ក្នុងដំណើរទស្សនៈកិច្ចឥណ្ឌា នៅសប្តាហ៍នេះ កូនស្រីប្រធានាធិបតីអាមេរិក Donald Trump នាង Ivanka ត្រូវបានទទួលស្វាគមន៍យ៉ាងពិសេស អធិកអធម តាមពិធីការទទួលព្រះមហាក្សត្រ។
កូនស្រី និងជាទីប្រឹក្សាជាន់ខ្ពស់ ប្រធានាធិបតី Trump នាង Ivanka រួមនឹងប្រតិភូអាមេរិកដល់ទៅ ៣៥០នាក់ តាំងពីថ្ងៃទី ២៨/១១ បានចាប់ផ្តើមដំណើរទស្សនៈកិច្ចនៅឥណ្ឌា ដើម្បីចូលរួមសន្និសីទកំពូលរបស់អ្នកជំនួញពិភពលោក (GES) ប្រព្រឹត្តទៅនៅ Hyderabad ប្រទេសឥណ្ឌា។
ក្រៅពីចំណាយថវិកាដើម្បីជួសជុលទីក្រុងនេះ ឥណ្ឌានៅបានកតញូប្រមូលប៉ូលិស ទីភ្នាក់ងារសន្តិសុខដល់ទៅ ១០.០០០នាក់ ដើម្បីការពារសន្និសីទនេះ ហើយនៅទីនោះនាង Ivanka នឹងថ្លែងនូវសុន្ទរកថា ជំរុញលើកទឹកចិត្តឲ្យនារីធ្វើការដឹកនាំមុខជំនួញ។
“ត្រូវបានទទួលតាមពិធីការមហាក្សត្រ”
ក្រៅពីការចូលរួម និងថ្លែងសុន្ទរកថា នៅសន្និសីទអ្នកជំនួញ Ivanka នៅបាននាយករដ្ឋមន្ត្រីឥណ្ឌា Norendra Modi អញ្ជើញចូលរួមពិធីលាងសាយភោជន៍នៅវិមាន Taj Falaknuma ទីក្រុង Hyderabad ។
តាម Hindustan Times នាង Ivanka ត្រូវបានទទួលដោយប្រើរទេះសេះ តាមពិធីការព្រះមហាក្សត្រ ដើម្បី “យាង” ទៅកាន់វិមានដែលស្ថិតនៅទីទួលមួយ។ គ្រាន់តែរទេះទៅដល់ឈប់ពីមុខក្លោងទ្វារនៃវិមាន នាងត្រូវបានស្វាគមន៍ដោយ “ភ្លៀង” ផ្កាកូឡាប។
តុជប់លៀងគឺត្រូវបានរៀបចំទទួល មនុស្សបាន ១០១នាក់ហើយជាតុដ៏ធំសម្រាប់ការលាងសាយភោជន៍ ភ្ញៀវលំដាប់កំពូលធំជាងគេលើពិភពលោក។ នេះជាពិធីលាងសាយភោជន៍ដែលនាយករដ្ឋមន្ត្រី Modi ជប់លៀងជូននាង Ivanka និងឥស្សរៈជនអ្នកជំនួញកំពូលៗ ១០០ នាក់។
ក្រៅពីអាហារពិសេសៗ ក្នុងនោះមានមុខម្ហូប Biryani ដ៏ល្បីល្បាញរបស់ទីក្រុង Hyderabad នោះ ភ្ញៀវម្នាក់ៗមាន “Menu” និងអ្នកបម្រើផ្ទាល់ខ្លួន ដោយឡែកពីគ្នា។
អ្នកគ្រប់គ្រងវិមាននេះឲ្យដឹងថា ៖ “ចុងភៅទាំងឡាយរបស់យើងខ្ញុំបានធ្វើការពុំនឿយហត់ បំណងនាំយកនូវអារម្មណ៍ស្រស់ថ្លាដល់ភ្ញៀវរបស់យើង ហើយសង្ឃឹមថា វាជាព្រឹត្តិការណ៍គួរឲ្យចងចាំសម្រាប់លោកនាយករដ្ឋមន្ត្រី Modi និងនាង Ivanka”។
តាម Hindustan Times ដដែលនោះ នាង Ivanka ជាមន្ត្រីបរទេសជាន់ខ្ពស់ដំបូងមកទស្សនានៅវិមាននេះ ចាប់តាំងពីវាត្រូវបានប្រែក្លាយ ជាសណ្ឋាគារដ៏ទំនើបមួយនោះ។
ប៉ុន្តែចំពោះតំណាងរាស្ត្រនៃបក្សជំទាស់លើកឡើងថា នាយករដ្ឋមន្ត្រី Modi បានបំពានពិធីការទូតគ្រាបដិសណ្ឋារកិច្ចទទួលនាង Ivanka បែបនេះ ព្រោះជាក់ស្តែងនាងជាទីប្រឹក្សាប្រធានាធិបតី ពុំមែនជាប្រមុខរដ្ឋប្រទេសមួយឡើយ៕ ចន្ទ្រា
តាម Hindustan Times , India West