នុងខេត្តសៀមរាប។ វេទិកា ក្រោមសហអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានប្រមូលផ្តុំតំណាងក្រសួងស្ថាប័នរដ្ឋ រដ្ឋបាលខេត្តសៀមរាប ប្រតិបត្តិករទេសចរណ៍ សិប្បករ វិចិត្រករ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រពង្រឹងប្រព័ន្ធអេកូឡូស៊ីសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍របស់កម្ពុជា។វេទិកាក៏មានការតាំងបង្ហាញផលិតផលសិប្បកម្ម វត្ថុអនុស្សាវរីយ៍ និងផលិតផលក្នុងស្រុកប្រមាណ ១៥០ ស្តង់ រួមទាំងកម្មវិធីផ្គូផ្គងធុរកិច្ច បទអន្តរាគមន៍ និងកិច្ចពិភាក្សាគោលនយោបាយ ដើម្បីពង្រីកឱកាសទីផ្សារ និងជំរុញផលិតផល “ផលិតនៅកម្ពុជា ឬ Made in Cambodia”។ថ្លែងក្នុងពិធីបើកវេទិកា ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា អរិយធម៌ដ៏រុងរឿង បេតិកភណ្ឌវប្បធម៌ និងជំនាញសិប្បកម្មដូនតាដែលបន្តពីមួយជំនាន់ទៅមួយជំនាន់ គឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍផលិតផលទេសចរណ៍ដែលមានអត្តសញ្ញាណច្បាស់លាស់ ភាពប្រណិត ខុសប្លែក និងពិបាកលួចចម្លង។ ប៉ុន្តែការទាញយកសក្តានុពលទាំងនេះជាតម្លៃសេដ្ឋកិច្ច ទាមទារនវានុវត្តន៍ក្នុងការប្រែក្លាយសម្បត្តិវប្បធម៌ ទៅជាផលិតផលដែលមានការរចនាប្រណិត ភាពច្នៃប្រឌិត ស្តង់ដាគុណភាព ការវេចខ្ចប់ប្រកបដោយសោភណភាព និងនិទានកថាដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណនៃផលិតផលខ្មែរ។ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖“ផលិតផលសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ មិនមែនគ្រាន់តែជាទំនិញសម្រាប់លក់ប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃបទពិសោធន៍ទេសចរណ៍។ ផលិតផលដែលមានគុណភាព ការរចនាប្រណិត និងមាននិទានកថាច្បាស់លាស់ អាចក្លាយជាទូតវប្បធម៌ ដែលបន្តផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោក។” បច្ចុប្បន្ន កម្ពុជាមានមូលដ្ឋានសិប្បកម្មពាក់ព័ន្ធនឹងផលិតផលទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ប្រមាណ ៤.៩៣៥ ទីតាំង ប៉ុន្តែភាគច្រើនជាសិប្បកម្មដែលដំណើរការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការគាំទ្រឱ្យសហគ្រាសទាំងនេះមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ នឹងជួយពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន បច្ចេកវិទ្យា សេវាគាំទ្រធុរកិច្ច ការការពារផ្លូវច្បាប់ និងទីផ្សារថ្មីៗ ព្រមទាំងពង្រឹងទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងបង្កើនភាពប្រកួតប្រជែង។ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យមានការផ្លាស់ប្តូរ ពីគំរូអាជីវកម្មបែបប្រពៃណីដែលសិប្បករម្នាក់ ឬសិប្បកម្មមួយធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង ទៅជាការបែងចែកជំនាញច្បាស់លាស់ ដោយអនុញ្ញាតឱ្យតួអង្គពាក់ព័ន្ធ ដូចជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើម វិចិត្រករ អ្នកជំនាញវេចខ្ចប់ ប្រតិបត្តិករទេសចរណ៍ អ្នកចែកចាយ វេទិកាឌីជីថល និងស្ថាប័នវិញ្ញាបនបត្រកម្ម ផ្តោតលើជំនាញរៀងៗខ្លួន ដើម្បីបង្កើតផលិតផលដែលមានតម្លៃបន្ថែមខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា៖ “ភាពប្រកួតប្រជែងរបស់យើងមិនកើតចេញពីការធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯងទេ ប៉ុន្តែកើតចេញពីការធ្វើអ្វីមួយឱ្យល្អបំផុត ហើយភ្ជាប់ជាមួយតួអង្គផ្សេងទៀត ដែលអនុវត្តជំនាញរបស់គេឱ្យល្អបំផុតដូចគ្នា។ នៅពេលដែលយើងអាចភ្ជាប់តួអង្គទាំងនេះបាន យើងនឹងបង្កើតខ្សែច្រវាក់តម្លៃដែលមានប្រសិទ្ធភាព និងអាចឈរជើងប្រកួតប្រជែងនៅលើទីផ្សារបានដោយទំនុកចិត្ត។”បច្ចេកវិទ្យាឌីជីថល នវានុវត្តន៍ និងកម្មសិទ្ធិបញ្ញា ក៏ត្រូវបានរំលេចថាជាកត្តាសំខាន់ក្នុងការបង្កើតតម្លៃបន្ថែម និងពង្រីកឱកាសទីផ្សារសម្រាប់ផលិតផលសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរផងដែរ។ រក្សាសិទ្ធិដោយ៖សុទ្ធលី















