ខេត្តកំពង់ចាម៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីថ្ងៃ
ទី ១០ ខែសីហា ឆ្នាំ២០២៦ នេះ បានឃាត់យុវជនម្នាក់ ឈ្មោះ សឿន វិសា បន្ទាប់ពី យុវជនរូបនេះ បានចូលទៅក្នុង មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដោយគ្មានឈ្មោះក្នុងបញ្ជីបេក្ខជន នៅមណ្ឌលប្រឡងវិទ្យាល័យហ៊ុនសែន សំបួរមាស ខេត្តកំពង់ចាម។
មន្ត្រីគណៈកម្មការប្រឡង បាននិយាយថា: បន្ទាប់ពីការឃាត់ខ្លួន និង ការសាកសួរ ត្រួតពិនិត្យ យុវជនរូបនោះ, គណៈកម្មការប្រឡង និង មន្ត្រីអង្គការប្រឆាំងអំពើពុករលួយ បានរកឃើញថា: យុវជនរូបនេះ បានប្រឡងធ្លាក់ថ្នាក់ទី១១ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ តែ សិស្សរូបនេះ បានកុហកឪពុកម្តាយថា ខ្លួនមានឈ្មោះប្រឡង នៅក្នុងឆ្នាំនេះ ដើម្បីជៀសវាងការស្តីបន្ទោសពីពួកគាត់ ដែលមិនបានដឹងថា ខ្លួនបានធ្លាក់ថ្នាក់ទី១១ តាំងពីមុនមកម្ល៉េះ។
ក្រោយពីពិនិត្យផ្ទៀងផ្ទាត់រួច គឺមិនមានឈ្មោះសិស្សនេះ ក្នុងបញ្ជីបេក្ខជនប្រឡងទេ ហើយគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្ត និង ក្រុមការងារ អង្គភាពACU ប្រចាំខេត្ត និងភាគីពាក់ព័ន្ធបាន ក៏ អញ្ជើញឪពុករបស់សិស្សរូបនេះ មកធ្វើការធានាអះអាង និងទទួលស្គាល់កូន ព្រមទាំងទទួលស្គាល់ថា កូនរបស់ខ្លួនពិតជាប្រឡងធ្លាក់តាំងពីថ្នាក់ទី១១ មកម្លេះ ហើយពិតជាមិនមានឈ្មោះ ក្នុងបញ្ជីឈ្មោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ និងមិនបានមកប្រឡងជំនួសអ្នកណានោះឡើយ។
មន្រ្តីគណៈកម្មការប្រយោគ បានធ្វើកំណត់ហេតុ និង ណែនាំសិស្ស សឿន វិសានេះ មិនអោយប្រព្រឹត្តកំហុសបែបនេះបន្តទៀត ព្រមទាំងសន្យាកែខ្លួន នៅចំពោះមុខគណៈកម្មាការទាំងអស់ និង ចំពោះមុខឪពុករបស់ខ្លួនផងដែរ មុននឹង អនុញ្ញាតឱ្យ ឪពុកម្តាយរបស់ គាត់ នាំខ្លួន ត្រឡប់ទៅផ្ទះវិញ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN





