ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចធិបតី៖ ការបណ្ដុះបណ្ដាលអាចារ្យ-អាចារិនី ឱ្យមានក្បួនខ្នាតរួមមួយច្បាស់លាស់ គឺដើម្បីថែរក្សាប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ

នាព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ-អាចារិនី ទូទាំងប្រទេស លើកទី ១១ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ។

ថ្លែងក្នុងពិធីនេះ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា អាចារ្យ-អាចារិនី ជាអ្នកថែរក្សាប្រពៃណី និង ទំនៀមទម្លាប់, ពង្រឹងសាមគ្គីភាពនៅមូលដ្ឋាន, អប់រំកុមារ និង យុវជន, សាបព្រោះបណ្តុះគុណធម៌, សីលធម៌ និង សុជីវធម៌ និង ជាតំណរភ្ជាប់ រវាងព្រះពុទ្ធសាសនា, គ្រួសារ, សហគមន៍ និងសង្គម របស់ជនជាតិខ្មែរ ។ ក្នុងន័យនេះ, សម្ដេចធិបតីគាំទ្រនិងជំរុញឱ្យមានការបណ្ដុះបណ្ដាលអាចារ្យ-អាចារិនី ឱ្យមានក្បួនខ្នាតរួមមួយច្បាស់លាស់ ដើម្បីថែរក្សាប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរ ។ បន្ថែមពីនេះ, ត្រូវបន្តយុទ្ធនាការបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និង ក្រមសីលធម៌អាចារ្យខ្មែរ ដល់អាចារ្យ-អាចារិនី ឱ្យបានទូលំទូលាយ ដើម្បីបន្តដោះស្រាយ «វិបត្តិអាចារ្យខ្មែរ», លុបបំបាត់ «គម្លាតជំនាន់» ដែលអាចបង្កជាវិបត្តិអាចារ្យនាពេលខាងមុខ, អភិរក្ស និង លើកកម្ពស់តម្លៃវប្បធម៌ ប្រពៃណី និង ទំនៀមទម្លាប់ខ្មែរ, ក៏ដូចជា បំពេញតម្រូវការរបស់ប្រជាពុទ្ធបរិស័ទនៅទូទាំងប្រទេស ។ ជាមួយនេះ, ត្រូវបង្កើនចំនួន និង សមត្ថភាពរបស់ឧទ្ទេសាចារ្យ, ព្រមទាំង កែលម្អឯកសារសិក្សា និង មុខវិជ្ជាបង្រៀន ដើម្បីធានាគុណភាព, ប្រសិទ្ធភាព និង ភាពគ្រប់ជ្រុងជ្រោយនៃការបណ្តុះបណ្តាល សំដៅបំពេញតម្រូវការពិតប្រាកដ នៅក្នុងប្រទេស​សម្រាប់ការរៀបចំពិធីកម្មសាសនា និង ពិធីមង្គលនានា។​​ សម្ដេចធិបតីបានលើកឡើងថា ទោះបីជាសង្គមមានការវិវឌ្ឍ និងឈានទៅរកសម័យកាលទំនើបយ៉ាងណាក៏ដោយ ការប្រែប្រួល​ នៃទំនៀមទម្លាប់ ប្រពៃណី​ ត្រូវតែស្ថិតក្នុងកម្រិតមួយដែលយើងអាចគ្រប់គ្រងបាន ដើម្បីចៀសវាងការបាត់បង់អត្តសញ្ញាណជាតិខ្លួន។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់អាចារ្យ-អាចារិនីទូទាំងប្រទេស ឱ្យបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវសីលធម៌, គុណធម៌ និង ស្មារតីទទួលខុសត្រូវខ្ពស់, ព្រមទាំងបន្តចូលរួមថែរក្សា, ការពារ និង ផ្សព្វផ្សាយព្រះពុទ្ធសាសនា, ប្រពៃណី, ទំនៀមទម្លាប់ និង វប្បធម៌ជាតិ ពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីចូលរួមចំណែកកសាងសង្គមកម្ពុជា ប្រកបដោយសាមគ្គីភាព, សុខដុមរមនា និង វិបុលភាព ។ ជាមួយគ្នានេះ, ក្នុងពិធីកម្មសាសនានានា, អាចារ្យ-អាចារិនី សូមយកឱកាសនោះ ដើម្បីអប់រំសីលធម៌, សុជីវធម៌ និង កតញ្ញូតាធម៌ ដល់ប្រជាពលរដ្ឋ ជាពិសេស យុវជន និង កុមារ, ព្រមទាំង ណែនាំឱ្យយុវជនចៀសឆ្ងាយពីអំពើអបាយមុខនានា។

