ខេត្តកំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោកគួច ចំរើន បានស្នើអោយមន្ត្រីជំនាញ ពាក់ពន្ធ័រួមសហការគ្នា រកដំណោះស្រាយធ្វើយ៉ាងស្តារនិងកសាងឡើងវិញ ច្រាំងទន្លេគល់ស្ពានកោះប៉ែន បាក់ស្រុត បង្កខូចខាតផ្ទះមួយខ្នងត្រូវស្រុតចុះ ក្រោយរដូវទឹកជំនន់ស្រកទៅវិញនេះ។
កាលពីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ លោកអភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញពាក់ពន្ធ័ចុះពិនិត្យមើល និងសិក្សាជួសជុលឡើងវិញ តាមច្រាំងទន្លេស្ពានគល់កោះប៉ែនដែលរងគ្រោះដោយបាក់ច្រាំងទន្លេបង្កខូចខាតផ្ទះមួយខ្នងត្រូវស្រុតចុះ ដែលសាងសង់ខុសបច្ចេកទេសភូមិន្ទបាល ហើយបន្តចុះពិនិត្យមើលច្រាំងទន្លេត្រង់ចំណុចកំពង់រងចាំដែលស្រុតនិងប្រេះជើងច្រាំង។
ក្នុងនោះដែរលោក គួច ចំរើន បានលើកឡើងថា មុននឹងចាប់ផ្តើមកសាងអ្វីមួយដែលរងហានិភ័យខ្ពស់ត្រូវសិក្សាឲ្យល្អិតល្អន់ជាមុនសិនដើម្បីបញ្ជៀសគ្រោះថ្នាក់និងខាតបង់ប្រាក់កក់ជាដើម។
ក្នុងឱកាសនោះលោកអភិបាលខេត្ត បានស្នើដល់មន្ត្រីជំនាញពាក់ពន្ធ័ទាំងអស់ ចូលរួមសហការគ្នារកដំណោះស្រាយរកមធ្យោបាយធ្វើយ៉ាងស្តារនិងកសាងឡើងវិញ ដោយកុំឲ្យមានផលប៉ះពាល់បន្ទាប់ពីរដូវទឹកជំនន់ហើយស្រកទៅវិញ។
ចំណែក អគារមណ្ឌលសុខភាពឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម បានបាក់ចូលទន្លេមេគង្គហើយ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨។ គ្មានអ្នករងរបួស ឬស្លាប់ទេ។
គណនីហ្វេសប៊ុកមួយបានរៀរាប់ថា តាំងពីតូចៗរហូតដល់ខ្ញុំធំ ជិះពីឃុំកំណើតពុកកោះសូមទិន ទៅលេងឃុំកំណើតរបស់ម៉ាក់ នៅឯព្រែកតានង់ តែងតែជិះកាត់មណ្ឌលសុខភាពឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម ជានិច្ច ហើយក៏ធ្លាប់ទៅលាងរបួសនៅក្នុងមណ្ឌលសុខភាពឃុំកំពង់រាប នៅពេលដួលម៉ូតូនៅជិតមណ្ឌលសុខភាពឃុំកំពង់រាបនោះ តែពេលនេះអគារមណ្ឌលសុខភាពឃុំកំពង់រាប ត្រូវបានបាក់ចូលច្រាំងទន្លេមេគង្គ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ទៅហើយលែងបានឃើញទៀតហើយ សូមចូលរួមសោកស្តាយជាមួយនឹងក្រុមគ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន និងប្រជាជន ក្នុងឃុំកំពង់រាប ផង។
