ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយខាងផលិតរថយន្តដឹកទំនិញនៅក្នុងប្រទេសរុស្ស៊ីមានបំណងវិនិយោគនៅរាជធានីភ្នំពេញបន្ថែមទៀត

ភ្នំពេញ៖ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយខាងផលិតរថយន្តដឹកទំនិញនៅក្នុងប្រទេសរុស្ស៊ីនិងមានសាខានៅបណ្តាលប្រទេសមួយចំនួនថែមទៀតនោះ មានបំណងវិនិយោគនៅរាជធានីភ្នំពេញបន្ថែមទៀត ខណៈដែលនៅប្រទេសវៀតណាម ក្រុមហ៊ុននេះបាននិងកំពុងដំណើរការយ៉ាងសកម្មក្នុងការផលិតរថយន្តនិងគ្រឿងបន្លាស។
ការបង្ហាញពីបំណងខាងលើនេះបានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ី ដឹកនាំដោយលោក ដុលហ្គូវ ឡេអូនីត (Mr. Dolgov Leonid)នាយកគ្រប់គ្រង GAZ Group និងឯកឧត្តម អ៊ីមរ៉ន ហាស្សាន់ អភិបាលរងរាជធានី តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ សីហានេះនៅសាលារាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំពិភាក្សានេះលោក ដុលហ្គូវ ឡេអូនីត (Mr. Dolgov Leonid) បានធ្វើបទបង្ហាញពី គុណភាពនិងសមត្ថភាពរថយន្តដឹកទំនិញជាច្រើនប្រភេទរបស់ GAZ Group ដោយលោកបានមានប្រសាសន៍លើកឡើងថា នេះជាលើទី២ហើយ ដែលលោកបានមកកម្ពុជា លោកនឹងធ្វើបទបង្ហាញម្តងទៀតពីក្រុមហ៊ុន GAZ Group។ ផលិតផល GAZយើងបានធ្វើ៩១ឆ្នាំហើយ មាន១៥រោងចក្រ ចុងក្រោយ ក្រុមហ៊ុននេះ បានបង្កើតរោងចក្រផលិតនៅប្រទេសវៀតណាម ដែលជាបច្ចេកទេសរុស្ស៊ីទាំងអស់ មានទាំងប្រភេទរថយន្តដឹកទំនិញ រថយន្តក្រុង ឡានទឹក រថយន្តសង្គ្រោះបន្ទាន់ជាដើម ដោយប្រើប្រាស់សាំង ម៉ាស៊ូត ហ្គាសនិងអគ្គិសនី។ ក្រោយការសិក្សា នៅប្រទេសកម្ពុជាមានតម្រូវការច្រើនជាមួយក្រុមហ៊ុន GAZ Group។ ដូច្នេះក្រុមហ៊ុនមានបំណងចង់វិនិយោគនៅកម្ពុជាបន្តទៀត។កិច្ចការងារនេះ ក្រុមហ៊ុន GAZ Group បានជួបពិភាក្សាការងារជាមួយ សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ម្តងរួចហើយ ក្នុងអំឡុងពេលសម្តេចទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី។ ក្រុមហ៊ុនចង់ឱ្យរដ្ឋបាលរាជធានីភ្នំពេញសម្របសម្រួលជួយរកទីតាំង ដើម្បីឱ្យក្រុមហ៊ុន បានដំណើរការនៅពេលឆាប់ៗនេះ នៅប្រទេសកម្ពុជា ដោយគ្រោងផលិតរថយន្តនិងគ្រឿងបន្លាស់។
ជាមួយគ្នានោះដែរ បន្ទាប់​ពីការ​ពិភាក្សា​គ្នា​រួច​ ក្រុមហ៊ុន GAZ Group បានអញ្ជេីញ​ឯកឧត្ដម​អភិបាល​រង​ និង​ក្រុមការងារ​ពិនិត្យ​គម្រូ​រថយន្ត​ចំនួន​ ២គ្រឿង​ ដេីម្បី​ធ្វើ​ការ​ជ្រើសរើស​យក​ ១​ ព្រោះ​​ក្រុមហ៊ុន​នឹង​​ផ្តល់​ជា​អំណោយ​ដល់​រដ្ឋបាលរាជធានីភ្នំពេញ​ចំនួន​ ១គ្រឿង។ ​បន្ទាប់​មក ក្រុមហ៊ុននឹងបញ្ជូនរថយន្តនោះពីរោងចក្រ មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញតែម្តង ដោយក្រុម​ហ៊ុនបានស្នើសុំឱ្យរដ្ឋបាលរាជធានីភ្នំពេញជាអ្នកសម្របសម្រួលលេី​បែបបទ​នាំចូល។
ការឆ្លើយតប ឯកឧត្តម អ៊ីមរ៉ន ហាស្សាន់ បានមានប្រសាសន៍លើកឡើងថា៖ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ គាំទ្រជានិច្ចចំពោះការវិនិយោគរបស់ក្រុមហ៊ុន GAZ Groupនៅប្រទេសកម្ពុជា ពិសេសនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយក៏បាន​សន្យា​នឹងជួយសម្របសម្រួលផ្លូវច្បាប់ឱ្យក្រុមហ៊ុន​ផងដែរ៕ រក្សាសិទ្ធិដោយ៖សុទ្ធលី