សេចក្តីថ្លែងការណ៍ខាងលើត្រូវបានប្រកាសបន្ទាប់ពីហូឡង់ចោទប្រកាន់រុស្ស៊ីថាបានវាយប្រហារលើបណ្ដាញ Internet សំដៅអង្គការហាមឃាត់អាវុធគីមី (OPCW) មានស្នាក់ការនៅ The Hague។

នៅថ្ងៃទី១៤ខែតុលា បើតាមSputnik ដែលដកស្រង់សម្តីរដ្ឋមន្ត្រីការពារជាតិហូឡង់ Ank Bijleveld ប្រកាសថា ប្រទេសនេះកំពុងស្ថិតក្នុងស្ថានភាព«សង្គ្រាមបណ្ដាញ»ជាមួយរុស្ស៊ី។
អ្នកស្រីរដ្ឋមន្ត្រីថ្លែងថា «អ្វីៗដែលកើតឡើងគឺគ្រោះថ្នាក់បំផុត»ហើយចោទប្រកាន់បណ្តាញចារបុរសរបស់ស្ថាប័នចារកម្មយោធារុស្ស៊ី(GRU) មានវាយប្រហារឧបាយកលបណ្ដាញInternet សំដៅលើអង្គការហាមឃាត់អាវុធគីមី (OPCW)តាំងពីខែមេសាមកម៉្លេះ។
សប្តាហ៍មុននេះហូឡង់បានកោះហៅឯកអគ្គរដ្ឋទូតរុស៊្សី មកកាន់ក្រសួងការបរទេស ក្រោយពេលចោទប្រកាន់ជនជាតិរុស្ស៊ី៤នាក់ថាបានរកវិធីវាយលុកបណ្ដាញInternet សំដៅលើ
OPCW នៅThe Hague ។
រដ្ឋមន្រ្តីការពាជាតិដដែលថាហូឡង់បានចំណាយបន្ថែមថវិកាក្នុងវិស័យសន្តិសុខបណ្ដាញ ក្រោយទទួលបានព័ត៌មានពីហេតុការណ៍នេះ រួចស្នើសុំ NATO ប្រើទាហានបណ្ដាញរបស់ប្រទេសនេះ។
មុននោះ តាំងពីថ្ងៃទី៤ខែតុលា អ្នកស្រីរដ្ឋមន្ត្រីឱ្យដឹងថា ស្ថាប័នចារកម្មរបស់ហូឡង់បានបកអាក្រាតសកម្មភាពប៉ុនប៉ងវាយលុកបណ្ដាញ OPCW របស់ក្រុងមូស្គូនៅថ្ងៃទី១៣ ខែមេសា ពេលដែលជនសង្ស័យទាំងនោះបានបើកបររថយន្តមួយផ្ទុកពេញដោយបរិក្ខារអេឡិចត្រូនិក រួចសំចតជិតទីស្នាក់ការ OPCW ។ភស្តុតាងជាខ្សែវីដេអូខាងលើធ្វើឱ្យហូឡង់បង្ខំចិត្តបណ្តេញពលរដ្ឋរុស្ស៊ីកាន់លិខិតឆ្លងដែនការទូតចេញពីប្រទេសខ្លួន។
ចំណែកក្រុងមូស្គូបានបដិសេធការចោទប្រកាន់ ព្រោះថាវាខ្វះភស្តុតាង ហើយថានេះជាយុទ្ធនាការឃោសនាសំដៅប្រឆាំងនឹងរុស្ស៊ី៕លីសា