មេដឹកនាំកូរ៉េខាងជើង Kim Jong-un បានចំណាយប្រមាណ500.000 USD ដើម្បីទិញរថយន្តទំនើប ម៉ាកRolls Royce ក្នុងពេលដែលពលរដ្ឋខ្លួនកំពុងត្រូវការជំនួយមនុស្សធម៌បំផុត។
ចុងសប្តាហ៍កន្លងមក មេដឹកនាំ Kim មានជំនួបការងារជាមួយប្រមុខការទូតអាមេរិក Mike Pompeo នៅរដ្ឋធានីព្យុងយ៉ាង។ អ្នកកាសែតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញលោកដើរចេញពីរថយន្តទំនើបមួយគ្រឿងដែលមានអក្សរ R ជាប់នៅថាសកង់ ហើយនេះជានិមិត្តសញ្ញាសម្គាល់រថយន្តRolls Royce ។
តាម Mirror រថយន្តនេះមានតម្លៃប្រមាណ 360.000 ផោនអង់គ្លេស (480.000 USD) ។ គួររំលឹកថា មុននេះលោកKim ច្រើនប្រើប្រាស់រថយន្តប្រភេទ limousine Mercedes Maybach S600 Pullman Guard ។
បច្ចុប្បន្នពលរដ្ឋនៅប្រទេសនេះប្រមាណ៤០ភាគរយកំពុងប្រឈមនឹងការខ្វះអាហារូបត្ថម្ភ ហើយបើតាមអង្គការស្បៀងអាហារពិភពលោក (WFP) ថាមានពលរដ្ឋកូរ៉េខាងជើងដល់ទៅ១០លាននាក់រងសភាពបាក់កម្លាំង ចាំបាច់ត្រូវមានស្បៀងអាហារបន្ថែម៕
លីសា