គ្រាប់មីន ១០គ្រាប់ មានរំសេវផ្ទុះប្រមាណ ២គីឡូក្រាម ដែលគេច្រើនប្រើសម្រាប់អាជីវកម្មរ៉ែ ត្រូវបានលួចបង្កប់នៅទូរ ATM នាតំបន់ស្នាក់នៅ មាន៩ជាន់ របស់ក្រុមហ៊ុនធ្យូងថ្ម NAM MAU ស្ថិតនៅសង្កាត់ Yen Thanh ទីក្រុង Uong bi ខេត្តក្វាងនីញ (ក្វាងនីញ) វៀតណាម ។

ប្រភពពី Zing News នៅព្រឹកថ្ងៃទី ១៣ ខែតុលា បុគ្គលិកធនាគារ SBH សាខា Uong Bi បានទៅបើកកេសដែកដើម្បីបញ្ចូលលុយបន្ថែមទៅក្នុងទូរ ATM ក៏សំឡឹងឃើញដុំ១ចំនួន មានរាងទ្រវែង បណ្តោយប្រហែល ២០សង់ទីម៉ែត្រ សង្ស័យថាជារំសេវផ្ទុះ ។
ហេតុការណ៍នេះ កើតឡើងនៅទូរ ATM ២ ហើយស្ថិតនៅពីខាងក្រោយចំហៀងអគារ CT1 ដែលជាអគារស្នាក់នៅសមូហភាព មាន ៩ជាន់ របស់ក្រុមហ៊ុនធ្យូងថ្ម Nam Mau ។
មីន ១០ដុំ ដាក់នៅទូរ ATM ត្រូវបានដោះចេញដោយសុវត្ថិភាព ប៉ូលិសខេត្ត Quang Ninh បានទៅឡោមព័ទ្ធកន្លែងកើតហេតុភ្លាមៗ ព្រមទាំងប្រកាសជម្លៀសប្រជាជនរាប់ពាន់នាក់ ដែលស្ថិតនៅតំបន់គ្រោះថ្នាក់ ។
រហូតដល់ល្ងាចថ្ងៃដដែលវេលាម៉ោង ១៤និង១០នាទី ទើបដុំមីន៦ដុំ នៅទូរ ATM លេខ៧ និង ៤ដុំ នៅទូរ ATM លេខ ៨ ត្រូវបានដោះចេញ ។ តាមការប៉ាន់ស្មាន បរិមាណរំសេវផ្ទុះសរុបមានប្រមាណ ២គីឡូក្រាម ។
រហូតដល់ម៉ោង ១៩ ថ្ងៃទី១៣ ខែតុលា ទើបពលរដ្ឋបានវិលត្រឡប់មកលំនៅដ្ឋានវិញ ប៉ុន្តែគេពុំទាន់អនុញ្ញាតឲ្យទូរ ATM ទាំង២ដំណើរការទេ ។
លោក Pham Thanh Toan ប្រធានវិស្វកម្មយោធាខេត្ត បានប្រាប់ថា នេះជាប្រភេទមីនសម្រាប់បន្ទុះក្នុងវិស័យអាជីវកម្មរ៉ែ ហើយជនល្មើសបានតភ្ជាប់វាដោយខ្សែអគ្គិសនី និងអាចបន្ទុះបានគ្រប់ពេល ។
ប្រអប់បច្ចេកទេសរបស់អគារត្រូវបានបង្កប់មីនទាំងនោះ
តាមការសន្និដ្ឋានបឋម គឺមានលទ្ធភាពច្រើនជាសកម្មភាពបំផ្លាញ ពុំមែនដើម្បីយកលុយទេ ព្រោះជនល្មើសបានបង្កប់វានៅតំបន់មានមនុស្សច្រើន ។ ម្យ៉ាងទៀត ជនល្មើសជាអ្នកយល់ដឹង និងមានសមត្ថភាពប្រើប្រាស់រំសេវផ្ទុះ ។
ពេលនេះសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត ។
តំបន់ស្នាក់នៅត្រូវបានបង្កប់មីន មានចម្ងាយពីផ្លូវជាតិលេខ 18A ប្រមាណ ៧០ម៉ែត្រ ៕ ចន្ទ្រា