បងប្អូនធ្លាប់មកលេងស្ពានកោះប៉ែន ខេត្តកំពង់ចាម ។ ផ្ទះប្រជាពលរដ្ឋនៅកៀកនឹងស្ពានកោះប៉ែន ត្រូវបានប្រេះស្រុត ខូចខាតយ៉ាងខ្លាំង អាចនឹងបាក់ស្រុតចូលទន្លេ ដែលមានហានិភ័យខ្ពស់ ដល់អាយុជីវិតប្រជាពលរដ្ឋ។
បន្ទាប់ពីទឹកជំនន់ដែលឡើងមកជន់លិចផ្ទះពលរដ្ឋ និងស្រែចំការត្រូវបានស្រក ប៉ុន្តែបែរជាមានករណីផ្ទះពលរដ្ឋដែលនៅប្របនឹងមាត់ទន្លេ កៀកនឹងស្ពានកោះប៉ែននោះ ត្រូវបានប្រេះស្រុតរងការខូចខាត បង្កការភិតភ័យខ្លាច ក្នុងការរស់នៅលើផ្ទះរបស់ខ្លួន។
ប្រជាពលរដ្ឋនៅទីនេះ ជាពិសេសម្ចាស់ផ្ទះតែម្តង បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ដោយបានកំពុងអំពាវរកជំនួយនានា ក៏ដូចជាកាកបាទក្រហមកម្ពុជា តែងតែគិតគូរពីសុខទុក្ខពលរដ្ឋគ្រប់ទីកន្លែង។
ប្រជាពលរដ្ឋ សូមសំណូមពរ ដល់ខាងបច្ចេកទេសការដ្ឋានសង់ស្ពាន លោកអភិបាលក្រុង ពិសេសលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម សូមជួយពិនិត្យ និងមានវិធានការដោះស្រាយចំពោះផ្ទះរបស់ពួកគាត់ ដែលប្រេះស្រុត អាចនឹងបាក់ចូលទឹកទន្លេ គំរាមដល់អាយុជីវិតរបស់ពួកគាត់គ្រប់ពេលវេលា។
ពលរដ្ឋសង្ឃឹមថា អាជ្ញាធរគ្រប់លំដាក់ថ្នាក់ក្នុងខេត្តកំពង់ចាម ដែលជាឪពុកម្តាយ ជាអាណាព្យាបាលរបស់ពួកគាត់នោះ និងជួយដោះស្រាយជូន ជាក់ជាមិនខាន។
ពិតជាគួរឲ្យអាណិតណាស់ដោយផ្ទះថ្មល្វែងរបស់ចុងភៅ ប៉ាវ ចាន់ធី រស្មីសុខា មិនទាន់សាងសង់រួច១០០ភាគរយផងនោះ ត្រូវបាក់ស្រុតនៅផ្នែកខាងក្រោយខ្លាំងមិនអាចរស់នៅកើតឡើយ។ ជាមួយនោះសមាជិកក្រុមគ្រួសារបាននាំគ្នាចាកចេញទៅរស់នៅផ្ទះបងប្អូនជាបណ្តោះអាសន្ន ព្រោះខ្លាចផ្ទះរលំបាក់សង្កត់លើអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ហើយផ្ទះដែលរងគ្រោះដោយការបាក់ស្រុតនេះមានចំនួន២ផ្ទះ ។
លោក ហ៊ុន លឹមហួរ អាយុ៤៣ឆ្នាំ មានផ្ទះនៅជាប់មាត់ទន្លេ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១១ តុលា ២០១៨ថា ក្រោយពីបានរៀបការរួច រូបលោកបានមកសាងសង់ផ្ទះឈើរហូតមកដល់សព្វថ្ងៃនេះមានរយៈពេលជិត២០ឆ្នាំហើយដោយបានប្រឹងប្រែងរកស៊ីលក់ដូរ និងធ្វើរបងបេតុងនៅក្រោយផ្ទះ ដើម្បីសុវត្ថិភាពសម្រាប់គ្រួសាររបស់គាត់ ហើយច្រាំងទន្លេមេគង្គក្រោយផ្ទះមិនដែលបាក់នោះទេ។
លោកហ៊ុន លឹមហួរ ប្រាប់បន្តថា ក្រោយមកទៀតកងវិស្វកម្មរបស់ក្រសួងការពារជាតិ បានសាងសង់ស្ពានបេតុងមួយកាត់ទន្លេមេគង្គ តភ្ជាប់ពីត្រើយក្រុងកំពង់ចាម ទៅឃុំកោះមិត្ត ស្រុកកំពង់សៀម ក្នុងពេលរដូវវស្សាចូលមកដល់ឆ្នាំ២០១៨នេះ នៅក្រោយផ្ទះរបស់គាត់មានគ្រឿងចក្ររបស់ក្រុមធ្វើស្ពានកោះប៉ែន បានមកឈូសឆាយដីដើម្បីចាក់ខឿនការពារកុំឲ្យបាក់ស្រុតនោះ។ តែក្រោយទឹកបានស្រកទៅវិញ គិតមកដល់ព្រឹកថ្ងៃទី១១ តុលា ២០១៨ របងបេតុងខាងក្រោយផ្ទះ បានស្រុតរងការខូចខាតខ្លះក៏ស្នើសុំឲ្យខាងកងវិស្វកម្ម មកជួយសាងសង់រៀបចំធ្វើច្រាំងទន្លេឡើងវិញផង ។
ចំណែកលោកប៉ាវ ចាន់ធី អាយុ៥២ឆ្នាំ ម្ចាស់ចុងភៅយីហោ ប៉ាវ ចាន់ធី រស្មីសុខា ក៏ប្រាប់ដែរថាថា ដើមដំបូងផ្ទះរបស់គាត់ជាប្រភេទផ្ទះឈើ ដោយបានមកធ្វើនៅជាប់មាត់ទន្លេមេគង្គជិត២០ឆ្នាំហើយ ក្រោយមកទៀតដោយមានកូនប្រុសស្រី៥នាក់ ហើយផ្ទះកាន់តែចាស់ និងរាងចង្អៀតផងនោះ ក៏រុះចេញ ហើយខ្ចីលុយធនាគារឯកជនចំនួន២ម៉ឺនដុល្លារ បូករួមទាំងលុយក្នុងហោប៉ៅទៀតគឺជាង៣ម៉ឺនដុល្លារឯណោះ មកធ្វើផ្ទះថ្មមានទំហំ៥,៥០ម៉ែត្រគុណ១០,៥០ម៉ែត្រ ដោយបានខិតខំប្រឹងឲ្យជាងធ្វើរៀបការ៉ូ ឡើងស្អាត និងពេញចិត្ត។
លោកប៉ាវ ចាន់ធី បន្តទៀតថា កន្លងមកពេលដែលទឹកទន្លេមេគង្គឡើងមកក្នុងឆ្នាំ២០១៨នេះ កម្លាំងកងវិស្វកម្ម បានយកគ្រឿងចក្រមកឈូសឆាយដី ច្រាំងទន្លេក្រោយផ្ទះគាត់ដើម្បីរៀបចំចាក់ដីនៅក្បាលស្ពានកោះប៉ែន ។ ស្របពេលដែលទឹកទន្លេមេគង្គបានចាប់ផ្តើមស្រកទៅវិញ ស្រាប់តែបាក់ស្រុតរបងផ្ទះ និងផ្ទះ ក៏ត្រូវបានស្រុតបាក់ខូចខាតខ្លាំង ការខូចខាតនេះគាត់ដាក់ការសង្ស័យថា អាចមកពីមានការឈូសឆាយដីច្រាំងនេះ ហើយទើបបណ្តាលឲ្យផ្ទះគាត់រងការខូចខាត ហើយក៏សូមស្នើសុំឲ្យខាងកងវិស្វកម្មសាងសង់ស្ពាន មេត្តាជួយដោះស្រាយក្នុងកំរិតណាមួយតាមដែលអាចធ្វើទៅបាននោះ៕ ដោយ ៖ បញ្ញាស័ក្តិ