ខេត្តសៀមរាប៖ នារសៀលថ្ងៃដដែល បន្ទាប់ពីបញ្ចប់កិច្ចប្រជុំក្នុងក្របខ័ណ្ឌអាស៊ាន (ACCSM លើកទី២៣) រួចមក ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបន្តដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីមុខងារសាធារណៈអាស៊ានបូកបី លើកទី៨ (ACCSM+3) ជាបន្តទៀត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីអគ្គលេខាធិការអាស៊ាន រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់អាស៊ាន ព្រមទាំងតំណាងប្រទេសដៃគូទាំងបី រួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូង។
នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសរុបចំនួន ១០ចំណុច។ ក្នុងចំណោមនោះ ចំណុចសំខាន់ៗដែលត្រូវបានលើកយកមកសម្រេចរួមមាន ការអនុម័តលើ «ផែនការការងារ ACCSM+3 សម្រាប់ឆ្នាំ២០២៦-២០៣០» ដែលជាត្រីវិស័យរួមសម្រាប់៥ឆ្នាំទៅមុខ។ ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុលជុំវិញប្រធានបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» ព្រមទាំងបានពិនិត្យ និងអនុម័តរបាយការណ៍នៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ACCSM+3 រួមជាមួយនឹងការត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំលើកទី៩ នាពេលខាងមុខផងដែរ។
ក្នុងនាមជាប្រធានអង្គប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ដែលតែងតែឈរគៀងស្មា និងគាំទ្រអាស៊ានអស់រយៈពេលជាង ១៥ឆ្នាំកន្លងមកនេះ។
ឯកឧត្តមបានគូសបញ្ជាក់ថា ភាពជាដៃគូដ៏រឹងមាំនេះ បានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់វិស័យមុខងារសាធារណៈអាស៊ាន ឱ្យកាន់តែមានជំនាញ វិជ្ជាជីវៈ និងភាពទំនើប សំដៅធានាបាននូវការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងអាចជឿទុកចិត្តបាន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវជំនឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអាស៊ាន និងប្រទេសបូកបី រាល់ផែនការ និងគោលដៅដែលបានឯកភាពគ្នា នឹងត្រូវបានប្រែក្លាយឱ្យចេញជាសកម្មភាព និងសមិទ្ធផលជាក់ស្តែង សម្រាប់ជាប្រយោជន៍ដល់ប្រជាជនក្នុងតំបន់ទាំងមូល៕រក្សាសិទ្ធិដោយ៖សុទ្ធលី





