បន្ថែមលើនេះ, សម្ដេចធិបតី បានសង្កត់ធ្ងន់លើការរក្សាតម្លៃក្នុងខ្លួន តាមរយៈការអប់រំគុណធម៌, សីលធម៌ និងសុជីវធម៌ ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានក្នុងយុគសម័យសម្ភារនិយម។ សម្ដេចធិបតីបានចង្អុលបង្ហាញថា ទំនើបកម្មខាងក្រៅ (សម្ភារនិយម និងនវានុវត្ត) ជាការចាំបាច់ ប៉ុន្តែឥរិយាបថ និងតម្លៃខាងក្នុងរបស់មនុស្ស ត្រូវតែរក្សាឱ្យបានគង់វង្ស ដោយចាប់ផ្តើមចេញពីការអប់រំនៅតាមខ្នងផ្ទះ, សាលារៀន, វត្តអារាម និងកម្មវិធីសាសនានានា។ សម្ដេចធិបតីបានមានប្រសាសន៍ថា សាលារៀនមិនត្រឹមតែជាថ្នាលបណ្ដុះនូវចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងបង្កើត និងបណ្ដុះនូវទម្លាប់ និងផ្នត់គំនិតត្រឹមត្រូវ ដែលនាំឱ្យមនុស្សមានភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់។

ក្នុងឱកាស​នោះដែរ​, សម្ដេចធិបតីបានសង្កត់ធ្ងន់ថាគណបក្សប្រជាជនកម្ពុជាមិនមានការបិទទ្វារនោះទេ សម្រាប់អ្នកដែលមានចេតនា​​ និងឆន្ទៈចង់ធ្វើការពិតប្រាកដជាមួយរាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជា ក្នុងនាមជាដៃគូ និងក្នុងនាមជាខ្មែរតែមួយដើម្បីបម្រើបុព្វហេតុជាតិ ដោយមិនមានការរើសអើងឡើយ។ សម្ដេចធិបតីបានបន្ថែមថា ការចូលរួម គឺមិនចាំបាច់តែត្រូវស្របមតិគ្នារហូតនោះទេ ប៉ុន្តែត្រូវផ្អែកលើការវិភាគដែលមានមូលដ្ឋាន ឬទឡ្ហីករណ៍ច្បាស់លាស់ ដើម្បីជាកញ្ចក់ឆ្លុះបញ្ចាំងនូវចំណុចខ្វះខាត និងធ្វើការពង្រឹងជាមួយគ្នា។ សម្ដេចបានបញ្ជាក់ថា រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវវប្បធម៌សន្ទនា និងការបង្រួបបង្រួមជាតិ ផ្អែកលើភាពស្មោះត្រង់, គុណធម៌ផ្នែកនយោបាយ និងការគោរពគ្នាទៅវិញទៅមក។

មុននឹងបញ្ចប់, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះទឹកចិត្ត និងការលះបង់របស់ លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងក្នុងដែនឧទ្យានជាតិគីរីរម្យ ដែលបានបង្កើតសាលាដូងនេះឡើង ដើម្បីផ្ដល់ការអប់រំដល់កុមារក្នុងមូលដ្ឋាន។ ពាក់ព័ន្ធនឹងបញ្ហាការជូនដំណឹងរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ឱ្យរុះរើទីតាំងមួយចំនួនរួមមាន ផ្ទះគ្រូរបស់សាលាដូងដែលជាន់លើដីតំបន់ប្រវត្តិសាស្ត្រយោធា និងដើមឡើយបានខ្ចីដីរបស់ឧទ្យានជាតិគីរីរម្យ, សម្ដេចធិបតីបានដាក់ចេញនូវដំណោះស្រាយចំនួន ​៣ រួមមាន៖ ទី១.ចេញបទបញ្ជាឱ្យយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ផ្អាកការអនុវត្តការរុះរើ ដោយរក្សាស្ថានភាពដដែល និង ឱ្យសាលាដូងបន្តដំណើរការ ហើយ គ្រូអាចស្នាក់នៅ ជាធម្មតា, ទី២. ប្រគល់ភារកិច្ចឱ្យក្រសួងបរិស្ថាន និងអភិបាលខេត្តកំពង់ស្ពឺ ចាត់តាំងមន្ត្រីជំនាញចុះពិនិត្យ និង ផ្ទៀងផ្ទាត់ទីតាំងជាក់ស្តែង ដើម្បីរៀបចំដំណោះស្រាយសមស្រប និងមានចីរភាព, ធានាឱ្យសាលាដូងអាចបន្តដំណើរការបាន ព្រមទាំងពិនិត្យស្ថានភាពសាលាបឋមសិក្សាគីរីរម្យដើម្បីដើរតួនាទីបំពេញគ្នា និង ទី៣. សម្រេចផ្ដល់ការឧបត្ថម្ភថវិកាចំនួន ៥លានរៀល និងអង្ករ ១តោន ក្នុងមួយខែ ដល់សាលាដូង ចាប់ពីខែកញ្ញា ឆ្នាំ២០២៦ នេះតទៅ ដើម្បីជួយសម្រាលបន្ទុកសាលា៕រក្សាសិទ្ធដោយ៖សុទ្ធលី