ភ្នំពេញ: ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យ នៃ ក្រសួងយុត្តិធម៌ កាលពី ល្ងាចថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២៦នេះ បានធ្វើការស្រាយបំភ្លឺ
និង ឆ្លើយតបភ្លាមៗ ទៅនឹងការលើកឡើង របស់លោករ៉ុង ឈុន ទីប្រឹក្សាជាន់ខ្ពស់ នៃ គណបក្សកម្លាំងជាតិ ដែលបានថ្លែង នៅក្នុងសន្និសីទកាសែត មួយថា: លិខិតឆ្លើយតបរបស់ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ គឺគ្រាន់តែជាការឆ្លើយបង្វៀង និង មិនចំ ត្រូវ ចំណុច ដែលលោកមាន បានលើកឡើង និង ស្នើសុំនោះទេ ??
ទាក់ទងនឹង ការលើកឡើងរបស់ លោករ៉ុង ឈុននេះ ឯកឧត្តម ឯម ច័ន្ទមករា បានឆ្លើយតបថា: ” ខ្ញុំសូមបញ្ជាក់ជូនថា: យុត្តិធម៌បានឆ្លើយតបទៅនឹងសំណើសុំអន្តរាគមន៍របស់លោក រ៉ុង ឈុន យ៉ាងច្បាស់លាស់ ដោយផ្អែកតាមច្បាប់ និង នីតិវិធីច្បាប់ជាធរមានរួចរាល់ហើយ តាមរយៈលិខិតរបស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធមិ ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ម្សិលមិញនេះ”។
ឯកឧត្តម ច័ន្ទមករា បានបញ្ជាក់ថា: ខ្លឹមសារនៃលិខិតនោះ គឺឆ្លើយតបយ៉ាងពេញលេញទៅនឹងចំណុចសំខាន់ៗទាំងពីរដែលលោក រ៉ុង ឈុន បានស្នើមក៖
១. ពាក់ព័ន្ធនឹងការសើរើសាលដីកា៖ យើងបានបញ្ជាក់ជូនរួចហើយថា ក្រសួងយុត្តិធម៌មិនអាចដកហូត ឬកែប្រែសាលដីកាស្ថាពររបស់តុលាការបានឡើយ។ ក្រសួងយុត្តិធម៌រកមិនឃើញភាពមិនប្រក្រតីណាមួយដែលកើតឡើងក្នុងសាលដីកាលោក រ៉ុង ឈុនឡើយ ប៉ុន្តែផ្លូវច្បាប់នៅតែបើកចំហ គឺប្រសិនបើលោកមានអង្គហេតុ ឬភស្តុតាងថ្មី លោកអាចដាក់ពាក្យស្នើសុំសើរើទៅកាន់តុលាការកំពូលបានដោយផ្ទាល់ តាមនីតិវិធីដែលមានកំណត់ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ។
២. ពាក់ព័ន្ធនឹងការទម្លាក់ចោលវិធានការកម្រិតសិទ្ធិ៖ យើងក៏បានបញ្ជាក់រួចហើយថា គ្មានបទប្បញ្ញត្តិច្បាប់ណាមួយផ្តល់អំណាចឱ្យក្រសួងយុត្តិធម៌អាចកែប្រែ ឬទម្លាក់ចោលទោសដែលតុលាការបានសម្រេចជាស្ថាពរនោះទេ។
ឯកឧត្តម ច័ន្ទមករា បានបន្តថា:
ដូច្នេះ ការដែលលោក រ៉ុង ឈុន លើកឡើងថា “មិនចំចំណុច” នោះ គឺជាការយល់ឃើញរបស់គាត់ផ្ទាល់តែប៉ុណ្ណោះ។
ឯកឧត្តម ច័ន្ទមករា បានបញ្ជាក់ថា:” សម្រាប់ក្រសួងយុត្តិធម៌ យើងខ្ញុំបានបំពេញការងារដោយឈរលើគោលការណ៍នៃនីតិរដ្ឋ និងគោរពដាច់ខាតទៅលើឯករាជ្យភាពនៃស្ថាប័នតុលាការ។ ក្រសួងយុត្តិធម៌មិនមានអ្វីត្រូវបន្ថែមក្រៅពីខ្លឹមសារផ្លូវការដែលមានចែងក្នុងលិខិតនោះឡើយ “។
ឯកឧត្តម ច័ន្ទមករា បានបន្ថែមថា: “ជាចុងក្រោយ តើលោក រ៉ុង ឈុន មើលលិខិតមិនយល់ ឬយល់ដែរ តែធ្វើមើលមិនយល់?”។
កាលពីព្រឹកថ្ងៃទី ១១ ខែ សីហា លោករ៉ុង ឈុន ទីប្រឹក្សាជាន់ខ្ពស់ នៃ គណបក្សកម្លាំងជាតិ
បានធ្វើសន្និសីទកាសែតមួយ នៅទីស្នាក់ការ នៃ សមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា ដែលមានទីតាំង ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដើម្បីឆ្លើយតបទៅនឹង លិខិតរបស់ លោកឧបនាយករដ្ឋមន្រ្តី និង ជា រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ដែលបានឆ្លើយ តបទៅនឹង លិខិតស្នើសុំអន្តរាគមន៍ របស់លោក ដែលបានដាក់ជូន លោករដ្ឋមន្ត្រី កាលពីថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២៦។
លោកក្នុងសន្និសីទកាសែតនោះ លោករ៉ុង ឈុន បានថ្លែងថា: លិខិតឆ្លើយតបរបស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គឺ មិនបានលើក នូវ ចំណុច ដែលបានលើកឡើង និង បានស្នើសុំ ទៅកាន់លោករដ្ឋមន្ត្រី កើត រិទ្ធនោះទេ។ តែបែជាលើកឡើង នូវ មាត្រា ៣១, មាត្រា ៣៨ និង មាត្រា ៤៩ នៃ រដ្ឋធម្មនុញ្ញ យកមក ចង្អុលបង្ហាញ លោកទៅវិញ។
លោកថា: អ្វីដែលមិនស្របនឹង រដ្ឋធម្មនុញ្ញ គឺ នៅត្រង់ មាត្រា ៣៤ថ្មី និង មាត្រា ៣៥ ដែលនិយាយ អំពីសិទ្ធិពលរដ្ឋ និង សិទ្ធិធ្វើនយោបាយ។
លោករ៉ុងឈុន បានអះអាងថា: សេចក្តីសម្រេច ឬ សាលដីកា របស់តុលាការកំពូល ដែលបាន សម្រេចដកហូតសិទ្ធិ សេរីភាពលើរូបលោក គឺ ផ្ទុយនឹង រដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រកម្ពុជា និង រំលោភបំពានលើ កតិកាសញ្ញាអន្តរជាតិ ផងដែរ។
លោករ៉ុង ឈុន បានបន្ថែមថា: ការឆ្លើយតបរបស់ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចំពោះ លិខិតស្នើសុំរបស់លោក គឺ ជាការឆ្លើយបង្វៀង និង មិនចំ ចំណុច ដែលលោកបានលើកឡើង និង ស្នើសុំនោះទេ។
គួររំលឹកថា: កាលពីថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២៦ លោករ៉ុង ឈុន បានដាក់លិខិតមួយច្បាប់ ទៅកាន់ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង បានស្នើសុំ អន្តរាគមន៍ ពាក់ព័ន្ធនឹង សាលដីកាលេខ: ៥០៧ XII ចុះថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២៦ របស់តុលាការកំពូល។
ជាការឆ្លើយតប, កាលពីថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២២៦ លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រី កើត រិទ្ធ បានផ្ញើរ ចម្លើយរបស់ ក្រសួងយុត្តិធម៌ ទៅកាន់លោក រ៉ុង ឈុន ដែលមានខ្លឹមសារ ដូចតទៅៈ
ក្រសួងយុត្តិធម៌បានទទួលសំណើសុំ អន្តរាគមន៍របស់លោក ដែលមានខ្លឹមសារស្នើសុំឱ្យក្រសួងយុត្តិធម៌៖ (ទី១)-ពិនិត្យលទ្ធភាពសើរើ ឬត្រួតពិនិត្យ ឡើងវិញលើសាលដីការបស់តុលាការកំពូល និង (ទី២)-ពិចារណាទម្លាក់ចោលការអនុវត្តវិធានការកម្រិតសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់លោក។
បន្ទាប់ពីបានពិនិត្យ សិក្សា និងស្រាវជ្រាវលើសំណើសុំអន្តរាគមន៍នេះ និងឯកសារពាក់ព័ន្ធរួចមក, ក្រសួងយុត្តិធម៌ ពិនិត្យឃើញ ដូចខាងក្រោម៖
១-លោកត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខ សង្គម”។ ចំពោះសំណុំរឿងនេះ, ទាំងសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ភ្នំពេញ បានរកឃើញ ពិរុទ្ធភាពរបស់លោក និងសម្រេចផ្តន្ទាទោសលោកពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” តាមបញ្ញត្តិនៃមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ដោយសាលក្រមលេខ ១៥៤៥ ។” ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ របស់សាលាដំបូងរាជធានីភ្នំពេញ និង ដោយសាលដីកាលេខ ៦០៥ ក្រVII “អ.ធ” ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់សាលាឧទ្ធរណ៍ភ្នំពេញ។
ចុងក្រោយ, តុលាការកំពូលបានសម្រេចតាមរយៈសាលដីកាលេខ ៥០៧ XII ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដោយតម្កល់នូវសាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញដែលបានសម្រេច ផ្តន្ទាទោសលោកដាក់ពន្ធនាគាររយៈពេល ៤ឆ្នាំ ដដែល ប៉ុន្តែ តុលាការកំពូលបានសម្រេចព្យួរទោសនេះសាកល្បង និងបានកែប្រែទោសបន្ថែមពីការសម្រេចដកហូតស្ថាពរ មកត្រឹមការដកហូតសម្រាប់រយៈពេល ៥ឆ្នាំ នូវសិទ្ធិ បោះឆ្នោត, សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងៗរបស់លោក។
បច្ចុប្បន្ន, សាលដីការបស់តុលាការកំពូលបានចូលជាស្ថាពររួចហើយ។
ក្រសួងយុត្តិធម៌ ពិនិត្យឃើញថា ការសម្រេច សេចក្តីរបស់តុលាការគ្រប់ជាន់ថ្នាក់ ត្រូវបានធ្វើឡើងដោយត្រឹមត្រូវ និងអនុវត្តស្របតាមច្បាប់ និង នីតិវិធី ជាធរមាន ហើយក្រសួងយុត្តិធម៌ពុំរកឃើញភាពមិនប្រក្រតីណាមួយឡើយ។
២-សិទ្ធិការពារខ្លួន ត្រូវបានធានាការពារដោយក្រមនីតិវិធីព្រហ្មទណ្ឌ និងជាពិសេស ធានាដោយ មាត្រា ៣៨ កថាខណ្ឌទី៧ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា “ជនគ្រប់រូបមានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការ។
ចំពោះសិទ្ធិការពារខ្លួននេះ, ក្រសួងយុត្តិធម៌ពិនិត្យឃើញថា នៅក្នុងដំណើរការនៃនីតិវិធី របស់តុលាការនៅក្នុងសំណុំរឿងនេះ, លោកបានប្រើប្រាស់សិទ្ធិនេះ ដោយមានជំនួយពីមេធាវីនៅគ្រប់ ដំណាក់កាលទាំងអស់នៃនីតិវិធី ហើយសិទ្ធិការពារខ្លួនត្រូវបានគោរពយ៉ាងត្រឹមត្រូវនៅចំពោះមុខតុលាការ។
បន្ថែមពីនេះ, លោកក៏បានប្រើសិទ្ធិរបស់ខ្លួនក្នុងការប្តឹងតវ៉ាតាមនីតិវិធីច្បាប់ជាធរមានចំពោះការសម្រេចនានា របស់តុលាការ ដោយរាប់ពីសាលាដំបូងរាជធានីភ្នំពេញរហូតដល់តុលាការកំពូលដែលជាតុលាការខ្ពស់ជាងគេ បង្អស់នៃព្រះរាជាណាចក្រកម្ពុជា។
៣-ចំពោះសំណើរបស់លោកសុំឱ្យក្រសួងយុត្តិធម៌ពិនិត្យលទ្ធភាពក្នុងការសើរើឡើងវិញលើសាលដីកា របស់តុលាការកំពូល, ក្រសួងយុត្តិធម៌ សូមជម្រាបលោកថា ក្នុងករណីលោកមានអង្គហេតុថ្មី ឬភស្តុតាងថ្មី ដែលបញ្ជាក់ពីភាពស្អាតស្អំរបស់លោកក្នុងសំណុំរឿងនេះ, លោកអាចអនុវត្តសិទ្ធិក្នុងការធ្វើបណ្ដឹងសើរើនេះ ទៅតុលាការកំពូល ដោយត្រូវអនុវត្តស្របតាមលក្ខខណ្ឌ និង នីតិវិធីដែលមានកំណត់ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ជាធរមាន។
៤-ចំពោះសំណើរបស់លោកសុំឱ្យក្រសួងយុត្តិធម៌ពិចារណាទម្លាក់ចោលការអនុវត្តវិធានការកម្រិត សិទ្ធិ និងសេរីភាពជាមូលដ្ឋាន, ក្រសួងយុត្តិធម៌សូមជម្រាបលោកថា ច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា ពុំមានបទប្បញ្ញត្តិណាមួយដែលមានចែងអនុញ្ញាតឱ្យក្រសួងយុត្តិធម៌អាចធ្វើការកែប្រែ ឬទម្លាក់ចោលនូវទោស ដែលត្រូវបានសម្រេចដោយតុលាការឡើយ។
ដូច្នេះ, ទោសដែលត្រូវបានសម្រេច និងប្រកាសដោយសាលដីកា ស្ថាពររបស់តុលាការរួចហើយនេះ ត្រូវតែយកមកអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរមាន។
ជាចុងក្រោយ ក្រសួងយុត្តិធម៌សូមបញ្ជាក់ជូនលោកថា ផ្អែកតាមមាត្រា ៣១ វាក្យខណ្ឌទី២ នៃ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឱ្យប៉ះពាល់ ដល់សិទ្ធិ សេរីភាពអ្នកដទៃឡើយ ហើយការប្រើសិទ្ធិសេរីភាពដែលធានាដោយរដ្ឋធម្មនុញ្ញ ត្រូវប្រព្រឹត្តទៅតាម លក្ខខណ្ឌកំណត់ក្នុងច្បាប់។
បន្ថែមពីនេះ, មាត្រា ៤៩ ថ្មី កថាខណ្ឌទី ១ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ កម្ពុជា ក៏បានចែងដែរថា “ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់”។
៣-ចំពោះសំណើរបស់លោកសុំឱ្យក្រសួងយុត្តិធម៌ពិនិត្យលទ្ធភាពក្នុងការសើរើឡើងវិញលើសាលដីកា របស់តុលាការកំពូល, ក្រសួងយុត្តិធម៌ សូមជម្រាបលោកថា ក្នុងករណីលោកមានអង្គហេតុថ្មី ឬភស្តុតាងថ្មី ដែលបញ្ជាក់ពីភាពស្អាតស្អំរបស់លោកក្នុងសំណុំរឿងនេះ, លោកអាចអនុវត្តសិទ្ធិក្នុងការធ្វើបណ្ដឹងសើរើនេះ ទៅតុលាការកំពូល ដោយត្រូវអនុវត្តស្របតាមលក្ខខណ្ឌ និង នីតិវិធីដែលមានកំណត់ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ជាធរមាន។
៤-ចំពោះសំណើរបស់លោកសុំឱ្យក្រសួងយុត្តិធម៌ពិចារណាទម្លាក់ចោលការអនុវត្តវិធានការកម្រិត សិទ្ធិ និងសេរីភាពជាមូលដ្ឋាន, ក្រសួងយុត្តិធម៌សូមជម្រាបលោកថា ច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា ពុំមានបទប្បញ្ញត្តិណាមួយដែលមានចែងអនុញ្ញាតឱ្យក្រសួងយុត្តិធម៌អាចធ្វើការកែប្រែ ឬទម្លាក់ចោលនូវទោស ដែលត្រូវបានសម្រេចដោយតុលាការឡើយ។
ដូច្នេះ, ទោសដែលត្រូវបានសម្រេច និងប្រកាសដោយសាលដីកា ស្ថាពររបស់តុលាការរួចហើយនេះ ត្រូវតែយកមកអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរមាន៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






