នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសិស្សនិស្សិត ខ្មែរ មកពីសហគមន៍អឺរ៉ុបនេះ ប្រធានបទសំខាន់ដែលសម្ដេចតេជោមានប្រសាសន៍លើកឡើងនោះ គឺទាក់ទងទៅនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ពីព្រោះថ្ងៃនេះជាថ្ងៃខួបលើកទី 27 នៃកិច្ច ព្រមព្រៀងសន្តិភាពប៉ារីស ដោយសម្តេចតេជោ មានប្រសាសន៍ថា ដោយសារតែសង្គ្រាម នៅតែបន្ត ធ្វើឲ្យប្រជាជនរងទុក្ខវេទនាជាបន្តបន្ទាប់ ទើបស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ។
នៅរាត្រីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ និងសិស្ស និស្សិត មកពីបណ្ដាប្រទេសក្នុងសហគមន៍អ៉ឺរ៉ុប ដែលពិធីនេះធ្វើឡើងនៅ ទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ប្រជាពលរដ្ឋ និងសិស្សនិស្សិតដែលមានវត្តមាននៅ ទីនេះគឺពិតជាមានសេចក្តីសោមន្សរីករាយជាអនេកក្នុងការជួបប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីពិសេសពួកគាត់បានបង្ហាញនូវបេះដូងគោរពស្រឡាញ់ គាំទ្រដោយស្មោះចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រីដោយបានធ្វើដំណើរមកជួបសម្តេចដោយផ្ទាល់នៅទីនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជារីករាយដែលបានជួបបងប្អូនពលរដ្ឋខ្មែរនៅបណ្តាប្រទេសនៅអឺរ៉ុបនេះ និងពិតជាសប្បាយរីករាយពេលដែលឃើញពលរដ្ឋខ្មែរ និងក្មួយៗ ចៅៗ មកគាំទ្រសម្តេចយ៉ាងច្រើនកុះករ បែបនេះ។
នៅក្នុងពិធីសំណេះសំណាលនេះប្រធានបទសំខាន់ដែលសម្ដេចតេជោមានប្រសាសន៍លើកឡើងនោះគឺទាក់ទងទៅនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ពីព្រោះថ្ងៃនេះជាថ្ងៃខួបលើកទី 27 នៃកិច្ច ព្រមព្រៀងសន្តិភាពប៉ារីស(23តុលា1991-23តុលា 2018)សម្តេចតេជោ នាយករដ្ឋមន្ត្រីបានរំលឹកទាក់ទងទៅនឹងប្រវត្តិនៃការកើតឡើងនៃកិច្ចព្រមព្រៀងថ្ងៃ 23 តុលាយ៉ាងដូច្នេះ៖ សម្តេចបានមានប្រសាសន៍ថា ដោយសារតែសង្គ្រាម នៅតែបន្ត ធ្វើឲ្យប្រជាជនរងទុក្ខវេទនាជាបន្តបន្ទាប់។ ក្នុងគោលបំណងស្វែង រកសន្តិភាព និងការបង្រួបបង្រួមជាតិសម្តេចក៏បានស្វែងរកនូវដំណោះស្រាយនយោបាយមួយ។
នៅឆ្នាំ១៩៨៤នៅពេលដែលសម្តេចតេជោ ស្ថិតនៅជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស គឺមានការរៀបចំជំនួបរវាងសម្តេចតេជោ និងសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលជួយរៀបចំដោយរដ្ឋមន្ត្រីក្រសួងការ បរទេសបារាំងនាពេលនោះ។ ប៉ុន្តែជំនួបនេះត្រូវបានអាក់ខាន អាស្រ័យដោយប្រទេសមួយចំនួន និងក្រុម ខ្មែរក្រហមជំទាស់។ ការខិតខំលើកនេះប្រើរយៈពេលវែងបង្គួរ ដោយមានការជ្រោមជ្រែងពីមិត្តភក្តិបរទេស និងឥស្សរជន ខ្មែរមួយចំនួន ក្នុងនោះ លោកស្រី ពុង ឈីវហ្កិច បច្ចុប្បន្នជាប្រធានអង្គការលីកាដូ ជាអ្នកប្រឹងប្រែងខ្លាំងជាងគេ ក្នុងទំនាក់ទំនងរវាងសម្តេចតេជោ ជាមួយសម្តេចព្រះនរោត្តម សីហនុ ពេលចរចានៅទីក្រុងប៉ារីស។ សម្តេចតេជោបន្តថា ការ ចាប់ផ្តើមការចរចាដំបូង គឺនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះមានសេចក្តីប្រកាសរួម ដែលឡាយព្រះហស្តលេខាដោយសម្តេចព្រះនរោត្តម សីហនុ និងសម្តេចតេជោ (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី ២-០៤ ខែធ្នូ ឆ្នាំ ១៩៨៧)។ ការចរចា សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី ២០-២១ ខែ មករា ឆ្នាំ ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង។
ចាប់ផ្តើមពីជំនួបបើកផ្លូវរវាង សីហនុ-ហ៊ុន សែន ទាំងពីរលើក ចរន្តស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជាកាន់តែរីកធំឡើងវេទិកាចរចាត្រូវបានពង្រីករវាងភាគីកម្ពុជានិងមានការចូលរួមពីសំណាក់ប្រទេសមួយចំនូន។ដើម្បីធ្វើការជាមួយសម្តេច ព្រះនរោត្តមសីហនុ ពេលនោះគឺតាមតាមរយៈការរៀបចំឡើងនូវក្រុម ប្រឹក្សាជាតិជាន់ខ្ពស់ ហៅថា អេស អិន ស៊ី (SNC) ដែលចែកចេញជា ៣ ដំណាក់កាលទៀត។
ជាថ្មីម្តងទៀត សម្តេចតេជោ និងសម្តេចព្រះនរោត្តម សីហនុ បានខិតខំសារជាថ្មី នៅថ្ងៃទី ០២ និងថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ១៩៩១ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីបានព្រមព្រៀងគ្នាជាសម្ងាត់ ដោយសម្តេច ព្រះនរោត្តម សីហនុ, សម្តេចម៉ែ, រាជវង្សានុវង្ស នឹងយាងមករួមរស់ជាមួយរដ្ឋកម្ពុជា ដោយរក្សាទុកនូវរដ្ឋធម្មនុញ្ញ, ទង់ជាតិ, ភ្លេងជាតិរបស់រដ្ឋកម្ពុជា, សម្តេច ហេង សំរិន នៅតែជាប្រធានក្រុមប្រឹក្សារដ្ឋ សម្តេច ជា ស៊ីម នៅតែជាប្រធានរដ្ឋសភា ឯសម្តេចហ៊ុន សែន នៅតែជានាយករដ្ឋមន្ត្រី។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តទៀតថា អ្វីៗស្ថិតនៅក្នុងស្ថានភាពល្អប្រសើរ ការប្រជុំក្រុមប្រឹក្សាជាតិ ជាន់ខ្ពស់ បូកប្រទេសធំទាំង ៥ សហប្រធាន សន្និសីទទីក្រុងប៉ារីស ដែលមានបារាំង និងឥណ្ឌូនេស៊ី ព្រមទាំងតំណាងពិសេសរបស់អគ្គលេខាអង្គការសហប្រជាជាតិបានបន្តធ្វើពីថ្ងៃទី ២៦-៣០ ខែសីហា ឆ្នាំ ១៩៩១ នៅប៉ាតាយ៉ា ប្រទេសថៃ។ អ្វីៗដូចការគ្រោងទុកពេលបើកអង្គប្រជុំ សម្តេចព្រះនរោត្តម សីហនុ បានប្រាប់អង្គប្រជុំថា ប្រទេសធំទាំង ៥ មាន បំណងឱ្យភាគីកម្ពុជារំសាយកងទ័ព ៧០ភាគរយ ដូច្នេះ ប្រធានបទលើការឈប់បាញ់ និងរំសាយកងទ័ពត្រូវបានដោះស្រាយនៅប៉ាតាយ៉ា ប្រទេសថៃ។ ទាក់ទងទៅនឹងប្រព័ន្ធបោះឆ្នោត ពង្រៀងប្រទេសធំទាំង ៥ គឺប្រព័ន្ធសមាមាត្រទូទាំងប្រទេស ឯភាគីរដ្ឋកម្ពុជាស្នើ ឡើងនូវប្រព័ន្ធឯកត្តនាម។ ចំណុចនេះ មិនត្រូវបានដោះស្រាយនៅទីក្រុងប៉ាតាយ៉ាទេ គឺសម្តេចតេជោបានមកពិភាក្សាជាមួយថ្នាក់ដឹកនាំនៅក្នុងប្រទេសហើយសម្រេចស្នើឡើងនូវរូបមន្តប្រព័ន្ធសមាមាត្រតាមខេត្តហើយត្រូវបានភាគីទាំងអស់យល់ព្រមនៅទីក្រុងញូវយ៉កពេលប្រជុំអង្គការសហប្រជាជាតិ ចាប់ពីថ្ងៃ ១៤-២១ ខែកញ្ញា ឆ្នាំ ១៩៩១។ ប្រព័ន្ធសមាមាត្រតាមខេត្តកំពុងប្រើប្រាស់ សម្រាប់ការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្ររហូត ដល់សព្វថ្ងៃនេះ។ សម្តេចតេជោបានបន្តទៀតថា អ្វីៗដែលត្រូវដោះស្រាយរួចរាល់ គឺនៅពេល ដែល អេសអ៊ិនស៊ី(SNC) ចូលកាន់កាប់អង្គការសហប្រជាជាតិ ក្នុងខែ កញ្ញា ឆ្នាំ ១៩៩១ រាប់ទាំងកំណត់យក ថ្ងៃទី ២៣ តុលា ឆ្នាំ ១៩៩១ ជាថ្ងៃចុះហត្ថលេខានៅទីក្រុងប៉ារីសផងដែរ។
យើងបានឆ្លងកាត់ដំណាក់កាលសង្គ្រាមទាំងស្រុង ដំណាក់កាលវាយផង ចរចាផង និងដំណាក់ កាលសន្តិភាពទាំងស្រុង។ អ្វីដែលកិច្ចព្រមព្រៀងប៉ារីសចង់បាន តែអ៊ុនតាក់មិនអាចសម្រេចបាន គឺនៅពេលដែលអ៊ុនតាក់ដកចេញ បានបន្សល់ទុកអោយកម្ពុជាមានតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរ។ ជម្រើសចុងក្រោយសម្រាប់សន្តិភាពទាំងស្រុងនៅកម្ពុជាគឺការដាក់ចេញនិងអនុវត្តនូវនយោបាយឈ្នះៗដែលបានអនុវត្តដ៏ជោគជ័យពីឆ្នាំ ១៩៩៦-១៩៩៨។ ចំណុចសំខាន់៣នៃនយោបាយឈ្នះ-ឈ្នះ ៖
១) ការធានាដល់អាយុជីវិត និងសុវត្ថិភាពរបស់អតីតគូបដិបក្ស
២) ការផ្តល់ការងារ និងអាជីពដល់អ្នកដែលបានដាក់អាវុធ
៣) ការទទួលស្គាល់កម្មសិទ្ធិលើទ្រព្យ ជាពិសេសដី និងអគារដែលពួកគេកាន់កាប់។ នេះជាសន្តិភាពដែលជនជាតិកម្ពុជាបានរួមគ្នាបង្កើតឡើងដោយ ខ្លួនឯង គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ និងឯកភាពជាតិ ឯកភាពទឹកដី ជាលើកដំបូងក្នុងប្រវត្តិជាង ៥០០ ឆ្នាំ ដែលកម្ពុជាជាប្រទេសមួយ មានតំបន់ត្រួតត្រាមួយ មានរដ្ឋធម្មនុញ្ញមួយ មានមហាក្សត្រមួយ មានរាជរដ្ឋាភិបាលតែមួយ មានកម្លាំងប្រដាប់អាវុធតែមួយ គ្មានការបែងចែក ដែលយើងទាំងអស់គ្នាត្រូវរួមគ្នារក្សា នូវ សន្តិភាពនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់បងប្អូនខ្មែរនៅក្រៅស្រុកដែលបានចូលរួមដំណើរការប្រជាធិបតេយ្យតាមរយៈការអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត។ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការជ្រើសរើសដ៏ត្រឹមត្រូវមានន័យថាជាការបោះឆ្នោតជ្រើសរើសយកនូវសុខសន្តិភាព ការអភិវឌ្ឍ និងបន្តររក្សានូវកិច្ចខិតខំប្រឹងប្រែងរបស់ជីដូនជីតារបស់ខ្លួន។ ក្នុងឱកាសនោះផងដែរសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ ពានផ្ដល់ជូននូវសៀវភៅចំនួនពីរក្បាល គឺសៀវភៅបណ្ឌិត អ៊ូ ចុង និងសៀវភៅភិរម្យអ៊ូ(ក្រមង៉ុយ)ចែកជូនប្រជាពលរដ្ឋ ក៏ដូចជាសិស្សនិស្សិតដែលបានចូលរួមនៅក្នុងឱកាសនោះផងដែរ។
មុននឹងបញ្ចប់ពិធីសំណេះសំណាលសម្ដេចតេជោនាយករដ្ឋមន្ត្រីបានជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅបណ្តាប្រទេសប៉ែកអឺរ៉ុបទាំងអស់ សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន និងប្រកបរបរទទួលទា ននមានបានគ្រប់ៗគ្នាផងដែរ៕ ដោយ៖កូឡាប