ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បញ្ជាក់លម្អិតបង្ក្រាបករណីមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងប្រើអំពើហិង្សាក្នុងគ្រួសារបណ្តាលឲ្យស្លាប់ ០៦នាក់ របួសធ្ងន់ ០១នាក់

ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សូមគោរពជម្រាបជូន អ្នកនិយមតាមដានព័ត៌មាននៅលើ បណ្តាញទំនាក់ទំនងសង្គម និងសាធារណៈជនមេត្តាជ្រាបជាព័ត៌មានបឋមក្នុងករណីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូរសោម ដឹកនាំកម្លាំងចុះបង្ក្រាបករណីមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងប្រើអំពើហិង្សាក្នុងគ្រួសារបណ្តាលឲ្យស្លាប់ ០៦នាក់ របួសធ្ងន់ ០១នាក់។

នៅថ្ងៃទី០៥ ខែ សីហា ឆ្នាំ ២០២៦ វេលាម៉ោងប្រហែល១៧:០០នាទី នៅចំណុចអូរបាយក្រៀម ស្ថិតក្នុងភូមិ ឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីប្រើប្រាស់គ្រឿងញៀន និងប្រើអំពើហិង្សាក្នុងគ្រួសារ ដោយប្រពន្ធជនសង្ស័យបានទៅប្តឹងលោកមេប៉ុស្តិ៍អូរសោម អំពីប្តីរបស់ខ្លួនឈ្មោះ អែម ដុំ បានប្រើអំពើហិង្សាវាយដំមក លើខ្លួន ក្រោយពីបានទទួលពាក្យបណ្ដឹងពីប្រពន្ធជនសង្ស័យភ្លាម លោកអនុសេនីយ៍ឯក សោម រ៉ា នាយប៉ុស្តិ៍ បានដឹកនាំ កម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងប្រជាការពារសរុបចំនួន ០៧នាក់ បានចេញទៅអន្តរាគម៍ភ្លាមៗ ពេលចូលទៅបង្ក្រាបនាំ ខ្លួនជនសង្ស័យ ជនសង្ស័យបានគំរាមកំហែងដល់កម្លាំងសមត្ថកិច្ចកុំឲ្យចូល ពេលនោះមេប៉ុស្តិ៍ និងប្រជាការពារស្ទុះចូល ទៅឱបជនសង្ស័យ ជនសង្ស័យមានគ្រាប់បែកនៅហ្នឹងដៃក៏ប្រលែងគ្រាប់បែកផ្ទុះស្លាប់ ក្នុងប្រតិបត្តិការបង្ក្រាបករណី ប្រើប្រាស់គ្រឿងញៀន និងប្រើអំពើហិង្សាក្នុងគ្រួសារ ក្នុងហេតុការណ៍នេះ បណ្តាលឲ្យពលីមន្ត្រីនគរបាលជាតិ និងប្រជា ការពារ សរុបចំនួន៥នាក់ ស្លាប់ជនបង្ក១នាក់ និងរបួសប្រជាការពារ១នាក់ នៅឃុំអូរសោម ស្រុកវាលវែង ខេត្ត ពោធិ៍សាត់មានដូចខាងក្រោម៖

១- លោកអនុសេនីយ៍ឯក សាម រ៉ា នាយប៉ុស្តិ៍ (ស្លាប់)

២-លោកអនុសេនីយ៍ត្រី សូ សុវណ្ណារិទ្ធ មន្ត្រីប៉ុស្តិ៍ (ស្លាប់)

៣-លោក ជ្រន ប្រឹម ប្រជាការពារ (ស្លាប់)

៤-លោក សុខ អាន ប្រជាការពារ (ស្លាប់)

៥-លោក ចិន្តា ប្រជាការពារ (ស្លាប់)

៦- ជនបង្កឈ្មោះ អែម ដុំ (ស្លាប់)

៧-លោក វ៉ី វឿន ប្រជាការពារ (របួសធ្ងន់)

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ រដ្ឋបាលខេត្ត រួមទាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងដំណើរការរៀបចំពិធីបុណ្យសពមន្ត្រីនគរបាលជាតិនិងកម្លាំងប្រជាការពារ។ ជាមួយគ្នានេះ ត្រូវបន្តខិតខំស្រាវជ្រាវទាំងមុខសញ្ញាចែកចាយគ្រឿងញៀនក្នុងមូលដ្ឋាននោះ និងប្រភពគ្រាប់បែកដែលជនបង្កបានប្រើប្រាស់។

ក្នុងនាមក្រសួងមហាផ្ទៃ និងក្នុងនាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងក្រុមគ្រួសារ សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំនេះជាមួយក្រុមគ្រួសារសព។ ពលិកម្មមន្ត្រីនគរបាលជាតិ និងប្រជាការពារយើង រួមទាំងសោកនាដកម្មក្នុងករណីនេះទាំងមូល បានដាស់តឿនយើងថា គ្រឿងញៀនគឺជាឃាតករ និងជាសត្រូវដ៏អាក្រក់របស់យើងទាំងអស់គ្នា៕រក្សាសិទ្ធិដោយ៖សុទ្ធលី