នៅថ្ងៃទី១០ខែតុលា ក្រុងវ៉ាស៊ីនតោន បានប្រកាសចោទប្រកាន់ជាផ្លូវការពីបទចារកិច្ចលើមន្ត្រីចារកិច្ចចិនម្នាក់ ដែលចាប់ខ្លួនបាននៅប្រទេសប៊ែលហ្សិក និងដែលប៊ែលហ្សិកបានធ្វើបត្យាប័នទៅឱ្យវ៉ាស៊ីនតោនហើយ។ មន្ត្រីចារកិច្ចចិន នេះ ត្រូវជាប់សង្ស័យពីបទប៉ុនប៉ងលួចការសម្ងាត់របស់ក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍។
នេះជាលើកទីមួយហើយ ដែលមានករណីធ្វើបត្យាប័នភ្នាក់ងារចារកិច្ចចិនទៅអាមេរិក ! អាមេរិកបានចោទ Yanjun Xu ហៅ Qu Hui ឬ Zhang Hui ថាបានប៉ុនប៉ងតាំងពីឆ្នាំ២០១៣មក ស្វែងរកព័ត៌មានសម្ងាត់ៗជាច្រើនពីក្រុមហ៊ុនឧស្សាហកម្មយន្តហោះមួយចំនួនធំ មានជាអាទិ៍ក្រុមហ៊ុន General Electric Aviation។ ការចាប់ខ្លួន Yanjun Xu ប្រព្រឹត្តទៅក្នុងខណៈដែលអាមេរិកកំពុងមានសង្គ្រាមពាណិជ្ជកម្មជាមួយចិន និងទើបបានចោទប៉េកាំងថាលួចជ្រៀតជ្រែកក្នុងបោះឆ្នោត រំលោភសិទ្ធិមនុស្ស បង្ក្រាបជនជាតិភាគតិច ឈ្លានពានសេដ្ឋកិច្ច លួចបច្ចេកវិទ្យា … នេះមានន័យថាអាមេរិកបានបញ្ចេញទង្វើជាក់ស្តែង ចាប់ខ្លួនអ្នកធ្វើចារកម្មតែម្តង មិនមែនត្រឹមតែស្រែកថាដឹងអំពីករណីចារកិច្ចទេ។ កាលពីចុងខែកញ្ញា អាមេរិកក៏បានចាប់ខ្លួនជនជាតិចិនម្នាក់ដែរ នៅរដ្ឋហ្ស៊ីកាហ្កោ ពីបទសង្ស័យចារកិច្ចក្នុងវិស័យការពារជាតិ។
Yanjun Xu ត្រូវបានចោទជាភ្នាក់ងារចារកិច្ចរបស់ក្រសួងសន្តិសុខជាតិចិន ដែលបានឱ្យទៅធ្វើសិក្ខាសាលានៅតាមមហាវិទ្យាល័យផ្សេងៗ ដោយចេញសំបុត្រយន្តហោះឱ្យ។
ជាប់អន្ទាក់អាមេរិកនិងចាប់ខ្លួននៅថ្ងៃទី១ខែមេសា ប៊ែលហ្សិកបានធ្វើបត្យាប័នមន្ត្រីចារកិច្ចចិនដែលត្រូវជាប់ចោទពីបទ “ប៉ុនប៉ងធ្វើចារកម្មសេដ្ឋកិច្ច” ទៅឱ្យអាមេរិកកាលពីថ្ងៃអង្គារ។ សវនាការកាត់ទោស នឹងប្រព្រឹត្តទៅរដ្ឋ Ohio ហើយភ្នាក់ងារចារកិច្ចចិនរូបនេះអាចនឹងត្រូវមានទោសជាប់ពន្ធនាគារ១៥ឆ្នាំ។ ប៉ុន្តែសម្រាប់ប៉េកាំង ការប្រកាន់របស់អាមេរិកចំពោះភ្នាក់ងារចារកិច្ចចិនចាប់ខ្លួនបាននៅប៊ែលហ្សិក ជាការចោទប្រកាន់ខ្យល់។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានអះអាងបន្ថែមនៅព្រឹកមិញ ទៅកាន់អ្នកសារព័ត៌មាន ថា ចិនសង្ឃឹមលើភាគីអាមេរិកក្នុងការគោរពច្បាប់ និងសិទ្ធិ របស់ជនជាប់ចោទជាពលរដ្ឋចិន៕សូយន