ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួបលោកស្រី Aleks Zittle ភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងសហការី ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ នាទីស្តីការក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នេះ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី Aleks Zittle ភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងសហការី ដែលបានអញ្ជើញមកកាន់ក្រសួងយុត្តិធម៌ និងបានវាយតម្លៃខ្ពស់អំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជាដែលបានសម្រេចនាពេលកន្លងមក។ ជាមួយគ្នានេះ លោកស្រី Aleks Zittle បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យលោកស្រី និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងយុត្តិធម៌ និងស្ថានទូតអាម៉េរិក ប្រចាំកម្ពុជា ក៏ដូចជា កិច្ចសហប្រតិបត្តិការល្អរវាងមន្ត្រីអនុវត្តច្បាប់នៃប្រទេសទាំងពីរ ជាពិសេសលើការងារប្រឆាំងហិរញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនលោកស្រី Aleks Zittle អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកស្រី Aleks Zittle បានបញ្ជាក់អំពីការបេ្ដជ្ញាចិត្តក្នុងការបន្ដពង្រឹងកិច្ចសហប្រតិបត្តការល្អរវាងមន្ត្រីអនុវត្តច្បាប់នៃប្រទេសទាំងពីរ ក៏ដូចជា ការបន្តនូវកិច្ចសន្ទនា និងការចែករំលែកព័ត៌មានគ្នាទៅវិញទៅមក សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ការប្រឆាំងការសម្អាតប្រាក់ ក៏ដូចជា ការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។រក្សាសិទ្ធដោយ៖សុទ្ធលី











