តាមទីភ្នាក់ងារសារព័ត៌មាន Tass អ្នកនាំពាក្យរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO) Oana Lungescu, NATO លើកឡើងថា រុស្ស៊ីត្រូវទទួលខុសត្រូវចំពោះការដែលអាមេរិកសម្រេចចិត្តដកខ្លួនចេញពីសន្ធិសញ្ញាកម្មវិធីអាវុធនុយក្លេអ៊ែរ រយៈចម្ងាយមធ្យម(INF)។

អ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់កាលពីថ្ងៃទី២១ ខែតុលាថា ក្រុងមូស្គូប្រាកដជាបានបំពានយ៉ាងធ្ងន់ធ្ងរក្នុងកិច្ចព្រមព្រៀងនេះ ។អ្នកស្រីពោលថា៖ «បណ្តាសម្ព័ន្ធមិត្តNATO បានលើកឡើងជាច្រើនដងអំពីកង្វល់ចំពោះការដែលរុស្ស៊ីខ្វះការគោរពកិច្ចសន្យាជាអន្តរជាតិរបស់គេ រួមទាំង INF ដែលត្រូវបានចុះហត្ថលេខាទ្វេភាគីនៅឆ្នាំ១៩៨៧ រវាងអាមេរិកនិងសហភាពសូវៀត ។
ក្នុងសន្និសីទកំពូល NATO កាលពីខែកក្កដា នៅ Brussels បណ្តាសម្ព័ន្ធមិត្តបានសង្កត់ធ្ងន់ថា អាមេរិកបានអនុវត្តន៍ត្រឹមត្រូវនូវកិច្ចសន្យារបស់គេដែលមានចែងក្នុង INF ក្នុងនោះមានទង្វើជាច្រើនបានកើតឡើងក្នុងរយៈពេលច្រើនឆ្នាំ ធ្វើឱ្យមានកង្វល់កាន់តែកើនឡើងផងដែរចំពោះភាពស្មោះត្រង់របស់រុស្ស៊ី។
NATOនឹងបន្តប្រឹក្សាអំពីបញ្ហានេះ ហើយនឹងលើកយកទៅពិភាក្សាក្នុងសន្និសីទរដ្ឋមន្ត្រីការពារជាតិ NATO ក្នុងខែតុលានេះ ។NATOបានសង្កត់ធ្ងន់ថា បណ្តាសម្ព័ន្ធមិត្តបានព្យាយាមប្រឹងប្រែងអស់ពេលច្រើនឆ្នាំហើយដើម្បីអន្តរាគមន៍ជាមួយរុស្ស៊ីលើបញ្ហនេះ ទាំងក្នុងក្របខ័ណទ្វេភាគីនិងពហុភាគី។
គួរកត់សម្គាល់ថា តាំងពីឆ្នាំ២០១៤មក NATO បានផ្អាកជាបណ្តោះអាសន្ននូវកិច្ចចរចានយោបាយជាមួយរុស្ស៊ី ដែលជាយន្តការមួយត្រូវជួបប្រជុំពីមួយ-ពីរលើក ក្នុងមួយខែ តែកន្លងមកមានកិច្ចប្រជុំមិនបាន១០លើកផងក្នុងអំឡុង៤ឆ្នាំកន្លងមក៕
សូយន