មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រម្សិលមិញ បានបោះឆ្នោត ជ្រើសរើសប្រទេសសមាជិកថ្មីសម្រាប់អាសនៈមួយភាគបី នៃអាសនៈសរុប ៤៧របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។ ភ្លាមៗ នៅក្រោយការបោះឆ្នោតដែលមានសំឡេងគាំទ្រ ភាគច្រើន មហាសន្និបាត ស្ថាប័នអន្តរជាតិមួយនេះ បានរងការរិះគន់ វាយប្រហារពីអង្គការនិងសកម្មជនការពារសិទ្ធិមនុស្ស ទាំងនៅអឺរ៉ុប និងនៅអាមេរិកខាងជើង។ រិះគន់ព្រោះថា នៅក្នុងចំណោមប្រទេសសមាជិកចំនួន១៨ ដែលត្រូវបានជ្រើសរើសសម្រាប់អាណត្តិបីឆ្នាំ (ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២) របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ មានប្រទេសចំនួន៦ ដូចជាហ្វីលីពីន បារ៉ែន បង់ក្លាដែស សូមាលី កាមឺរូន អេរីត្រេ ដែលកំពុងរងការចោទប្រកាន់ថា កំពុងមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

ក្រុមអង្គការសិទ្ធិមនុស្សបានប្រឆាំងទៅនឹងបោះឆ្នោតជ្រើសរើសប្រទេសហ្វីលីពីន ដោយបាននិយាយថា ប្រទេសនេះមិនគួរចូលរួមក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សទេ និងបានហៅប្រទេសហ្វីលីពីនថាជាប្រទេសរំលោភសិទ្ធិមនុស្ស។
នៅក្នុងសេចក្តីថ្លែងការណ៍រួមនៅថ្ងៃសុក្រ ក្រុមអង្គការនៅអឺរ៉ុប អាមេរិក និងកាណាដា បានវាយតម្លៃថា បើសិនគេមើលទៅលើស្ថានភាពសិទ្ធិមនុស្ស ប្រទេសទាំង៦ខាងលើ មិនសក្តិសមនឹងទទួលបានអាសនៈ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនោះទេ។ លោកLouis Charbonneau អ្នកតំណាងរបស់អង្គការHuman Rights Watch នៅអង្គការសហប្រជាជាតិបានចាត់ទុកការបោះឆ្នោតរបស់មហាសន្និបាត អង្គការសហប្រជាជាតិ ថា កាសើចចំអក ដល់អត្ថន័យនៃការបោះឆ្នោត និងជារឿងគួរឲ្យអស់សំណើច ដោយសារតែគ្មានការប្រកួតប្រជែង។
ជាលើកទី១ ក្នុងប្រវត្តិសាស្ត្របោះឆ្នោតរបស់ខ្លួន ក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានអនុញ្ញាតឲ្យតំបន់នីមួយៗ ក្នុងចំណោមតំបន់ទាំង៥ នៅក្នុងពិភពលោក ជ្រើសរើសប្រទេសក្នុងតំបន់របស់ខ្លួន ទៅតាមកូតា ដែលត្រូវការ សម្រាប់អាសនៈ មួយភាគបីរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។ អ្វីដែលចម្លែកលើកនេះ គឺ ក្រុមប្រទេសនៅក្នុងតំបន់នីមួយ បានយល់ព្រមព្រៀងគ្នាជាមុន ដាក់បេក្ខជនឲ្យគ្រប់ទៅតាមកូតាចង់បាន គឺ ចំនួន១៨អាសនៈ ពោលគឺគ្មានការប្រកួតប្រជែង រវាងប្រទេស ដូចមុនៗនោះទេ។
លោក Duterte ដែលបានជាប់ឆ្នោតកាលពីឆ្នាំ២០១៦ បានបង្កក្តីបារម្ភដល់ពួកអ្នករាយការណ៍អង្គការសហប្រជាជាតិអំពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសហ្វីលីពីន។ កាលពីដើមឆ្នាំ២០១៨នេះ រដ្ឋាភិបាលរបស់លោកបានដកសមាជិកភាពពីតុលាការ ព្រហ្មទណ្ឌអន្តរជាតិ ICC បន្ទាប់ពីតុលាការនេះបានពិនិត្យមើលការចោទប្រកាន់នានាថាលោក Duterte និងក្រុមមន្ត្រីផ្សេងៗទៀតបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀន។
ក៏ប៉ុន្តែលោក Duterteបានអនុញ្ញាតឲ្យរដ្ឋាភិបាលហ្វីលីពីនបង្កើតគណៈកម្មការសិទ្ធិមនុស្សដើម្បីត្រួតពិនិត្យមើលរបាយការណ៍សម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការដល់ទៅ ១២០០០នាក់ រួមទាំងអនីតិជនផងដែរ ក្រោមស្នាដៃរបស់ពួកប៉ូលិស។
លោក Duterte ក៏បានអនុម័តលើកំណែទម្រង់សិទ្ធិជាមូលដ្ឋានបស់ពលរដ្ឋហ្វីលីពីនផងដែរ។ នេះបើយោងតាមការប្រាប់ឲ្យដឹងពីរដ្ឋមន្ត្រីការបរទេសរបស់លោក Duterte៕សូយន