ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ស៊ុន ចាន់ថុល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន SEMMARIS ជុំវិញគម្រោងសិក្សាសមិទ្ធិលទ្ធភាពនៃការបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ នៅរាជធានីភ្នំពេញ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតជូនគណៈប្រតិភូនៃក្រុមហ៊ុន SEMMARIS (Société d’Économie Mixte d’Aménagement et de gestion du marché d’intérêt national de Rungis) នៃប្រទេសបារាំង ដឹកនាំដោយលោក Thierry Febvay ប្រធានផ្នែកអភិវឌ្ឍន៍ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមអមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃ ក.អ.ក.។
ជំនួបពិភាក្សាការងារនេះ រៀបចំឡើងក្នុងបរិបទដែលក្រុមហ៊ុន SEMMARIS កំពុងបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ដើម្បីសម្របសម្រួល និងជំរុញការសិក្សាសមិទ្ធិលទ្ធភាព លើគ្រប់ទិដ្ឋភាពបច្ចេកទេស ពាណិជ្ជកម្ម និងប្រតិបត្តិការ សម្រាប់គម្រោងអភិវឌ្ឍន៍ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ នៅរាជធានីភ្នំពេញ។ គម្រោងនេះកើតចេញពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងក្រុមហ៊ុន SEMMARIS និងក្រុមហ៊ុន WorldBridge Group តាមរយៈការចុះកិច្ចព្រមព្រៀង កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ។
ក្នុងឱកាសនៃជំនួបនេះ លោក Thierry Febvay បានជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីបទពិសោធន៍ និងឧត្តមភាពរបស់ SEMMARIS ក្នុងនាមជាក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិការផ្សារ Marché International de Rungis នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលជាផ្សារបោះដុំអាហារស្រស់ដ៏ធំបំផុតមួយក្នុងពិភពលោក។ លោកបានបញ្ជាក់ពីបំណងក្នុងការនាំយកជំនាញបច្ចេកទេស ព្រមទាំងគម្រូនៃការរៀបចំ និងគ្រប់គ្រងស្តង់ដារអន្តរជាតិ មកចូលរួមអភិវឌ្ឍប្រព័ន្ធឡូជីស្ទីកកសិកម្ម (Agro-Logistics) នៅកម្ពុជាផងដែរ។
ជាមួយគ្នានោះ តំណាងក្រុមហ៊ុនក៏បានជម្រាបជូនពីវឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាព និងបានស្នើសុំអនុសាសន៍ណែនាំ ព្រមទាំងការគាំទ្រ ការសម្របសម្រួលនីតិវិធី និងកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការរៀបចំយុទ្ធសាស្ត្រឱ្យកាន់តែមានប្រសិទ្ធភាព។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន SEMMARIS និងដៃគូ។ ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែផ្តល់អាទិភាពខ្ពស់លើការធ្វើទំនើបកម្មវិស័យកសិកម្ម ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងការលើកកម្ពស់ឧស្សាហកម្មកែច្នៃកសិផល និងម្ហូបអាហារ ដើម្បីផ្តល់តម្លៃបន្ថែមទៅលើទិន្នផល ដែលបងប្អូនប្រជាកសិករផលិតបាន។ ឯកឧត្តម បានបង្ហាញពីជំហររបស់ ក.អ.ក. ក្នុងការរង់ចាំផ្តល់កិច្ចសម្រួល និងការគាំទ្រយ៉ាងពេញទំហឹងដល់ដំណើរការសិក្សាសមិទ្ធិលទ្ធភាពនេះ ដើម្បីប្រែក្លាយគម្រោងនេះឱ្យលេចចេញជារូបរាងពិតប្រាកដ។
ជំនួបពិភាក្សាការងារនេះ បានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល និងយោគយល់ ដែលបង្ហាញយ៉ាងច្បាស់អំពីឆន្ទៈរួម រវាងរាជរដ្ឋាភិបាលកម្ពុជាតាមរយៈ ក.អ.ក. និងក្រុមហ៊ុន SEMMARIS ព្រមទាំងដៃគូវិនិយោគ ក្នុងការបន្តផ្តល់កិច្ចសហការជិតស្និទ្ធទៅវិញទៅមកលើគ្រប់ទិដ្ឋភាព។ គម្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនេះ ត្រូវបានវាយតម្លៃថាជាគម្រោងយុទ្ធសាស្ត្រប្រកបដោយគុណសម្បត្តិ និងសក្ដានុពលខ្ពស់ ដែលមិនត្រឹមតែចូលរួមធ្វើទំនើបកម្មប្រព័ន្ធឡូជីស្ទីកកសិកម្ម (Agro-Logistics) និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់អាហារ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករដ៏សំខាន់ក្នុងការបង្កើតតម្លៃបន្ថែមលើផលិផលកសិកម្មក្នុងស្រុក ធានាទីផ្សារ និងប្រាក់ចំណូលជូនបងប្អូនប្រជាកសិករ ព្រមទាំងលើកកម្ពស់សន្តិសុខស្បៀង និងជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារតំបន់ និងសកលលោក នាពេលអនាគតផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី