សកម្មជនកាពារបរិស្ថានឥណ្ឌាបានស្លាប់ បន្ទាប់ពីគាត់បង្អត់អាហាររយៈពេល១១១ថ្ងៃ សំដៅបង្កសម្ពាធបង្ខំឱ្យរដា្ឋភិបាលមានវិធានការការពារទន្លេគង្គាដ៏ស័ក្តិសិទ្ធិកំពុងរងទទួលនូវការបំពុល។

ក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ នៃទីក្រុងRishikesh បានបញ្ជាក់ថា លោកGD Agarwal អាយុ៨៧ឆ្នាំ បានទទួលមណភាពនៅថ្ងៃទី១១ ខែតុលា ដោយសារគាំងបេះដូង ផ្តើមចេញពីបញ្ហាមិនបរិភោគអាហារ ។
តាមកាសែត The Guardian ចាប់ពីថ្ងៃទី២២មិថុនាមក លោកGD Agarwal ផឹកតែទឹកលាយជាមួយស្ករ ក្រូចឆ្មារនិងទឹកឃ្មុំ ដើម្បីបង្ហាញនូវការប្រឆាំងចំពោះរដ្ឋាភិបាលដែលគ្មានវិធានការការពារទន្លេគង្គា ដែលមានបណ្តោយប្រវែង 2.524 km រ ទុកឱ្យវារងការបំពុលដោយសំរាមនិងកាកសំណល់រោងចក្រ។
នាយករដ្ឋមន្រី្តឥណ្ឌា Narendra Modi ធ្លាប់បានប្រកាសថា ការសម្អាតទន្លេគង្គាគឺជាកិច្ចការអាទិភាពមួយរបស់រដ្ឋាភិបាល ប៉ុន្តែអ្នកជំនាញការជាច្រើន រួមជាមួយបណ្តាសកម្មជនការពារបរិស្ថាន ដូចជាលោកGD Agarwal ឱ្យដឹងថា ទន្លេគង្គាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរងការបំពុលធ្ងន់ធ្ងរឡើងៗ។

គួររំលឹកថា លោកGD Agarwal ធ្លាប់បានបង្អត់អាហារ៣៨ថ្ងៃកាលពីឆ្នាំ២០០៩ ហើយប៉ុន្មានដងក្រោយមកទៀត ដើម្បីគោលបំណងតែមួយគត់គឺការពារទន្លេគង្គាដ៏ស័ក្តិសិទ្ធិ។
យ៉ាងនេះក្តី លើបណ្ដាញសង្គម Twitter នាយករដ្ឋមន្ត្រី Narendra Modi បានសរសេរសារចែករំលែកចំពោះមរណភាពរបស់លោកGD Agarwal ថា៖ មនុស្សគ្រប់រូបចងចាំមិនភ្លេចដល់កិច្ចប្រឹងប្រែងការពារបរិស្ថានរបស់លោក ពិសេសគឺការសម្អាតទន្លេគង្គា៕លីសា