ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនត្រូវចោទចំនួន ៥នាក់ ជាប់ពាក់ព័ន្ធនឹងការផ្តល់សំបុត្របញ្ជាក់កំណើត និងឯកសារសម្រាប់ធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ដល់ជនបរទេស ដោយខុសច្បាប់?.

ខេត្តតាកែវ ៖ ចៅក្រមស៊ើបសួរ នៃ
សាលាដំបូងខេត្តតាកែវ កាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន ៥នាក់ ជាប់ពាក់ព័ន្ធនឹងការផ្តល់សំបុត្របញ្ជាក់កំណើត និងឯកសារសម្រាប់ធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ដល់ជនបរទេស ដោយខុសច្បាប់។

ជនត្រូវចោទទាំង៥នាក់នេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ:ការ ផ្តល់លិខិតបញ្ជាក់មិនពិត និងបញ្ចូលទិន្នន័យមិនពិតនៅក្នុងបញ្ជី និងបទសម គំនិតក្នុងអំពើផ្តល់លិខិតបញ្ជាក់មិនពិត និងបញ្ចូលទិន្នន័យមិនពិតក្នុងបញ្ជី ។

យោងតាម សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តតាកែវ បានឱ្យដឹងថា: មានជនត្រូវចោទ ទាំង៥នាក់ មានឈ្មោះ៖

១-ឈ្មោះ កៅ ភឿន ភេទប្រុស អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ (មានខ្លួន)

២-ឈ្មោះ មាស សម្បត្តិ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ (មានខ្លួន) ត្រូវបានចោទប្រកាន់ពីបទ៖ ផ្តល់លិខិតបញ្ជាក់មិនពិត និងបញ្ចូលទិន្នន័យមិនពិតនៅក្នុងបញ្ជី ប្រព្រឹត្តនៅភូមិសោម ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ កាលពីអំឡុងឆ្នាំ២០១៤ ដល់ឆ្នាំ២០២៦ បទល្មើស ព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៦៣៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា១៦៩ នៃ ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។

៣-ឈ្មោះ ញ៉ុន ញ៉ាន់ ភេទប្រុស អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ (មានខ្លួន)

ត្រូវបានចោទប្រកាន់ពីបទ៖ សមគំនិតនៅក្នុងអំពើផ្តល់លិខិតបញ្ជាក់មិនពិត និងបញ្ចូល ទិន្នន័យមិនពិតនៅក្នុងបញ្ជី ប្រព្រឹត្តនៅភូមិសោម ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ កាលពីអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៩ និងមាត្រា៦៣៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា១៦៩ នៃច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។

៤-ឈ្មោះ អ៊ុក សុង ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ (មានខ្លួន)

៥-ឈ្មោះ ប៊ុន យ៉េន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ (មានខ្លួន)

អ្នកទាំងពីរនាក់នេះ ត្រូវបានចោទប្រកាន់ពីបទ៖ សមគំនិតនៅក្នុងអំពើផ្តល់លិខិតបញ្ជាក់មិនពិត និងបញ្ចូល ទិន្នន័យមិនពិតនៅក្នុងបញ្ជី ប្រព្រឹត្តនៅភូមិសោម ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ កាលពីអំឡុង ឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៩ និង មាត្រា៦៣៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា១៦៩ នៃច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និង អត្តសញ្ញាណកម្ម។

៦-បក្ខពួក ត្រូវបានចោទប្រកាន់ពីបទ៖ សមគំនិតនៅក្នុងអំពើផ្តល់លិខិតបញ្ជាក់មិនពិត និងបញ្ចូល ទិន្នន័យមិនពិតនៅក្នុងបញ្ជី ប្រព្រឹត្តនៅភូមិសោម ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ កាលពីអំឡុងឆ្នាំ២០១៤ ដល់ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៩ និងមាត្រា៦៣៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា១៦៩ នៃច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។

យោងតាមអ្នកនាំពាក្យសាលាដំបូងខេត្តតាកែវ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងនាយកដ្ឋានចារកម្ម បានធ្វើការឃាត់ខ្លួនឈ្មោះ Chau Soi ភេទប្រុស អាយុ៥៩ឆ្នាំ សញ្ជាតិ វៀតណាម នៅចំណុចក្រុងតាខ្មៅ ខេត្តកណ្តាល តាមដីកាស្វែងរកចាប់ខ្លួនលេខ 04/TTXH ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០០៦ របស់ប្រទេសវៀតណាម ចោទពីបទ ឆបោកទ្រព្យសម្បត្តិ ។

ក្រោយ ធ្វើការឃាត់ខ្លួនឈ្មោះ Chau Soi កម្លាំងសមត្ថកិច្ច បានរកឃើញ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមាន ឈ្មោះ ម៉ោង ផាត ភេទប្រុស មានទីលំនៅភូមិទន្លាប់ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ ។

បន្ទាប់មក កម្លាំង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្លាំងនាយកដ្ឋានចារកម្ម សហការជាមួយកម្លាំងផែនការងារអត្តសញ្ញាណកម្ម និងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះធ្វើការស្រាវជ្រាវ រហូតធ្វើការឃាត់ខ្លួនជនត្រូវចោទចំនួន ៥នាក់ មានដូចជា ១.ឈ្មោះ មាស សម្បត្តិ ភេទប្រុស អាយុ៣៩ឆ្នាំ, ២.ឈ្មោះ ញ៉ុន ញ៉ាន់ ភេទប្រុស អាយុ៦៩ឆ្នាំ, ៣.ឈ្មោះ អ៊ុក សុង ភេទប្រុស អាយុ៥៦ឆ្នាំ, ៤.ឈ្មោះ ប៊ុន យ៉េន ភេទប្រុស អាយុ៤៦ឆ្នាំ និង៥.ឈ្មោះ កៅ ភឿន ភេទប្រុស អាយុ៦៩ឆ្នាំ មកធ្វើការ សាកសួរ និងការស៊ើបអង្កេត ។

បន្ទាប់ពីការស៊ើបអង្កេត ជនត្រូវចោទទាំង ៥នាក់នេះ ត្រូវបានចោទប្រកាន់ ដោយជាប់ពាក់ព័ន្ធនឹង អង្គហេតុនៃការផ្តល់សំបុត្របញ្ជាក់កំណើត និងឯកសារសម្រាប់ធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ដល់ជនបរទេស ដោយខុសច្បាប់ ។

បន្ទាប់ពីបានពិនិត្យលើឯកសារ និងភស្តុតាងពាក់ព័ន្ធនានាដែលមាននៅក្នុងសំណុំរឿង ចៅក្រម ស៊ើបសួរបានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន លើជនត្រូវចោទចំនួន ៥នាក់ រួមមាន ១.ឈ្មោះ កៅ ភឿន, ២.ឈ្មោះ មាស សម្បត្តិ, ៣.ឈ្មោះ ញ៉ុន ញ៉ាន់, ៤.ឈ្មោះ អ៊ុក សុង និង៥.
ឈ្មោះ ប៊ុន យ៉េន ហើយ ចៅក្រមស៊ើបសួរកំពុងបន្តចំណាត់ការតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម