ខេត្តឧត្តរមានជ័យ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ទី៣០ ខែកក្កដា ឆ្នាំ២០២៦ នាពន្ធនាគារខេត្តឧត្តរមានជ័យ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូ ដែលមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធនាគារ ចុះពិនិត្យមើលការអនុវត្តទោសរបស់ទណ្ឌិតជាក្មេងទំនើង ដែលបានផ្ទេរទៅអនុវត្តទោសបន្តនៅ ពន្ធនាគារខេត្តឧត្តរមានជ័យ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ផងដែរថា ទណ្ឌិតជាក្មេងទំនើងចំនួនជាង១០០នាក់ ត្រូវបានផ្ទេរទៅអនុវត្តទោសបន្តនៅពន្ធនាគារខេត្តឧត្តរមានជ័យ ក្រោមការសម្របសម្រួលរបស់ក្រសួងយុត្តិធម៌ ដើម្បីចូលរួមក្នុងការបណ្តុះបណ្តាលលើការងារកសិកម្ម និងការងារសំណង់ សម្រាប់ផលិតជាឧបករណ៍បេតុង ដែលជាតម្រូវការចាំបាច់សម្រាប់កម្លាំងជួរមុខក្នុងការការពារខឿនអធិបតេយ្យភាពជាតិ។
ជាលទ្ធផលនៃការអនុវត្តយន្តការនេះ ទណ្ឌិតជាក្មេងទំនើងទាំងអស់បានបង្ហាញនូវស្មារតីភ្ញាក់រលឹក ខិតខំប្រឹងប្រែងកសាងខ្លួន និងបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តការងារជំនាញដែលបានបណ្តុះបណ្តាល ប្រកបដោយការទទួលខុសត្រូវ និងលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់។
ការចុះពិនិត្យនាពេលនេះ ធ្វើឡើងក្នុងគោលបំណងវាយតម្លៃលើការអនុវត្តយន្តការនេះ រាយការណ៍ជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសុំគោលការណ៍ដឹកនាំបន្តលើទស្សនវិស័យនេះ៕ រក្សាសិទ្ធិដោយ៖សុទ្ធលី








