ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយឯកឧត្តម DRIESMANS Igor ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះទស្សនកិច្ចសិក្សាស្វែងយល់ពីខ្សែច្រវាក់ផលិតកម្មម្រេច និងជាសាក្សីក្នុងពិធីចុះកិច្ចសន្យាពាណិជ្ជកម្មដ៏ធំមួយ នៅសហគមន៍កសិកម្មជោគជ័យ ស្ថិតក្នុងស្រុកត្បូងឃ្មុំ។
ចំណុចលេចធ្លោបំផុតនៃទស្សនកិច្ចនេះ គឺពិធីចុះហត្ថលេខាលើកិច្ចសន្យាទិញ-លក់ម្រេចក្រហមចំនួន ១០០តោន រវាងតំណាងសហគមន៍កសិកម្មជោគជ័យ និងក្រុមហ៊ុន Green Feed។ កិច្ចសន្យានេះគឺជាជោគជ័យថ្មីមួយទៀត ក្នុងការធានាទីផ្សារ និងតម្លៃជូនកសិករក្នុងមូលដ្ឋាន តាមរយៈការចងក្រងជាសហគមន៍ផលិតកសិផលគុណភាពខ្ពស់។
ក្នុងឱកាសនោះ គណៈប្រតិភូបានអញ្ជើញពិនិត្យផ្ទាល់នូវខ្សែច្រវាក់ផលិតកម្ម រួមមានដំណាក់កាលសម្អាត សម្ងួត និងការវេចខ្ចប់គ្រាប់ម្រេចក្រហមឱ្យស្របតាមស្តង់ដារបច្ចេកទេស។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិនិត្យគ្រឿងយន្តកសិកម្មដែលសហគមន៍ទទួលបានតាមរយៈការគាំទ្រហិរញ្ញប្បទានពី កម្មវិធី ASPIRE-AT (កម្មវិធីគាំទ្រសហគ្រិនភាពកសិកម្ម) ដែលជាគម្រោងជួយទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា។
ឯកឧត្តម ឌិត ទីណា និងឯកឧត្តម DRIESMANS Igor ក៏បានជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងសហគមន៍ និងកសិករ ដើម្បីស្វែងយល់ពីវឌ្ឍនភាពនៃការកែច្នៃម្រេចក្រហម និងបញ្ហាប្រឈមនានា។ វត្តមានរបស់ប្រតិភូសហភាពអឺរ៉ុបចំនួន ៣០នាក់ ក្នុងកម្មវិធីនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងការបើកផ្លូវឱ្យកសិផលកម្ពុជា កាន់តែមានឱកាសខ្ពស់ក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារអឺរ៉ុប។
ទស្សនកិច្ចនេះ បានបញ្ចប់ទៅដោយផ្លែផ្កា និងបានផ្តល់នូវសេចក្តីសង្ឃឹមយ៉ាងមុតមាំដល់កសិករក្នុងខេត្តត្បូងឃ្មុំ តាមរយៈការបង្ហាញឱ្យឃើញពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈវិស័យកសិកម្មទំនើប៕ រក្សារសិទ្ធដោយ៖សុទ្ធលី

























