នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃ៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រីបណ្ឌិត Najat Maalla M’jid តំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកអំពើហិង្សាលើកុមារ នៅទីស្តីការក្រសួងកិច្ចការនារី។
ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រីបណ្ឌិត ព្រមទាំងបានថ្លែងអំណរគុណចំពោះភ្នាក់ងារអង្គការសហប្រជាជាតិ ជាពិសេសអង្គការ UNICEF នាពេលកន្លងមក ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិកុមារនៅកម្ពុជា។
ក្នុងជំនួបនេះបានផ្ដោតលើការផ្តល់ឱកាសឱ្យមានកិច្ចពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងសកម្មភាពរួមគ្នាដែលមានការសម្របសម្រួលរវាងក្រសួងកិច្ចការនារី និងភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីបង្ការ និងឆ្លើយតបចំពោះការរំលោភបំពានលើកុមារ ការកេងប្រវ័ញ្ច អំពើហិង្សាគ្រប់ទម្រង់លើកុមារ និងទម្លាប់រើសអើង/អវិជ្ជមាន ដែលមានផលប៉ះពាល់ដល់កុមារនៅកម្ពុជា។
ក្នុងជំនួបនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រសួងកិច្ចការនារី ក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ រួមមានក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ រួមទាំងភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ អំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) និងការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង។រក្សាសិទ្ធដោយ៖សុទ្ធលី











