(សៀមបូក, ស្ទឹងត្រែង)៖ តាមរយៈការសម្របសម្រួលយ៉ាងសកម្មរបស់ក្រសួងពាណិជ្ជកម្ម កសិផលគ្រាប់ស្វាយចន្ទីកម្ពុជាបានសាងប្រវត្តិសាស្ត្រថ្មីមួយ ដោយក្រុមហ៊ុនអេចស៊ីអេសធី អ៉ិនវេសម៉ិន ឯ.ក (HCST) នឹងនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរបស់ខ្លួនដោយផ្ទាល់ជាលើកដំបូង ទៅកាន់ក្រុមហ៊ុន Whitworths នៃរាជាណាចក្ររួមនៃព្រីតថេន (អតីតចក្រភពអង់គ្លេស)។
ដើម្បីអបអរសាទរ និងជំរុញខ្សែច្រវាក់នាំចេញនេះឱ្យកាន់តែរលូន នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ (EPTF) បានដឹកនាំគណៈប្រតិភូចុះពិនិត្យខ្សែច្រវាក់ផលិតកម្ម និងការកែច្នៃដោយផ្ទាល់នៅសហគ្រាស HCST ក្នុងខេត្តស្ទឹងត្រែង។
ភាពជោគជ័យនៃការបើកច្រកទីផ្សារដ៏មានសក្តានុពលនេះ គឺកើតចេញពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាង HCST និង Whitworths ដែលជាក្រុមហ៊ុនវ័យចំណាស់ និងឈានមុខគេប្រចាំចក្រភពអង់គ្លេស ផ្នែកកែច្នៃនិងផ្គត់ផ្គង់ផ្លែឈើក្រៀម និងគ្រាប់ធញ្ញជាតិ (Dried fruits, nuts, and seeds)។ តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុន Whitworths បានជួយលើកកម្ពស់ស្តង់ដារផលិតកម្ម និងបច្ចេកទេសកែច្នៃរបស់ HCST ឱ្យឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅនឹងលក្ខខណ្ឌតម្រូវ និងស្តង់ដារគុណភាពអន្តរជាតិ ដើម្បីធានាបាននូវទំនុកចិត្តខ្ពស់លើទីផ្សារ។
ស្របពេលជាមួយគ្នានេះ ដំណើរការឈានទៅរកការនាំចេញនេះ ទទួលបានការគាំទ្របច្ចេកទេសយ៉ាងពេញទំហឹងពីរដ្ឋាភិបាលអង់គ្លេស (តាមរយៈស្ថានទូតអង់គ្លេសប្រចាំកម្ពុជា និងកម្មវិធី UKTP) ព្រមទាំងសហភាពអឺរ៉ុប និងអាល្លឺម៉ង់ (តាមរយៈគម្រោង Export Lab – EU German GATE) ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពសហគ្រាសក្នុងស្រុកឱ្យអាចប្រកួតប្រជែងលើឆាកអន្តរជាតិ។
ជោគជ័យជាប្រវត្តិសាស្ត្រនេះ គឺជាផ្លែផ្កានៃការចរចា និងការភ្ជាប់ទំនាក់ទំនងទីផ្សារដោយស្វិតស្វាញរបស់ក្រសួងពាណិជ្ជកម្មជាបន្តបន្ទាប់ដែលរួមមាន៖
- ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤៖ ជំនួបពិភាក្សាដំបូងរវាងតំណាងក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម ជាមួយលោកស្រី Natalia Pietrzak-Freigant, Director of Commodities នៃក្រុមហ៊ុន Whitworths នៅអង់គ្លេស ដែលពេលនោះក្រុមហ៊ុនបានបង្ហាញចំណាប់អារម្មណ៍បញ្ជាទិញពីកម្ពុជា។
• ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥៖ ជំនួបជាមួយតំណាងក្រុមហ៊ុន Whitworths នៅទីស្តីការក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រឹងទំនុកចិត្តលើកសិផលកម្ពុជា និងរៀបចំផែនការចុះពិនិត្យរោងចក្រកែច្នៃផ្ទាល់។ - ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥៖ បេសកកម្មពាណិជ្ជកម្មរបស់គណៈប្រតិភូកម្ពុជា ដើម្បីតភ្ជាប់ទំនាក់ទំនងផ្ទាល់រវាងអ្នកនាំចេញកម្ពុជា និងអ្នកបញ្ជាទិញសក្ដានុពល ក៏ជាដំណើរឈានទៅដល់ការសម្រេចការបញ្ជាទិញជាស្ថាពរ។
សមិទ្ធផលដ៏សំខាន់នេះ បង្ហាញពីសក្តានុពលនៃវិស័យគ្រាប់ស្វាយចន្ទីកម្ពុជា ក្នុងការជំរុញការនាំចេញផលិតផលកែច្នៃដែលមានតម្លៃបន្ថែមខ្ពស់ និងអាចប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិដែលមានស្តង់ដារខ្ពស់។ បន្ថែមពីនេះ វាក៏បានរំលេចអំពីសារៈសំខាន់នៃការសម្របសម្រួលជាប្រចាំពីរាជរដ្ឋាភិបាល ភាពជាដៃគូជាមួយវិស័យឯកជន និងការគាំទ្រផ្នែកបច្ចេកទេស ក្នុងការភ្ជាប់ទំនាក់ទំនងរវាងបណ្ដាក្រុមហ៊ុនកម្ពុជា ជាមួយអ្នកទិញនៅលើឆាកអន្តរជាតិ។
ជាទិសដៅបន្ត ក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមការងារជំរុញការនាំចេញ ប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថាចរន្តនៃការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ចក្រភពអង់គ្លេស ព្រមទាំងទីផ្សារអន្តរជាតិផ្សេងៗទៀត នឹងបន្តប្រព្រឹត្តទៅដោយរលូន មានស្ថិរភាព និងប្រកបដោយចីរភាពយូរអង្វែង៕ រក្សាសិទ្ធដោយ៖សុទ្ធលី





















