អតីតរដ្ឋមន្ត្រីការបរទេសថៃ និងអគ្គលេខាធិការអាស៊ាន លោក សុរិន ពិតសុវណ្ណ បានទទួលមរណៈភាពកាលពីថ្ងៃម្សិលមិញ នៅវ័យ ៦៨ឆ្នាំ ដោយរោគគាំងបេះដូង។ នេះបើតាមការចេញផ្សាយរបស់ភ្នាក់ងារសារព៌តមានចិន Xinhua។
លោក សុរិន បានដួលខណៈពេលលោកកំពុងរៀបចំឡើងនិយាយនៅសន្និបាត Halal ឆ្នាំ ២០១៧ នៅទីក្រុងបាងកក ប្រទេសថៃ។ គាត់ត្រូវបានគេប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យ Ramkhamhaeng កន្លែងដែលលោកត្រូវបានគេប្រកាសថា ទទួលមរណៈ។
ប្រវត្តិសិក្សា និងការងារ
លោក សុរិន កើតនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ១៩៤៩ នៅស្រុកមង ខេត្តណាខុន ស៊ី ថាំមារ៉ាត (Nakhon Si Thammarat)។ លោកបានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រនយោបា ពីសកលវិទ្យាល័យ Claremont ក្នុងរដ្ឋកាលីហ្វញ៉ា ក្នុងឆ្នាំ ១៩៧២ និងបានបញ្ជប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ នៅសកលវិទ្យាល័យ Harvard។
លោកបានចូលធ្វើនយោបាយក្នុងឆ្នាំ ១៩៨៦ ដោយធ្វើជាបេក្ខជនរបស់គណបក្សអ្នកប្រជាធិបតេយ្យ និងបានឈ្នះអាសនៈនៅក្នុងស្រុកកំណើតរបស់លោក គ្រប់ការបោះឆ្នោតពីឆ្នាំ ១៩៨៦ ដល់ ២០០៥។
លោក សុរិនគឺជាអនុរដ្ឋមន្ត្រីការបរទេសចាប់ពីឆ្នាំ ១៩៩២ ដក់ឆ្នាំ ១៩៩៥ និងបានឡើងជារដ្ឋមន្ត្រីការបរទេសចាប់ពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០០១ ដែលនៅពេលនោះមាននាយករដ្ឋមន្ត្រីឈ្មោះ Chuan Leekpai។ លោក គឺជាប្រជាជនថៃដំបូងបង្អស់ដែលបានក្លាយជាអគ្គលេខាធិការអាស៊ាន ដែលលោកបានកាន់តំណែងនេះនៅក្នុងទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ក្នុងឆ្នាំ២០០៨ សំរាប់មួយអាណិត្តរយៈពេល ៥ឆ្នាំ មុនពេលចូលរួមម្តងទៀតជាមួយនឹងគណបក្សអ្នកប្រជាជិបតេយ្យ។
ពិធីបុណ្យសពរបស់លោកកំពុងប្រព្រឹត្តិនៅថ្ងៃសុក្រនេះ ក្នុងខេត្តណុនថាបុរី៕ សុភ័ក្ត្រ