ភ្នំពេញ៖ អាជីវករលក់ដូរនៅផ្សារស្ទឹងមានជ័យ តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ជាង១០០នាក់បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី និងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់គិតគូរពីទុក្ខលំបាកពួកគាត់ ដោយរៀបចំជួសជុល និងសាងសង់ដំបូល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សារដែលខូចខាតឡើងវិញ ដោយសារអគារចាស់នេះបានសាងសង់ឡើង អំពីឈើប្រក់ក្បឿង មានសភាពចាស់ទ្រុឌទ្រោមខ្លាំង មានអាយុកាល ៦៦ឆ្នាំទៅហើយនោះ។
ជាក់ស្ដែងនៅក្នុងកិច្ចសំភាសន៍ជាមួយបងប្អូនអាជីវករលក់ដូរក្នុងផ្សារនាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ខណៈអាជ្ញាធរខណ្ឌមានជ័យ និងគណៈកម្មការផ្សារស្ទឹងមានជ័យ រៀបចំពិធីក្រុងពាលី តាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចម្រុងចម្រើន ឱ្យការរុះរើសំណង់ចាស់ចេញ ហើយសាងសង់ដំបូលផ្សារថ្មីឡើងវិញ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ លោកស្រី អ៊ុក ប៉ូលីកា ជាអាជីករដូរលុយ លោកស្រី ហាក់ ស៊ីយឺន ជាអាជីវករលក់មាស ក៏ដូចជា លោក តាំង ស្រ៊ុន អាជីវករជួសជុលនាឡិកា បានមានប្រសាសន៍លើកឡើងស្រដៀងគ្នាថា៖ ពួកគាត់ទាំងអស់គ្នាពិតជាអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌមានជ័យដែលបានខិតខំខ្នះខ្នែងរៀបចំឱ្យមានការជួសជុល និងសាងសង់ដំបូលផ្សារឡើងវិញ។ សកម្មភាពនេះ ពិតជាបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខទក្ខ និងជីវភាពរស់នៅរបស់បងប្អូនអាជីវករយើងខ្ញុំ ដែលកន្លងមកពួកគាត់រកស៊ីលក់ដូរនៅក្រោមដំបូលផ្សារនេះ ទាំងការភ័យខ្លាច ព្រោះតែអគារផ្សារនេះចាស់ទ្រុឌទ្រោមខ្លាំងពេក។
គួររំលឹកថា៖ ផ្សារស្ទឹងមានជ័យ បានសាងសង់ឡើងនៅក្នុងឆ្នាំ១៩៦០ សំណង់ធ្វើ អំពីឈើប្រក់ក្បឿង ដែលគិតមកត្រឹមបច្ចុប្បន្នមានអាយុកាលជាង ៦៦ឆ្នាំហើយ។ ខណៈដំបូលផ្សារមានសភាពចាស់ទ្រុឌទ្រោមខ្លាំង ដែលបានបង្កការលំបាក និងមានហានិភ័យខ្ពស់ បងប្អូនអាជីវករទាំងអស់បានសំណូមពរមកអាជ្ញាធរឱ្យជួយជួសជុលឡើងវិញ ហើយត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ សម្រេចឱ្យរៀបចំជួសជុល និងសាងសង់ដំបូលផ្សារ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សារដែលខូចខាតឡើងវិញ ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន និងសុវត្ថិភាព ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់បងប្អូនអាជីវករ ដែលប្រកបអាជីវកម្មបានសមរម្យនិងលែងមានហានិភ័យទៀត។
គួរបញ្ជាក់បន្ថែមថា៖ ផ្សារស្ទឹងមានជ័យមានតូបលក់ដូរចំនួន១៨៦តូប ហើយអាជីវករដែលលក់ដូរក្រោមតំបូលផ្សារស្ទឹងមានជ័យនេះមានចំនួន៩៨តូប បើតាមគម្រោងសាងសង់ គឺចាប់ផ្តើមអនុវត្តនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ ដោយប្រើប្រាស់ពេលវេលាចំនួន១១០ថ្ងៃនឹងសាងសង់រួចរាល់៕ រក្សាសិទ្ធដោយ៖សុទ្ធលី




































