នៅថ្ងៃទី១៦ខែតុលា មន្ត្រីជាន់ខ្ពស់តួកគីម្នាក់ឱ្យដឹងថា ក្នុងការឆែកឆេរស្ថានកុងស៊ុលSaudi Arabia នៅIstanbul, ប៉ូលិសប្រទេសនេះបានរកឃើញ«ភស្តុតាង»បញ្ជាក់ថា អ្នកកាសែតJamal Khashoggi បានត្រូវគេសម្លាប់នៅទីនោះ ។

មុននេះប្រភពមួយពីក្រសួងការបរទេសតួកគីឱ្យដឹងថា គេនឹងធ្វើការឆែកឆេរស្ថានកុងស៊ុលSaudi Arabia នៅIstanbul,នៅថ្ងៃទី១៦ខែតុលា ដើម្បីស៊ើបអង្កតករណីអ្នកកាសែតJamal Khashoggi បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងកាលពី សប្តាហ៍មុន ហើយមានលទ្ធភាពច្រើនណាស់ដែលទង្វើនេះបានកើតឡើងក្នុងទីលាននៃស្ថានកុងស៊ុលនេះ ព្រោះគេបានរកឃើញថាមានការលាបពណ៌ថ្មីៗនៅពីលើទីលាននោះ។ សមត្ថកិច្ចតួកគីសង្ស័យថាវាជាទង្វើលុបបំបាត់ភស្តុតាង។
ថ្លែងទៅកាន់អ្នកកាសែត ប្រធានាធិបតីតួកគី Recep Tayyip Erdogan ពោលថា៖ ការស៊ើបអង្កតកំពុងពិនិត្យមើលតម្រុយជាច្រើន ជាអាទិ៍អាចមានសារធាតុបំពុលត្រូវបានលុបចោលដោយប្រើវិធីលាបថ្នាំពីលើ។ ខ្ញុំសង្ឃឹមថាអាចទទួលបានលទ្ធផលសមស្របកាន់តែឆាប់កាន់តែល្អ៕លីសា