Saturday, November 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទំនិញ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​នាំយក​ទៅ​អឺរ៉ុប ដោយ​ពុំ​មាន​ជាប់​ពន្ធគយ ជាប់​កូតា​នោះទេ​

​ភ្នំពេញ​ ៖ លោក George EDGAR ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​ក​ម្ពជា បាន​ថ្លែង​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​កម្ពុជា ការ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​សម្រាប់​កម្ពុជា គឺជា​ការអនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម ដែល​សភា​ពាណិជ្ជ​អឺរ៉ុប ផ្តល់​ទៅ​លើ​ប្រទេស ដែល​មាន​ការអភិវឌ្ឍ​តិចតួច ហើយ​អ្វី​ដែល EBA ផ្តល់ជូន គឺ​ការនាំ​ទំនិញ​ពី​ប្រទេស​ទាំងអស់​នោះ ដោយ​មិន​ជាប់​ពន្ធគយ និង​មិន​ជាប់​ការកំណត់​កូតា ហើយ​ចំពោះ​ប្រទេស​កម្ពុជា សភា​ពាណិជ្ជ​អឺរ៉ុប បាន​បញ្ចូល​គ្រប់​ទំនិញ​ទាំងអស់ លើកលែង​តែ​ការនាំ​ចេញ​អាវុធ​។​

​លោក George EDGAR បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ក្នុងឱកាស​ដែល​លោក​អញ្ជើញ ជា​អធិបតី​ក្នុង​វេទិកា​សារ​ព័ត៌​មាន ក្រោម​ប្រធានបទ ជំនួញ និង​កិច្ចអភិវឌ្ឍន៍ នៅ​សណ្ឋាគារ​មួយ រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​លោក Tasilo Brinser អនុប្រធាន​នៃ​សភា​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា លោក ប៉ែន បូ​ណា ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា និង​អ្នកសារព័ត៌មាន​មកពី​គ្រប់​ស្ថាប័ន​ជាច្រើន​នាក់​។​

​លោក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប បាន​បន្ថែមទៀតថា បើ​និយាយ​ពី​ប្រទេស ដែល​មាន​ការអភិវឌ្ឍ​តិចតួច ជា​ការពិត​វា​ជា​ការដាក់​ចំណាត់ការ ដោយ​អង្គការសហប្រជាជាតិ ដែល​គិត​អំពី​ផលិតផល​ក្នុងស្រុក​សរុប (​ផ​.​ស​.​ស​) ក្នុង​ប្រជាជន​ម្នាក់ ប៉ុន្តែ​បើ​គិត​ពី​សន្ទុះ​នៃ​ការអភិវឌ្ឍ​មនុស្ស​មានន័យថា គេ​គិត​ទៅលើ​ប្រទេស​មួយ នឹង​អាច​មាន​ភាព​រងគ្រោះ​កម្រិតណា ប្រសិនបើ​មាន​វិបត្តិ​ហិរញ្ញាវត្ថុ មាន​ការកើតឡើង​នៃ​គ្រោះធម្មជាតិ ប្រជាពលរដ្ឋ​អាច​ងើប​ផុត​ពី​ភាពក្រីក្រ ហើយ​អាច​ធ្លាក់ចុះ​មក​ភាពក្រីក្រ​វិញ​កម្រិតណា ដូចនេះ​គេ​វាស់វែង​ទៅលើ​ភាព​ងាយ​រងគ្រោះ​ទាំងអស់នោះ ហើយ​ក៏​គេ​គិត​ទៀត​ថា ប្រទេស​នោះ​ផ្តោតទៅលើ​ផលិតកម្ម​កសិកម្ម ឬ​ប្រាក់​ចំនូល​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ ឡើង​ដល់​កម្រិត​មួយ​ជាទី​ពេញចិត្ត​។​

​ដូច្នេះហើយ​ការ​ដាក់​កម្រិត​របស់ UN គេ​នឹង​ធ្វើ​ការកែសម្រួល​រយៈពេល​៣​ឆ្នាំ​ម្តង ហើយ​ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា ចេញផុត​ពី​ប្រទេស ដែល​មាន​ការអភិវឌ្ឍ​តិចតួច​ទាល់តែ​ប្រទេស​កម្ពុជា ឈាន​ទៅ​ដល់​មួយកម្រិត​ទៀត​ជាប់ៗ​គ្នា​២​ដង ដែល​ម្តង​មាន​រយៈពេល​៣​ឆ្នាំ មានន័យ​ថា ៦​ឆ្នាំ​ទៀត គឺ​នៅ​ឆ្នាំ​២០២៤ ប្រទេស​កម្ពុជា​ងើប​ចេញ​ពី​ការអភិវឌ្ឍ​តិចតួច​ហើយ ពេលនោះ EBA និង​ផ្តល់​រយៈពេល​អនុគ្រោះ​៣​ឆ្នាំ​បន្ថែមទៀត ដូចនេះ​ទាល់តែ​ឆ្នាំ​២០២៧ ទើប​ប្រទេស​កម្ពុជា អាច​នឹង​ត្រូវ​ដកចេញ​ពី EBA បើ​គិត​ពី​លក្ខណៈ​ទ្រឹស្តី​នេះ ដូចនេះ​សម្រាប់​ប្រទេស​កម្ពុជា និង​បន្ត​ការ​អនុគ្រោះ​ពន្ធ មាន​រយៈពេល​ច្រើន​ឆ្នាំ​ទៀត​។​

​លោក​បន្តថា សព្វថ្ងៃនេះ ទំនិញ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​នាំយក​ទៅ​អឺរ៉ុប ដោយ​ពុំ​មាន​ជាប់​ពន្ធគយ ជាប់​កូតា​នោះទេ ។ ទំនិញ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ភាព​ប្រកួតប្រជែង​ខ្លាំង ជាង​ទំនិញ​ពី​ប្រទេស​ផ្សេងទៀត ដែល​ងើប​ចេញពី​ប្រទេស ដែល​មាន​ការអភិវឌ្ឍ​តិចតួច ព្រោះ​ប្រទេស​ទាំងអស់​នោះ ត្រូវ​គោរព​តាម​គោល​ការ​មួយចំនួន ដូចជា​ត្រូវ​ជាប់​ពន្ធគយ និង​ជាប់​កូតា​ជាដើម​។​

​លោក George EDGAR បាន​ថ្លែងថា បើ​តាម​ការព្យាករណ៍រ​បស់​ធនាគារពិភពលោក លើ​ផលិតផល​ក្នុងស្រុក​សរុប សម្រាប់​ប្រជាជន​កម្ពុជា​ម្នាក់ បង្ហាញថា ការអនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម (EBA) ដែល​សភា​ពាណិជ្ជ​អឺរ៉ុប ផ្តល់​ឲ្យ​ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​តិចតួច គឺ​ប្រទេស​កម្ពុជា អាច​ទទួលបាន​ការអនុគ្រោះ​ពន្ធ រហូតដល់​ឆ្នាំ​២០២៧​។​

​លោក Tasilo Brinser បានឱ្យដឹងថា ក្រុមហ៊ុន​អឺរ៉ុប​មាន​វត្តមាន​នៅ​កម្ពុជា ជា​យូរ​ឆ្នាំ​មកហើយ ហើយ​សហភាព​អឺរ៉ុប បាន​ធ្វើ​ការងារ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​លើកកម្ពស់​នៅ​កំណើនសេដ្ឋកិច្ច ហើយ​វា​ពិតជា​មាន​សារសំខាន់​ណាស់ ដែល​សាធារណជន​ទូទៅ បានដឹង​អំពី​អ្វី​ដែល​សហភាព​អឺរ៉ុប បាន​កំពុង​ធ្វើ​នៅ​កម្ពុជា និង​ការប្តេជ្ញាចិត្ត​របស់​សហ​ភាព​អឺរ៉ុប ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា​។ សហភាព​អឺរ៉ុប បាន​ផ្សព្វផ្សាយ​ច្រើនណាស់ ដើម្បី​ទាក់ទាញ ការវិនិយោគ​ពី​អឺរ៉ុប មក​ប្រទេស​កម្ពុជា ដោយ​បាន​រៀបចំ​ជា​កម្មវិធី​ផ្សព្វ​ផ្សាយ​ព័ត៌មាន នៅ​អឺរ៉ុប​ដូចជា ការរៀបចំ​ជា​ពិព័រណ៍​ពាណិជ្ជកម្ម បាន​ផ្តល់​ព័ត៌មាន​ដល់​អ្នក​វិយោគ​ទុន​នៅ​អឺរ៉ុប ដែល​មាន​គោល​បំណង​មក​វិយោគ​នៅ​ប្រទេស​កម្ពុជា ដោយ​បាន​រៀបចំ​ជា​គេហទំព័រ ហើយក៏​បាន​ផ្សព្វផ្សាយ ពី​ឱកាស​វិនិយោគ​នៅ​ប្រទេស​កម្ពុជា តាមរយៈ​សភាពណិជ្ជកម្ម ជា​បណ្តាញ​របស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប ដើម្បី​ឱ្យ​ពួកគេ​បានដឹង​ពី​ព័ត៌មាន និង​សក្តានុពល​នៅក្នុង​ប្រទេស​កម្ពុជា​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

  

×