ខេត្តកំពង់ចាម: “ការពង្រាយមន្ត្រីកសិកម្មចំនួន១៥០៨ឃុំ-សង្កាត់ដើម្បីជួយដល់ផ្នែកបច្ចេកទេសនៃការដាំដុះដោយក្នុងមួយឃុំឲ្យមានម្នាក់ទៅពីរនាក់ហើយជ្រើសរើសយកអ្នកចេះមានសមត្ថភាពពិតប្រាកដ។”នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទថ្លែងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំមកពីខេត្តកំពង់ចាមត្បូងឃ្មុំដោយធ្វើឡើងនារសៀលថ្ងៃទី១៦ខែសីហា ឆ្នាំ២០២៦នៅសាលសន្និសិទសាលាខេត្តកំពង់ចាម។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍លើកឡើងថា:ខេត្តកំពង់ចាមជាខេត្តមួយដែលមានភូមិសាស្ត្រនិងសណ្ឋានដីអំណោយផលខ្លាំងលើវិស័យកសិកម្មជាពិសេសដំណាំកសិឧស្សាហកម្មនិងដំណាំរួមផ្សំដែលជាច្រើនក្នុងសេដ្ឋកិច្ចដ៏សំខាន់ខេត្តមានប្រជាពលរដ្ឋប្រកបរបរក្នុងវិស័យកសិកម្មជាចម្បងប្រមាណ៦២,១% ហើយវិស័យកសិកម្មមានចំណែកប្រមាណ៣៩% នៃសេដ្ឋកិច្ចខេត្ត៣០៧៥លានដុល្លារ។ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗបានកើនដល់ចំនួន២៨៣២ដុល្លារ។ ខេត្តកំពង់ចាមមានផ្ទៃដីបង្កបង្កើនផលស្រូវប្រាំងចំនួន៤២៧៣០ហិកតា ស្រូវវស្សា១០៥៨០០ហិកតា ផ្ទៃដីដំណាំអចិន្ត្រៃយ៍(ឈើហូបផ្លែ)
៩១១៤៧ហិកតា និងដំណាំកៅស៊ូចំនួន២៩៥៦៤ ហិកតា។
ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានបន្តថា ជាក់ស្ដែងខេត្តកំពង់ចាមពិតជាបានសម្រេចនូវសមិទ្ធិផលច្រើនណាស់។ដែលនៅក្នុងនោះសូមលើកយកសមិទ្ធផលធំៗទាំង៥ ដែលសម្រេចបានរួមមាន÷
១.គឺការចូលរួមរក្សាបាននៅសន្តិភាពស្ថេរភាពនយោបាយសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ផ្ទៃក្នុងល្អដែលជាមូលដ្ឋានគ្រឹះនៃការរស់នៅរបស់ប្រជាជននិងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។
២.គឺការសម្រេចបាននៅការផ្ដល់សេវាសាធារណៈល្អជូនប្រជាជនប្រកបដោយតម្លាភាពគុណភាពនិងការទទួលខុសត្រូវ។
៣.គឺការចូលរួមអភិវឌ្ឍន៍មូលដ្ឋានបន្ថែមបានយ៉ាងច្រើនទាំងរូបចន្តនិងអរូបវន្ត
ដូចដែលយើងបានឃើញនិងជាក់ស្ដែងស្រាប់។
៤.គឺការសម្រេចបាននូវការជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាមឆ្ពោះទៅកាន់គោលដៅកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
៥.គឺការចូលរួមដោះស្រាយនៅសំណាលសំណូមពរនិងក្តីកង្វល់សេចក្តីត្រូវការនិងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋបានជាបន្តបន្ទាប់។
ឯកឧត្តមឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មមានប្រសាសន៍ឲ្យដឹងដែរថា
មន្ត្រីកសិកម្មដែលត្រូវបានពង្រាយនៅតាមឃុំសង្កាត់ទូទាំងប្រទេសកម្ពុជាដោយគ្រាន់តែពន្យល់ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងការជ្រើសរើសយកពូជសម្រាប់ដាំដុះធ្វើឡើងបានដោយមិនមានការបង្ខិតបង្ខំណាមួយនោះទេ។ហើយមួយទៀតដូចជាឈ្មួញកណ្ដាលដែលត្រូវបានចុះប្រមូលទិញស្រូវតាមតំបន់ជាច្រើនក្នុងប្រទេសកម្ពុជាមិនត្រូវការឡាយសិននោះទេ គឺពួកគាត់អាចទិញស្រូវពីកសិករដើម្បីនាំយកទៅលក់នៅប្រទេសវៀតណាម ដែលអាចទទួលបានប្រាក់ចំណេញខ្លះ ។ ចំពោះលុយដែលទទួលបានពីវិស័យកសិកម្មក្នុងមួយឆ្នាំរាប់ពាន់លានដុល្លារ កន្លងមកពេលដែលប្រជាកសិករប្រមូលផលស្រូវបានជួបនិងបញ្ហាទីផ្សារ គឺរដ្ឋបានផ្ដល់កញ្ចប់ថវិកាដល់រោងម៉ាស៊ីនណាមួយដើម្បីឱ្យខ្ចីលុយក្នុងការប្រមូលទិញស្រូវក្នុងតម្លៃសមស្របហើយរយៈពេល៦ ខែក្រោយមករោងម៉ាស៊ីននោះត្រូវបានបង្វិលលុយចូលរដ្ឋវិញ។ មួយវិញទៀតតាមរយៈមន្ត្រីកសិកម្មប្រចាំតាមបណ្ដាលឃុំនៅទូទាំងប្រទេសគឺមានភារកិច្ចមួយដោយធ្វើការស្រាវជ្រាវក្នុងការផ្ដល់សេវាបច្ចេកទេសទៅឲ្យគឺកសិករជាអ្នកមានសិទ្ធិក្នុងការជ្រើសរើសយកពូជណាមួយដើម្បីទៅដាំដុះនៅលើដីរបស់ខ្លួនសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី









