ស្រ្តីម្ចាស់ហាងទូរសព្ទ ដែលជេរប្រមាថទាហានជួរមុខ រឿងទិញទូរសព្ទ ត្រូវបានវាស់កម្ពស់នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែសីហា ២០២៦ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៧:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព ប្រព្រឹត្តបទល្មើសនៅចំណុចបុរីML ផ្ទះលេខ១ ផ្លូវលេខ១ ភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០៧:០០នាទី ។
ជនសង្ស័យឈ្មោះ ចិន្តា សុវណ្ណារី ភេទស្រី អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ទីលំនៅស្ថិតនៅបុរីML ផ្ទះ លេខ១ ផ្លូវ លេខ១ ភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ កំពុងធ្វើការសាកសួរតាមនីតិវិធី៕រក្សាសិទ្ធដោយ៖សុទ្ធលី










