មេដឹកនាំកូរ៉េខាងជើង Kim Jong-un ទើបធ្វើការបដិសេធមិនព្រមផ្តល់បញ្ជីមូលដ្ឋាននុយក្លេអ៊ែរដល់ប្រមុខការទូតអាមេរិក Mike Pompeo ដរាបណាភាគីទាំងសងខាងមិនទាន់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍បញ្ចប់សង្គ្រាមកូរ៉េ(1950-1953)។

នេះគឺជាខ្លឹមសារចុះផ្សាយលើកាសែតYomiuri Shimbun ខណៈពេលដែលប្រមុខការទូតអាមេរិកសំណូមពរឱ្យផ្តល់យ៉ាងតិចមួយផ្នែក នៃបញ្ជីរាយនាមមូលដ្ឋាននុយក្លេអ៊ែរ ប៉ុន្តែមេដឹកនាំកូរ៉ខាងជើងKim Jong-un បានឆ្លើយតបថា ដរាបណាពុំទាន់មានចំណងទាក់ទងទុកចិត្តបាន រវាងក្រុងព្យុងយ៉ាងនិងក្រុងវ៉ាស៊ីនទេនោះ ចំណែកអាមេរិកក៏នឹងគ្មានជំនឿលើបញ្ជីដែលផ្តល់ឱ្យដោយកូរ៉េខាងជើងដែរ ។
គួររំលឹកថា មេដឹកនាំកូរ៉េខាងជើងនិងប្រមុខការទូតអាមេរិក បានជួបគ្នានៅក្រុងព្យុងយ៉ាងកាលពីថ្ងៃទី៧ ខែតុលាកន្លងមក។គ្រានោះភាគីទាំងពីរបានឯកភាពនិងបញ្ជាឱ្យក្រុមការងារធ្វើកិច្ចពិភាក្សា៤ចំណុចដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំKim និងប្រធានាធិបតីអាមេររិកDonald Trump ចុះហត្ថលេខានៅសិង្ហបុរីកាលពីខែមិថុនា។
តាមសេចក្តីថ្លែការណ៍រួមនោះ មេដឹកនាំKim សន្យាឈានទៅការរំសាយនុយក្លេអ៊ែរទាំងស្រុងលើឧបទ្វីបកូរ៉េដើម្បីប្តូរយកការធានាសន្តិសុខ ទាំងស្រុងពីភាគីអាមេរិក៕លីសា