ខេត្តត្បូងឃ្មុំ: មានក្រុមហ៊ុនជាច្រើនមកពីតាមបណ្ដាខេត្តមួយចំនួនបាននាំគ្នាមកចូលរួមដេញថ្លៃផ្លូវដីក្រាលគ្រួសក្រហមមួយខ្សែប្រវែង៣០០០ម៉ែត្រ ព្រមទាំងមានលូ៣កន្លែង ត្រូវបានដាក់ដំណើរការដេញថ្លៃជាសាធារណៈដោយធ្វើឡើងនៅសាលាឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារនាព្រឹកថ្ងៃទី៧សីហា ឆ្នាំ២០២៦។ជាមួយនោះមានកម្លាំងសមត្ថកិច្ចពង្រឹងសណ្ដាប់ធ្នាប់ ដើម្បីបំបាត់នូវភាពរញ៉េរញ៉ៃណាមួយផងដែរ។
លោកឈន សុីវឡេង មេឃុំកំពង់ទ្រាសមានប្រសាសន៍ឲ្យដឹងថា: ដោយមានការស្នើសុំពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅភូមិទី១គឺសុំផ្លូវក្រាលគ្រួសក្រហមមួយខ្សែប្រវែង៣០០០ម៉ែត្រ ដើម្បីងាយស្រួលដឹកកសិផល។ក្រោមការយកចិត្តទុកដាក់ទីបំផុតផ្លូវមួយខ្សែនេះត្រូវបានផ្ដល់ជូនតាមសំណើរតម្លៃដាក់ឲ្យដេញថ្លៃជាង២៨៩លានរៀល ក្នុងនោះមានក្រុមហ៊ុនចំនួន១១ បានចូលរួមប្រកួតប្រជែងដេញថ្លៃ ហើយលទ្ធផលបានលើក្រុមហ៊ុនហង្ស គួយហេង
តម្លៃជាង១២៣លានរៀល ដែលបានដេញទាបជាងគេ លក្ខខណ្ឌអ្នកណាដេញទាបជាងគេគឺបានអ្នកនោះ។
លោកមេឃុំកំពង់ទ្រាសមានប្រសាសន៍បន្តឲ្យដឹងទៀតថា ទោះបីក្រុមហ៊ុនដែលបានដេញថ្លៃបាននេះគឺមានការចុះរហូតដល់ជាង៦០% យ៉ាងណាក៏ដោយ
អាជ្ញាធរសុំតែការស្ថាបនាផ្លូវប្រកបដោយគុណភាពតាមស្តង់ដារបច្ចេកទេស។សម្រាប់ថវិកាដែលនៅសល់គឺយកមកដេញថ្លៃផ្លូវបេតុងមួយខ្សែទៀតដែលស្ថិតនៅភូមិទី៥ ហើយនៅក្នុងឆ្នាំ២០២៧ គឺថវិកាដែលរាជរដ្ឋាភិបាលទម្លាក់ឲ្យនិងស្ថាបនាផ្លូវបេតុងបន្ថែមទៀត។ចំពោះក្រុមហ៊ុនគួយហេង ដែលបានដេញថ្លៃផ្លូវមួយខ្សែនេះ ដីគ្រួសក្រហមត្រូវយកពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មកចាក់បំពេញ គួររំលឹកថាក្រុមហ៊ុនមួយនេះធ្លាប់បានដេញផ្លូវក្នុងឃុំកំពង់ទ្រាស ហើយទឹកដៃគឺមានគុណភាពល្អគ្រាន់បើអាចទទួលយកបាន នាពេលកន្លងទៅ។
តាមរយៈការអភិវឌ្ឍន៍ប្រែក្លាយផ្លូវដីទៅជាផ្លូវបេតុងទាំងប្រាំមួយភូមិ
ដែលរហូតមកដល់ពេលនេះគឺមានគ្រប់ភូមិដែលមានប្រវែងសរុបប្រមាណ២០ គីឡូម៉ែត្រ។ ក្នុងរយៈពេល១០ឆ្នាំដែលរូបលោកកាន់តំណែងក្រុមប្រឹក្សាឃុំកំពង់ទ្រាស មិនដែលឃើញមានក្រុមហ៊ុនណាមួយដេញថ្លៃផ្លូវបានហើយរត់ចោលនោះឡើយ។
មួយរយៈចុងក្រោយនេះគេសង្កេតឃើញទិដ្ឋភាពការដេញថ្លៃច្រើនតែផ្ទុះដោយសារតែម្នាក់ៗដណ្ដើមចង់បាន។ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី



















