ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសជាប់ចោទ កូរ៉េម្នាក់ ដែលជាប់គុក៣០ ឆ្នាំ សុំឱ្យតុលាការ ឧទ្ធរណ៍ បន្ធូរបន្ថយទោស ជាប់ ពាក់ព័ន្ធនឹង ការដឹកជញ្ជូនគ្រឿងញៀនពីកម្ពុជាទៅកូរ៉េ ខាងត្បូង ជាង០២គីឡូក្រាម តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ !!

ភ្នំពេញ: សាលាឧទ្ធរណ៍ ភ្នំពេញ កាលពី រសៀលថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០២៦ បានជម្រះ បណ្តឹងឧទ្ធរណ៍ របស់ជនជាប់ចោទ កូរ៉េខាងត្បូងម្នាក់ ជាប់ពាក់ព័ន្ធនឹង ករណី ដឹកជញ្ជូនគ្រឿងញៀន ឆ្លងដែន ចំនួន ជាង ០២ គីឡូក្រាម ពីព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ ប្រទេសកូរ៉េខាងត្បូង ប្រព្រឹត្ត នៅក្នុង ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពី អំឡុង ឆ្នាំ ២០២៤។

ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ លោក ស៊ីន វិសាល បានថ្លែងឱ្យដឹងថា: នៅក្នុងសំណុំរឿងក្តីឧក្រិដ្ឋនេះ មានជនជាប់ចោទ ជាជនជាតិកូរ៉េខាងត្បូង ចំនួន ០២ នាក់ ដែលជា ប្តីប្រពន្ធនឹងគ្នា។

ជនជាប់ចោទទាំង០២ នាក់ នេះ មានឈ្មោះ Kim Jang Eun ភេទប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិកូរ៉េ (ត្រូវជាប្ដី) និង ឈ្មោះ Lee Hyeran ភេទស្រី អាយុ ៤០ ឆ្នាំ ជនជាតិកូរ៉េ (ត្រូវជាប្រពន្ធ)។

ពួកគេទាំង០២នាក់ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤ កាត់ទោស ដាក់គុក ក្នុងម្នាក់ៗ កំណត់ ៣០ ឆ្នាំ និង ពិន័យជាប្រាក់ ក្នុង ម្នាក់ៗ ចំនួន ៨០ លានរៀល ដាក់ជា ថវិកាជាតិ។

ពួកគេ ត្រូវបាន តំណាងអយ្យការ ចោទប្រកាន់ពីបទ: រក្សាទុក, ជួញដូរ និង ដឹកជញ្ជូន ដោយខុសច្បាប់ នូវ សារធាតុញៀន តាមបញ្ញត្តិមាត្រា ៤០ នៃ ច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងញៀន។

ពួកគេ ត្រូវបាន សមត្ថកិច្ចគយ និង រដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ចាប់ ឃាត់ខ្លួន កាលពីថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០២៥ នៅក្នុងចំណុច ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ ខណៈពួកគេ បានប៉ុនប៉ង ដើម្បីធ្វើដំណើរ តាមជើងហោះហើរ ពីកម្ពុជា ឆ្ពោះទៅ កាន់ ប្រទេសកូរ៉េខាងត្បូង។

ក្រោយការឃាត់ខ្លួន, សមត្ថកិច្ចជំនាញ ដកហូតបាន សារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ១២៩០.៧៩ក្រាម ពី បុរសជាប្តី និង សារធាតុញៀនប្រភេទ កេតាមីន(Ketamine) ទម្ងន់ ៩៨៧.៤២ក្រាម ពី ស្ត្រីជា ប្រពន្ធ។

សរុបគ្រឿងញៀន ដែលរឹបអូសបានមានទម្ងន់:២២៧៩.២១ក្រាម (០២គីឡូក្រាម និង ២៧៩,២១ក្រាម)។

ជនជាប់ចោទទាំង០២ នាក់ប្តីប្រពន្ធ បានប្តឹងឧទ្ធរណ៍ ដោយសារតែ ទណ្ឌកម្ម ដែលតុលាការថ្នាក់ក្រោម បានសម្រេច ចំពោះ ពួកគេ គឺ ធ្ងន់ធ្ងរពេក និង ស្នើសុំឱ្យ តុលាការឧទ្ធរណ៍ បន្ធូរបន្ថយទោសខ្លះ ដល់ពួកគេ។

តែសែនអន្និចារ្យ ! ក្រោយមក ស្រ្តីជាប់ចោទ ជា ប្រពន្ធ ក៏ បានដេកស្លាប់ នៅក្នុងពន្ធនាគារដោយសារតែជម្ងឺធ្ងន់ធ្ងរ។

នាពេលសវនាការ, បុរសជាប់ចោទ ឈ្មោះ Kim Jang Eun បានទទួលសារភាព អំពើកំហុស ដែលខ្លួនបាន ប្រព្រឹត្ត ក្នុងការដឹកជញ្ជូនគ្រឿងខាងលើ ហើយនិយាយថា: ពួកខ្លួន គឺ ស៊ីឈ្នួល ដឹកជញ្ជូន គ្រឿងញៀន អោយ បុរសបរទេស មិនស្គាល់ឈ្មោះ ម្នាក់ ដើម្បី ទូរទាត់ ប្រាក់ចំណូល ដែលពួកគេ បានជំពាក់។

ឈ្មោះ Kim Jang Eun បាននិយាយថា: ឥឡូវនេះ ប្រពន្ធរបស់គាត់ បានស្លាប់ចោលគាត់ នៅក្នុងពន្ធនាគារ ទៅហើយ។ តែគាត់ នៅមាន ឪពុកម្តាយ ចំនួន០២ នាក់ទៀត ដែលមានវ័យចំណាស់ ហើយ ដែល ត្រូវការគាត់ ដើម្បីមើលថែរក្សា និង ចិញ្ចឹម ថែទាំ។

គាត់សុំអោយ តុលាការឧទ្ធរណ៍ មេត្តា អាណិតអាសូរ ដល់ រូបគាត់ និង បន្ធូរបន្ថយទោស ដល់គាត់ នៅក្រោម ២០ ឆ្នាំ ឬ នៅ ត្រឹម ២០ ឆ្នាំ ដើម្បីឱ្យគាត់ បានឆាប់ វិល ត្រឡប់ ទៅជួបមុខ ឪពុកម្តាយរបស់គាត់ មុនពេលដែលពួកគេ អនិច្ចកម្ម។

សាលាឧទ្ធរណ៍ នឹងប្រកាសសាលដីកា លើសំណុំរឿងឧក្រិដ្ឋនេះ នៅ ពាក់កណ្ដាល ខែ សីហា ឆ្នាំ ២០២៦ នេះ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN