រាជធានីភ្នំពេញ៖ នៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០២៦នៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០២៦អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធភាពមិនប្រក្រតីនៃដំណើរការរៀបចំនិងអនុវត្តគម្រោងមូលនិធិរបស់រដ្ឋបាលឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង!។
អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា
ថ្មីៗនេះមានការផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មាននិងបណ្ដាញសង្គមនានាជាច្រើន ពាក់ព័ន្ធភាពមិនប្រក្រតី នៃដំណើរការរៀបចំនិងអនុវត្តគម្រោងមូលនិធិរបស់រដ្ឋបាលឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបង្គោលនិងអំពូលសូឡាមានតម្លៃរហូតដល់ ៨.០០០.០០០រៀលក្នុង១ដើម ដែលតម្លៃនេះខ្ពស់ជាងតម្លៃទីផ្សារហួសហេតុ។
ពាក់ព័ន្ធនឹងករណីនេះ កន្លងមក អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចាត់មន្ត្រីជំនាញឱ្យ ចុះពិនិត្យ ស៊ើបអង្កេតស្រាវជ្រាវ ដោយរកឃើញមានភាពមិនប្រក្រតីនៃដំណើរការរៀបចំនិងអនុវត្តគម្រោង មូលនិធិរបស់រដ្ឋបាលឃុំចំនួន៥នៃខេត្តកំពង់ឆ្នាំង ក្នុងនោះក៏មានរដ្ឋបាលឃុំទឹកហូត ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងផងដែរ។
ផ្អែកលើមូលដ្ឋាននេះ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់រដ្ឋបាលខេត្តកំពង់ឆ្នាំងឱ្យចាត់វិធានការ ជាបន្ទាន់លើមន្ត្រីទាំងឡាយណាដែលមានការពាក់ព័ន្ធគប់គិតគ្នាក្នុងការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំ ទាំង៥ខាងលើមិនបានត្រឹមត្រូវតាមគោលការណ៍ច្បាប់និងនីតិវិធីកំណត់ ដោយត្រូវចាត់វិធានការវិន័យឬ ទណ្ឌកម្មឱ្យបានម៉ឺងម៉ាត់បំផុតស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាធារណជន ទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដាននិងវាយតម្លៃជាប់ជាប្រចាំលើកិច្ចការអភិវឌ្ឍ មូលដ្ឋាន កត្តានេះបានជួយពង្រឹងភាពម្ចាស់ការ ស្វ័យភាព តម្លាភាព គណនេយ្យភាពនិងសមត្ថភាព ឆ្លើយតបរបស់រដ្ឋបាលឃុំ សង្កាត់ចំពោះតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ
សំដៅរួមចំណែកក្នុងការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅមូលដ្ឋានប្រកបដោយចីរភាពនិងសមធម៌សង្គម។ រក្សាសិទ្ធដោយ៖សុទ្ធលី







