ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចបញ្ជូន ខ្លួន ជនសង្ស័យ ចិន០៤នាក់ ទៅតុលាការ ដើម្បី ចាត់ការ តាមច្បាប់ ជាប់ពក់ព័ន្ធករណីចាប់បង្ខាំង និង ជំរិតទារប្រាក់ ១លានដុល្លារអាមេរិក ពីបុរសចិនម្នាក់ ??

ភ្នំពេញ ៖ ជនជាតិចិនចំនួន ០៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និង កាលពីព្រឹកថ្ងៃ សុក្រ ទី ៣១ ខែ កក្កដា ឆ្នាំ ២០២៦នេះ បានបញ្ជូនខ្លួនទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់ របស់កម្ពុជា ពាក់ព័ន្ធនឹងការចាប់បង្ខាំង និងវាយដំបុរសជនជាតិចិនម្នាក់ ព្រមទាំងប្រើអាវុធខ្លីភ្ជង់គំរាមបាញ់សម្លាប់ និងជំរិតទារប្រាក់ចំនួន ១លានដុល្លារ ប៉ុន្តែមិនបានសម្រេច មុនពេលដឹកជនរងគ្រោះយកទៅទម្លាក់ចោលនៅកន្លែងស្ងាត់មួយ។

ហេតុការណ៍ នៃ ការចាប់ជំរិតនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៩៖៣០នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅផ្ទះលេខ៨ ផ្លូវបេតុង ក្នុងបុរីវ៉ារីណា ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាល បាននិយាយថាថា: សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់នេះ ជាបន្តបន្ទាប់ កាលពីថ្ងៃទី២៩ ខែកក្កដា នៅក្នុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ជនសង្ស័យទាំង ០៤នាក់ រួមមាន:

១. ឈ្មោះ YE SHENGJIANG ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន។

២. ឈ្មោះ QIAO GEZI ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិចិន។

៣. ឈ្មោះ ZHANG WEI ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន។ និង

៤. ឈ្មោះ LI MING ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិចិន។

ចំណែកឯ ជនរងគ្រោះឈ្មោះ LI MINGJIE ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិចិន និងជាបុគ្គលិកក្រុមហ៊ុនលក់រថយន្ត Hydra ក្នុងរាជធានីភ្នំពេញ។

តាមសមត្ថកិច្ចបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៦ ខែកក្កដា ២០២៦ ជនសង្ស័យម្នាក់បានទាក់ទងជនរងគ្រោះតាមបណ្តាញសង្គម TikTok ដោយសារអ្នកទាំងពីរធ្លាប់ស្គាល់គ្នាតាម TikTok តាំងពីឆ្នាំ២០២៤ និងធ្លាប់និយាយគ្នាពាក់ព័ន្ធនឹងការរកស៊ី។

ជនសង្ស័យបានស្នើសុំគណនី Telegram របស់ជនរងគ្រោះ ហើយបានប្រាប់ថា ខ្លួនចង់ទិញសំបុកត្រចៀកកាំ។

ដោយសារជនរងគ្រោះស្គាល់កន្លែងលក់ដុំសំបុកត្រចៀកកាំ អ្នកទាំងពីរបានណាត់ជួបគ្នានៅផ្ទះខាងលើ។

បន្ទាប់មក ជនរងគ្រោះបានបើករថយន្ត Toyota Prius ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៦ ដោយខ្លួនឯងទៅកាន់ទីតាំងដែលបានណាត់ជួប ដោយមិនដឹងថា មានបក្ខពួករបស់ជនសង្ស័យចំនួន ០៣នាក់ទៀតកំពុងរង់ចាំនៅទីនោះឡើយ។

ក្រោយពេលអង្គុយផឹកតែ និងនិយាយគ្នាមួយសន្ទុះ ជនសង្ស័យទាំងនោះត្រូវបានចោទប្រកាន់ថា បានព្រួតគ្នាចាប់ជនរងគ្រោះ ចងដៃទាំងពីររបស់គាត់នៅខាងក្រោយដោយខ្សែជ័រ និងវាយដំដោយដៃជើង បណ្តាលឱ្យរងរបួសជាំដៃជើងទាំងសងខាង និងជាំក្រហមនៅភ្នែកខាងស្តាំ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យម្នាក់បានយកអាវុធខ្លីមួយដើមមកភ្ជង់ជនរងគ្រោះ ចាក់បុកចំភ្លៅខាងស្តាំ និងភ្ជង់ចង្កេះ គំរាមបាញ់សម្លាប់ ព្រមទាំងជំរិតទារប្រាក់ចំនួន ១លានដុល្លារ។

នៅពេលជនរងគ្រោះអះអាងថា ខ្លួនមិនមានប្រាក់ ជនសង្ស័យមិនជឿ ហើយបានដណ្តើមយកទូរសព្ទដៃរបស់ជនរងគ្រោះ ដើម្បីពិនិត្យមើលគណនីធនាគារ។

ក្រោយពិនិត្យកាមេរ៉ាសុវត្ថិភាព សមត្ថកិច្ចបានរកឃើញរថយន្ត Lexus ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជា V.B.8898 ដែលត្រូវបានសង្ស័យថា ជារថយន្តដែលក្រុមជនសង្ស័យប្រើដឹកជនរងគ្រោះទៅទម្លាក់ចោល។

តាមរយៈការស្រាវជ្រាវបន្ត សមត្ថកិច្ចបានឈានទៅឃាត់ខ្លួនជនសង្ស័យទាំង ០៤នាក់ និងដកហូតវត្ថុតាងមួយចំនួន រួមមាន ខ្សែជ័រសម្រាប់ចងមួយថង់ កាំបិតចុងស្រួច ០២ដើម ផ្លាស្ទិកសម្រាប់បិទ ស្លាកលេខរថយន្តចំនួន ៨សន្លឹក អាវុធខ្លីមួយដើមម៉ាក Suraki បង់មួយ និងគ្រាប់ចំនួន ០៦គ្រាប់ ព្រមទាំងរថយន្ត Lexus ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជា V.B.8898 មួយគ្រឿង៕ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN