Wednesday, June 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​រុករក MH370 ក្នុង​តំបន់​ព្រៃ​កម្ពុជា បាន​បោះបង់​ការរុករក ព្រោះ​ប៊ិះ​អស់​ជីវិត​

​ក្រុម​រុករក​សញ្ជាតិ​អង់គ្លេស​ពីរ​នាក់​បងប្អូន​បង្កើត Ian Wilson និង Jack បានសម្រេច​ចិត្ត​ផ្អាក​ការរុករក​យន្តហោះ​បាត់​ខ្លួន ​MH370 នៅ​តំបន់ភ្នំ​ Phnom Aoral ក្រោយពី​ពួកគេ​ជួបប្រទះ​នូវ​ឧបសគ្គ​ជាច្រើន រួមទាំង​ការ​ប៊ិះ​អស់​ជីវិត​ផង​។​

​តាម​ទីភ្នាក់ងារ​សា​ព័ត៌មាន Sputnik បងប្អូន​ត្រកូល Wilson​ទាំង​ពីររូប​បានសម្រេច​ចិត្ត​ផ្អាក​យុទ្ធនាការស្វែងរក MH370 របស់ខ្លួន​។

​កាលពី​សប្តាហ៍​មុន ត្រកូល​Wilson ទាំងពីរ​នាក់​នេះ​បានចាប់ផ្តើម​ដំណើរ​រុករក​ក្នុង​ចម្ងាយ​ផ្លូវ​ព្រៃ​ប្រមាណ​៨​គីឡូម៉ែត្រ​ឆ្ពោះទៅកាន់​ទីតាំង MH370 ដែល​ពួកគេ​រកឃើញ​រូបភាព​វា​តាមរយៈ Google Maps ។​តាម​អ្នក​ទាំងពីរ ទីតាំង​របស់​ MH370 ស្ថិតនៅ Phnom Aoral ដែលជា​កំពូលភ្នំ​ខ្ពស់បំផុត​នៅ​ប្រទេស​កម្ពុជា​។ ផ្លូវ​ដែល​ពួកគេ​បានធ្វើ​ដំណើរ គឺ​ត្រូវ​ទម្លុះ​ឆ្លង​តំបន់​ព្រៃ​ក្រាស់​ សម្បូរ​ទៅដោយ​ជ្រោះ​ជ្រលង​ដងអូរ និង​ផ្ទាំង​ថ្ម​ធំៗ​។​

​ត្រកូល​Wilson​ទាំងពីរ ត្រូវបាន​ប្រជាជន​នៅ​តំបន់​នោះ​ជួយ​នាំ​ផ្លូវ​ដើរកាត់​ព្រៃ​ឆ្លងកាត់​ជ្រោះ រំលង​ផ្ទាំង​ថ្ម​ធំៗ​។ ដំណើរ​ប៉ុន្មាន​ថ្ងៃ បានធ្វើឱ្យ​ពួកគេ​ទាំងពីរ​រងរបួស​ពេញ​ខ្លួន​។​ប៉ុន្តែ​ពេលទៅដល់​តំបន់​មួយ​នោះ ប្រជាជន​នៅ​តំបន់ដែលជា​អ្នក​នាំ​ផ្លូវ​បាន​ទូន្មាន​ពួកគេ​ថា​ពុំគប្បី​ចូល​ជ្រៅ​ទៀត​ទេ ហើយ​គួរ​លះបង់​កិច្ចប្រឹងប្រែង​រុករក​យន្តហោះ​នេះ​ទៅ​។​

Ian Wilson (​ស្តាំ​) និង Jack(​ឆ្វេង​) និង​អ្នក​នាំ​ផ្លូវ​ក្នុង​ដំណើរ​ស្វែងរក MH370

Ian Wilson បាន​ពោល​ប្រាប់​Daily Star online របស់​អង់គ្លេស​ថា ៖«​យើងខ្ញុំ​បាន​រងរបួស​ជាច្រើន ការ​រអិលដួល និង​ដំណើរ​ដែល​ទាមទារ​ឱ្យ​តោង​ទាញ​ឡើង ពិតជា​ធ្វើឱ្យ​ពួក​ខ្ញុំ​ឈឺចាប់​។​ជើង​របស់ខ្ញុំ​បាន​រង​បួស ជង្គង់​ក៏​ឈឺ​។​យើង​ទាំង​ពីរបាន​ឆ្លងកាត់​ជ្រោះ​ប្រហែល​២០ យើង​បាន​ដួល តែ​សំណាងល្អ​មិន​បាត់​បង់ជីវិត ​ដោយ​ទង្គិច​នឹង​ផ្ទាំង​ថ្ម ឬ​ត្រូវ​ចរន្តទឹក​កួច​យកទៅ​»​។ លោក​ប្រាប់​បន្ថែមថា លោក​មោទនភាព​នឹង​បងប្រុស ព្រមទាំង​អ្នករួមដំណើរ​ជាមួយ​។​

​ឥឡូវ​យើង​នៅ​រង់ចាំ​ការបញ្ជាក់​របស់ Daily Star online ដែលជា​ម្ចាស់​កម្មសិទ្ធិ​ផ្តាច់មុខ​សម្រាប់​ការផ្សាយ​អំពី ដំណើរ​រុករក​នេះ​បន្តទៀត​ដើម្បី​ដឹង​ប្រាកដថា​នេះ​ជាការ​ផ្អាក​ដំណើរ​រុករក ឬ​បញ្ឈប់​វា​ទាំងស្រុង​៕​លី​សា​

 

×