ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានារសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតជូនគណៈប្រតិភូធុរកិច្ច ដឹកនាំដោយ លោកបណ្ឌិត Jonathan K S Choi ប្រធានក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មចិនហុងកុង (CGCC) ប្រធានសម្ព័ន្ធធុរកិច្ចតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ (GBA Alliance) និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Sunwah Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយផ្តោតជាសំខាន់លើការស្វែងយល់អំពីកាលានុវត្តភាពវិនិយោគ ព្រមទាំងការពង្រីកកិច្ចសហប្រតិបត្តិការធុរកិច្ចពហុវិស័យនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនៃជំនួបពិភាក្សាប្រកបដោយបរិយាកាសស្និទ្ធស្នាលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកបណ្ឌិត Jonathan K S Choi ព្រមទាំងគណៈប្រតិភូធុរកិច្ច ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកស្វែងយល់ពីតថភាពជាក់ស្តែងនៃបរិយាកាសវិនិយោគ និងសេដ្ឋកិច្ចនៅកម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងយ៉ាងលម្អិតអំពីកត្តាសក្តានុពល និងកំណែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន៖
១. កម្លាំងពលកម្មវ័យក្មេង៖ ប្រជាជនកម្ពុជាភាគច្រើនមានអាយុតិចជាង៣០ឆ្នាំ ប្រកបដោយថាមវន្ត ភាពច្នៃប្រឌិត និងមានឆន្ទៈខ្ពស់ក្នុងការអភិវឌ្ឍសមត្ថភាពដើរឱ្យទាន់បច្ចេកវិទ្យាទំនើបៗ។
២. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យុទ្ធសាស្ត្រ៖ រាជរដ្ឋាភិបាលបាននិងកំពុងជំរុញយ៉ាងសកម្មនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ រួមមាន ការពង្រីកវិសាលភាព និងសមត្ថភាពកំពង់ផែសមុទ្រទឹកជ្រៅ, ការកសាងបណ្តាញផ្លូវល្បឿនលឿន និងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដែលនឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ក្នុងការកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងពង្រឹងប្រសិទ្ធភាពភស្តុភារកម្មកម្ពុជាលើឆាកអន្តរជាតិ។
៣. កំណែទម្រង់ និងការធ្វើទំនើបកម្មស្ថាប័ន៖ ក.អ.ក. កំពុងធ្វើកំណែទម្រង់រចនាសម្ព័ន្ធផ្ទៃក្នុង ដើម្បីបង្កើនភាពងាយស្រួលដល់វិនិយោគិន និងលើកកម្ពស់បរិយាកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ក.អ.ក. បានប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវិនិយោគកម្ពុជា (cdcIPM) ដែលជាជំហានដ៏សំខាន់ក្នុងការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤ មក និងកំពុងបន្តការតភ្ជាប់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ។
៤. ការធានាសន្តិសុខ និងបរិយាកាសវិនិយោគ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើឆន្ទៈ និងវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កើនទំនុកចិត្តយ៉ាងរឹងមាំជូនដល់វិនិយោគិនបរទេស។
ជាការឆ្លើយតប លោកបណ្ឌិត Jonathan K S Choi បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងបានរំលឹកឡើងវិញនូវចំណងមិត្តភាពដ៏ជិតស្និទ្ធ រវាងក្រុមហ៊ុន Sunwah Group និងប្រទេសកម្ពុជា ក៏ដូចជារវាងរូបលោកផ្ទាល់ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី។ លោកបណ្ឌិត បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះ គឺលោកបានដឹកនាំនូវក្រុមធុរជន និងដៃគូវិនិយោគសក្តានុពលជាច្រើនមកពីហុងកុង និងតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ ដើម្បីមកសង្កេតមើលដោយផ្ទាល់នូវការផ្លាស់ប្តូរមុខមាត់ថ្មីរបស់កម្ពុជា ដែលជាប្រទេសមានសុវត្ថិភាព មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស និងពោរពេញដោយឱកាសធុរកិច្ចដ៏សម្បូរបែប។
លើសពីនេះ លោកបណ្ឌិត បានសម្តែងនូវបំណងយ៉ាងមុតមាំក្នុងការនាំយកនូវ គម្រោងវិនិយោគសក្តានុពល មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតលើវិស័យអាទិភាព និងបច្ចេកវិទ្យាទំនើបៗ រួមមាន៖
១. បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងវិស័យឌីជីថល៖ ការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាជឿនលឿនក្នុងស្រុក។
២. ថាមពលបៃតង៖ ការវិនិយោគលើប្រភពថាមពលកកើតឡើងវិញ ដើម្បីគាំទ្រចីរភាពបរិស្ថាន។
៣. ឧស្សាហកម្មថាមពល៖ ការសិក្សាស្រាវជ្រាវលើយុទ្ធសាស្ត្រផ្គត់ផ្គង់ និងលទ្ធភាពក្នុងការអភិវឌ្ឍឧស្សាហកម្មនៅក្នុងវិស័យនេះ។
៤. បច្ចេកវិទ្យា និងឧស្សាហកម្មកែច្នៃ៖ ការពង្រឹងខ្សែច្រវាក់ផលិតកម្ម និងការកែច្នៃបែបទំនើប។
៥. វិស័យអប់រំ និងការបណ្តុះបណ្តាល៖ ការអភិវឌ្ឍធនធានមនុស្សដើម្បីឆ្លើយតបនឹងទីផ្សារពលកម្មជំនាញ។
៦. វិស័យថែទាំសុខភាព និងសុខាភិបាល៖ ការចូលរួមលើកកម្ពស់គុណភាពសេវាសុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រនានា។
ជំនួបនេះក៏បានផ្តល់ជាវេទិកាជូនដល់ គណៈប្រតិភូធុរជនបានឡើងគោរពជម្រាបដោយសង្ខេបអំពីប្រភេទ និងដំណើរប្រតិបត្តិការអាជីកម្មរៀងៗខ្លួន ក៏ដូចជាបានបញ្ចេញនូវមតិយោបល់ ការយល់ឃើញពីកម្ពុជា និងទិសដៅក្នុងការជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគបន្ទាប់។ កិច្ចពិភាក្សានេះ ត្រូវបានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល យោគយល់គ្នា និងស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរវាងភាគីទាំងពីរ ក្នុងការប្រែក្លាយកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនេះឱ្យទៅជាផ្លែផ្កាជាក់ស្តែង តាមរយៈការជំរុញការវិនិយោគលើវិស័យអាទិភាពធំៗ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ នឹងមិនត្រឹមតែរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើនទំហំទុនវិនិយោគផ្ទាល់ពីបរទេស (FDI) និងការផ្ទេរបច្ចេកវិទ្យាទំនើបៗមកកាន់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករដ៏មានឥទ្ធិពលក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតឱកាសការងារជំនាញ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិប្រកបដោយបរិយាបន្ន និងចីរភាពវែងឆ្ងាយ៕ រក្សាសិទ្ធិដោយ៖សុទ្ធលី












