នៅក្នុងសន្និសីទកាសែតក្រោយកិច្ចប្រជុំប្រចាំឆ្នាំរួមគ្នារវាងមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកលើកោះបាលី ប្រទេសឥណ្ឌូណេស៊ីដែលអគ្គនាយិកាធនាគារពិភពលោកលោកស្រីគ្រីស្តាលីណា យ័រយីវ៉ាបានប្រាប់ឲ្យដឹងថា ធនាគារពិភពលោកបានតម្កល់លុយ ១ ០០០លានដុល្លារឲ្យរដ្ឋាភិបាលឥណ្ឌូណេស៊ីចាយវាយសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ដែលរងគ្រោះដោយរញ្ជួយដីនាថ្មីៗកន្លងទៅ។ ទឹកប្រាក់ ១ ០០០លានដុល្លារនេះមិនមែនជាជំនួយទេ តែជាប្រាក់កម្ចី នេះជាការលំអិតបន្ថែមរបស់លោកស្រីគ្រីស្តាលីណា។ នាយិកាធនាគារពិភពលោករូបនេះបានបញ្ជាក់ថា ប្រាក់កម្ចីនេះអាចប្រើនៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធខូចខាតផង និងអាចប្រើដើម្បីបង្ការទប់គ្រោះធម្មជាតិនាពេលខាងមុខផង។

តាមលោកស្រី Christina Lina វិធីសាស្ត្រដ៏ប្រសើរក្នុងការជួយជនរងគ្រោះ គឺការកសាងហេដ្ឋារចនាសម្ព័ន្ធដែលខ្ទេចខ្ទីឡើងវិញ និងរិះរកវិធានការយ៉ាងដើម្បីឲ្យគ្រោះធម្មជាតិនាពេលខាងមុខសម្លាប់មនុស្សតិច និងមានការខូចខាតតិចតួច។ គួររម្លឹកជូនថា ឥណ្ឌូណេស៊ីបានជួបគ្រោះរញ្ជួយដីច្រើនដងនារយៈពេលថ្មីៗនេះ ហើយធ្ងន់ធ្ងរជាងគេ គឺគ្រោះស៊ូណាមីបំផ្លាញស្រុកបាលូស្ទើរទាំងស្រុងដោយបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងតិច ២ ០០០នាក់ និងបាត់ខ្លួនជាច្រើនរយនាក់ផ្សេងទៀត។ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានប្រកាសថា ការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញអាចប្រើពេលដល់ទៅ ២ឆ្នាំ ពិសេសការងារសាងសង់លំនៅដ្ឋានឲ្យពលរដ្ឋដែលបាត់បង់អស់រលីង។
លោកស្រី Surya Yanindra Wattanima រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី មូលយ៉ានី អ៊ីនដ្រាវ៉ាទីបានអរគុណធនាគាពិភពលោកចំពោះប្រាក់កម្ចីចំនួន ១ ០០០លានដុល្លារ ព្រមទាំងប្រាក់ជំនួយចំនួន ៥លានដុល្លារដែលស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយនេះគ្រោងជួយក្រុមគ្រួសាររងគ្រោះដោយគ្រោះធម្មជាតិក្នុងស្រុកបាលូ៕សូយន