ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បើកការស្រាវជ្រាវបង្ក្រាបករណីឃាតកម្មនៅស្រុកភ្នំក្រវាញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់

ខេត្តពោធិ៍សាត់៖ ដោយអនុវត្តតាមប្រសាសន៍ចង្អុលការរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ក្នុងការយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការបង្ការ បង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សហការជាមួយអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្មមួយកើតឡើងនៅក្នុងមូលដ្ឋានស្រុកភ្នំក្រវាញ។

ប្រតិបត្តិការនេះមានការដឹកនាំ និងចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ហែម មុនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដោយបានដឹកនាំកម្លាំងជំនាញធ្វើការត្រួតពិនិត្យ ស្រាវជ្រាវ និងធ្វើត្រាប់តាមលំដាប់លំដោយនៃហេតុការណ៍ ដើម្បីប្រមូលភស្តុតាង និងបញ្ជាក់ពីសកម្មភាពដែលពាក់ព័ន្ធនឹងករណីខាងលើ។

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ បានឱ្យដឹងថា ករណីឃាតកម្មនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១៥និង៣០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បណ្តាលឱ្យបុរសជាម្ចាស់ផ្ទះឈ្មោះ អ៊ុ ឆុត ហៅអឿន អាយុ៥០ឆ្នាំ បាត់បង់ជីវិតនៅក្នុងបន្ទប់ក្រោមផ្ទះ។

តាមការស្រាវជ្រាវបឋម ករណីនេះត្រូវបានសង្ស័យថា បង្កឡើងដោយបុរសឈ្មោះ ឈឿង ប៉ារីស អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិឃុំជាមួយជនរងគ្រោះ។ មូលហេតុដំបូងនៃជម្លោះ ត្រូវបានរាយការណ៍ថា កើតចេញពីការប៉ះទង្គិចពាក្យសម្តីរវាងអ្នកទាំងពីរ ក្នុងពេលចូលរួមកំដរបុណ្យសពរយៈពេល៧ថ្ងៃ កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។

នៅក្នុងកម្មវិធីនោះ ជនរងគ្រោះ និងជនសង្ស័យបានអង្គុយជាមួយអ្នកភូមិមួយចំនួន ដោយមានការលេងបៀរ និងពិសាស្រាស។ ក្នុងពេលនោះ ជនរងគ្រោះបាននិយាយពាក្យមិនសមរម្យទៅកាន់ជនសង្ស័យ ខណៈជនសង្ស័យបានឆ្លើយតបដោយស្នើសុំកុំឱ្យមានការធ្វើបាបខ្លួន។ បន្ទាប់មក ពុំមានការឈ្លោះប្រកែកគ្នាបន្តទៀតឡើយ ហើយជនរងគ្រោះក៏បានត្រឡប់ទៅផ្ទះមុន។

តាមរបាយការណ៍បានបញ្ជាក់ថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ជនសង្ស័យបានចេញពីផ្ទះរបស់ខ្លួន ធ្វើដំណើរទៅផ្ទះជនរងគ្រោះ ដែលមានចម្ងាយប្រមាណ២០០ម៉ែត្រ ដោយមានចេតនាប្រព្រឹត្តអំពើហិង្សាលើជនរងគ្រោះ។ ពេលទៅដល់ ជនសង្ស័យបានចូលទៅក្នុងបន្ទប់ក្រោមផ្ទះ ដែលជនរងគ្រោះកំពុងសម្រាក ហើយបានប្រើវត្ថុរឹង និងអាវុធកាំបិតដែលមាននៅក្បែរនោះ បង្កឱ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ រហូតបាត់បង់ជីវិត។

ក្រោយកើតហេតុ ជនសង្ស័យបានចាកចេញពីកន្លែងកើតហេតុ និងព្យាយាមបិទបាំងសកម្មភាពរបស់ខ្លួន មុនពេលត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវរកឃើញ និងឃាត់ខ្លួនបាន ដើម្បីនាំមកសាកសួរ និងអនុវត្តនីតិវិធីច្បាប់។

ជាមួយគ្នានេះ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ហែម មុនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញបានធ្វើការត្រួតពិនិត្យទីតាំង និងធ្វើត្រាប់តាមសកម្មភាពពាក់ព័ន្ធនឹងករណីនេះ ដើម្បីបង្ហាញពីដំណើររឿង និងប្រមូលភស្តុតាងបន្ថែម ស្របតាមនីតិវិធីជំនាញ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន និងកំពុងស្ថិតក្រោមការកសាងសំណុំរឿងរបស់សមត្ថកិច្ច ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ ចាត់ការតាមនីតិវិធីច្បាប់។

ករណីនេះជាការរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូប ឱ្យចេះអត់ឱន យោគយល់ និងដោះស្រាយបញ្ហាដោយសន្តិវិធី ជៀសវាងការប្រើប្រាស់ពាក្យសម្តី ឬអំពើហិង្សាដែលអាចបង្កជាជម្លោះធ្ងន់ធ្ងរ និងនាំឱ្យមានផលវិបាកដល់អាយុជីវិត ព្រមទាំងត្រូវចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម