ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានទៅត្រួតពិនិត្យ និងប្រគល់ភារកិច្ចចាំបាច់មួយចំនួន ជូនដល់កងកម្លាំងចម្រុះ ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រតំបន់ ៤៤ ព្រៃអង់តែន ស្ថិតនៅក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នួន ផារត្ន័ អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបឲ្យបានបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំនិយាយជារួម និងនិយាយដោយឡែក នៅក្នុងតំបន់ ៤៤ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវការពារឲ្យបាន មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធជាថ្មីទៀតបានជាដាច់ខាត។ ជាមួយនោះដែរ ត្រូវយកចិត្តទុកដាក់បង្ក្រាបឲ្យបាន ការកាប់និងដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ ដើម្បីចាប់ឃាត់ខ្លួនជនសង្ស័យដែលកំពុងប្រព្រឹត្តិបទល្មើសជាក់ស្ដែង រួមជាមួយវត្ថុតាង ប្រគល់ជូនសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កងកម្លាំងចម្រុះទាំងអស់ ត្រូវសាមគ្គីសហការគ្នាជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ឲ្យបានល្អ ដើម្បីបំពេញភារកិច្ចក្នុងការការពារ ទប់ស្កាត់ បង្ក្រាបឲ្យបានបទល្មើសធនធានធម្មជាតិ ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ និងកូនចៅយើងនៅជំនាន់ក្រោយៗទៀត។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កងកម្លាំងចម្រុះទាំងអស់ ដាច់ខាតមិនត្រូវគប់គិតជាមួយជនប្រព្រឹត្តបទល្មើស ជាថ្នូរក្នុងការទទួលផលប្រយោជន៍ជាដាច់ខាត ។ ក្នុងករណីមានកងកម្លាំងចម្រុះណាម្នាក់ ឬបុគ្គលណាមួយប្រព្រឹត្តបទល្មើសខុសច្បាប់ ឬក៏គប់គិតជាមួយជនប្រព្រឹត្តបទល្មើស ត្រូវទទួលវិន័យទណ្ឌកម្មរបស់កងយោធពលខេមរភូមិន្ទ និងទទួលទោសតាមច្បាប់របស់រដ្ឋដោយគ្មានការលើកលែងឡើយ៕ រក្សាសិទ្ធិដោយ៖សុទ្ធលី











