ភ្នំពេញ៖ ក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០១៧ នេះ ទុនវិនិយោគសរុបក្នុងវិស័យសំណង់នេះ មានប្រមាណ ៦,២៦៧ លានដុល្លារ ពោលគឺកើនជាង ២៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៦ ខណៈទុនវិនិយោគក្នុងវិស័យសំណង់ក្នុងឆ្នាំ ២០១៦ មានជាង ៥៥៧៩ លានដុល្លារអាមេរិក មានកំណើន ៦៨% បើប្រៀបធៀបនឹងឆ្នាំ ២០១៥ ដែលមានតែ ៣,៣៣៨ លានដុល្លារ ។
លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា មហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០១៧ របស់សមាគមអ្នកសាងសង់កម្ពុជា និងការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា នៅពេលនេះ ប្រព្រឹត្តទៅក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជា ធានាបានជាប់ជាប្រចាំនូវប្រក្រតីភាពនៃដំណើរការសង្គមសេដ្ឋកិច្ច ពិសេសការធានា និងរក្សាបាននូវសន្តិភាព សន្តិសុខ អធិបតេយ្យភាព ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច ព្រមទាំងលំនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ទោះបីត្រូវប្រឈមនឹងបញ្ហាគ្រប់បែបយ៉ាង ទាំងក្នុងនិងក្រៅប្រទេសក៏ដោយ។
ក្នុងពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទប់ស្កាត់ និងបញ្ជៀសបានយ៉ាងជោគជ័យ នូវការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា ដែលអាចបង្កគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ និងបង្កើតសោនាដកម្មដ៏ខ្មៅងងឹតមកលើប្រជាជាតិខ្មែរដូចពីអតីតកាល ដែលបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ធានារក្សាការពារបាននូវស្ថិរភាពនយោបាយ ស្ថិរភាពសង្គម ឯករាជ្យ អធិបតេយ្យភាពជាតិ និរន្តភាពនៃស្ថាប័នជាតិ ការអនុវត្តច្បាប់ និងការពារបានរដ្ឋធម្មនុញ្ញរបស់ខ្លួន ផ្តល់ឱកាសដល់ការអភិវឌ្ឍសេដ្ឋកិច្ចអាចធ្វើដំណើទៅមុខជាធម្មតា។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ៧% ក្នុងមួយឆ្នាំជាបន្តបន្ទាប់ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្នុងបិរការណ៍អតិផរណាទាប និងអត្រាប្តូរប្រាក់មានស្ថិរភាព បានធ្វើឱ្យប្រជាជនកម្ពុជាគ្រប់ស្រទាប់នៅទូទាំងប្រទេស ទាំងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ទាំងកម្មករនិយោជិត ក្នុងវិស័យឯកជន កាន់តែមានឱកាសក្នុងការស្វែងរកការងារធ្វើ ព្រមទាំងបានបង្កើនប្រាក់ចំណូលបានកាន់តែប្រសើរ ធ្វើឱ្យអត្រាភាពក្រីក្របានធ្លាក់ចុះមកត្រឹម ១៣,៥% ក្នុងឆ្នាំ ២០១៤ ដោយចំណូលប្រជាពលរដ្ឋម្នាក់ៗ បានកើនឡើងដល់ ១.៤៣៥ ដុល្លារ ក្នុងឆ្នាំ ២០១៧ និងអាចនឹងកើនដល់ ១.៥៦៨ ដុល្លារនៅឆ្នាំ ២០១៨។
ក្នុងនោះវិស័យសំណង់ក៏ជាសរសរស្ដម្ភដ៏សំខាន់មួយ ក្នុងចំណោមវិស័យសំខាន់ៗ ដែលជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ។ ទុនវិនិយោគក្នុងវិស័យសំណង់ក្នុងឆ្នាំ ២០១៦ មានជាង ៥៥៧៩ លានដុល្លារអាមេរិក មានកំណើន ៦៨% បើប្រៀបធៀបនឹងឆ្នាំ ២០១៥ ដែលមានតែ ៣៣៣៨ លានដុល្លារ ។ ក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០១៧ នេះ ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ៦២៦៧ លានដុល្លារ ពោលគឺកើនជាង ២៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៦។ លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ក្នុងបរិបទនៃការរីកចម្រើនវិស័យសំណង់ដ៏ឆាប់រហ័សនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយ ដើម្បីឱ្យក្រុមហ៊ុនសំណង់ទាំងអស់ អនុវត្ដតាមបទដ្ឋានគតិយុត្ដ បច្ចេកវិទ្យា និងស្ដង់ដារឱ្យបានត្រឹមត្រូវដើម្បីធានានូវសុវត្ថិភាព ផាសុកភាព និងគុណភាពសំណង់នៅកម្ពុជា ចូលរួមចំណែកអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យ ។ ជាលទ្ធផល គិតត្រឹមខែតុលា ឆ្នាំ ២០១៧ នៅទូទាំងប្រទេសមានទីក្រុងរណបបុរីលំនៅឋាន និងលំនៅឋានមានលក្ខណៈបុរីសរុបចំនួន ១៦៨ ទីតាំង សំណង់អគារខ្ពស់ចាប់ពី ០៥ ជាន់ឡើងទៅមានចំនួនសរុប ៩៧៩ អគារ។
ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានសំណូមពរដល់អ្នកប្រកបអាជីព និងធុរជនក្នុងវិស័យឧស្សាហកម្មសំណង់ទាំងអស់ដែលរួមមានស្ថាបត្យករ វិស្វករ អ្នកប្រឹក្សាយោបល់ អ្នកគ្រប់គ្រងសំណង់ អ្នកសាងសង់ និងអ្នកអភិវឌ្ឍអចលនទ្រព្យឱ្យចូលរួមគោរពច្បាប់ និងបទប្បញ្ញត្ដិពាក់ព័ន្ធវិស័យសំណង់ឱ្យបានត្រឹមត្រូវទាំងអស់គ្នាដូចជា៖ ត្រូវមានលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋានមុនពេលធ្វើការសាងសង់ និងត្រូវអនុវត្ដតាមប្លង់បច្ចេកទេសដែលបានអនុញ្ញាត និងបទប្បញ្ញត្ដិបច្ចេកទេសផ្សេងៗឱ្យបានត្រឹមត្រូវ ។
ក្រុមហ៊ុនប្រកបអាជីវកម្មសាងសង់ និងសិក្សាគម្រោងប្លង់ រួមទាំងក្រុមជាងសំណង់ទាំងអស់ ត្រូវមកស្នើសុំចុះបញ្ជីជាអ្នកប្រកបអាជីវកម្ម ស្របតាមច្បាប់ជាធរមាន។
ត្រូវរៀបចំការដ្ឋានសាងសង់ឱ្យមានសណ្តាប់ធ្នាប់ និងសម្អាតការដ្ឋានឱ្យបានស្អាតជាប្រចាំ រួមទាំងអនាម័យតាមដងផ្លូវសាធារណ: ដូចជាការដឹកបេតុង ដឹកដី និងសម្ភារសំណង់ផ្សេងៗ តាមផ្លូវសាធារណៈជាដើម។ ការដ្ឋានសំណង់ទាំងអស់ត្រូវមានបំពាក់សម្ភារ និងឧបករណ៍សម្រាប់ការពារដល់សុវត្ថិភាព និងសុខភាពដល់កម្មករ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ៣០ ខែវិច្ឆិកា គ.ស. ២០១៧ លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរមហាសន្និបាតបូកសរុបការងារលើកទី៦ របស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីសម្ភាធបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា ឆ្នាំ២០១៧នៅកោះពេជ្រ។
សូមបញ្ជាក់ថា វិនិយោគលើវិស័យសំណង់នៅកម្ពុជា ដែលមានសមាជិកសរុបចំនួន១៤០ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ ក្រុមហ៊ុនលក់ និងចែកចាយសម្ភារៈបរិក្ខារ ឧបករណ៍ គ្រឿងចក្រសំណង់ ព្រមទាំងក្រុមហ៊ុនសេវាកម្មផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងវិស័យសំណង់។ វិស័យសំណង់នៅក្រុងភ្នំពេញ គឺមានការរីកចំរើនខ្លាំង ដែលបង្ហាញឱ្យឃើញតាមរយៈ ទីក្រុងរណប អគារពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារនិងខុនដូប្រណិតៗ ត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់ ដែលមានបុរីចំនួន១៨៨កន្លែង អគារខ្ពស់ចំនួន៩៧៩អគារ។ ក្នុងរយៈពេល ១១ ខែ ឆ្នាំ២០១៧ ទទួលបានគម្រោងសាងសង់ចំនួន៧៧៧ លើផ្ទៃដីសំណង់សរុបជិត៣លានម៉ែត្រក្រឡា ដែលមានទុនវិនិយោគប្រមាណ១,៥ពានលានដុល្លាអាមេរិក៕ ដោយ៖បញ្ញាស័ក្តិ