ក្រុមអ្នកជំនាញការវៀតណាម កំពុងវិភាគអំពីឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន ចំពោះក្រុមហ៊ុនវៀតណាម។
ក្រុមអ្នកជំនាញការទាំងនេះលើកឡើងថា ប្រសិនបើទប់ស្កាត់ពុំបានទំនិញចិន«លួចជ្រកក្រោមយីហោវៀតណាម» ដើម្បីនាំចេញទៅកាន់អាមេរិកបានទេ នោះទំនិញវៀតណាមមានហានិភ័យរងទណ្ឌកម្មរបស់អាមេរិក ។
ក្នុងសិក្ខាសាលាដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែតុលាកន្លងមកនេះ ក្រុមអ្នកជំនាញការវៀតណាមវាយតម្លៃថា ភាពតានតឹងពាណិជ្ជកម្មដែលកំពុងកើនឡើងកាន់តែខ្លាំងរវាងខឿនសេដ្ឋកិច្ចធំពិភពលោកពីរនេះ គឺជាឱកាសសម្រាប់ ក្រុមហ៊ុនវៀតណាមបើកទូលាយទីផ្សារនាំចេញ។
ប៉ុន្តែទន្ទឹមនឹងឱកាសល្អ ក៏មានហានិភ័យគួរឱ្យព្រួយបារម្ភចំពោះករណីទំនិញរបស់ចិនខ្ចីផ្លូវវៀតណាមដើម្បីនាំចេញទៅកាន់អាមេរិក បំណងបញ្ចៀសពីទណ្ឌកម្ម។ រឿងនេះអាចមើលឃើញជារឿងធម្មតា ប៉ុន្តែវាអាចស្មុគស្មាញណាស់ ព្រោះងាយត្រូវបាន«កែច្នៃ»ដោយក្រុមហ៊ុនក្នុងស្រុក ឬក្រុមហ៊ុនមានដើមទុនបរទេស។
កន្លងមក ដែកថែបដែលផលិតនៅប្រទេសចិន រួចនាំចេញក្រោមយីហោដែកថែបវៀតណាម ត្រូវបានអាមេរិកដាក់ ទណ្ឌកម្មបង្គាប់បង់ពន្ធដល់ទៅ៤៥០ភាគរយកាលពីឆ្នាំទៅមិញ គឺជាមេរៀនមួយចាំបាច់ត្រូវតែចងចាំ។
លើសពីនេះទៀត នៅពេលដែលការបន្លែបន្លំត្រូវបានសមត្ថកិច្ចនៃប្រទេសនាំចូលរកឃើញ វាពុំខូចឈ្មោះ ខាតបង់ចំពោះក្រុមហ៊ុនមួយទេ ប៉ុន្តែវិស័យជំនួញទាំងមូលត្រូវរងគ្រោះ។ វាពុំគ្រាន់តែជាបញ្ហាពិន័យពន្ធខ្ពស់នោះទេ តែវាជះឥទ្ធិពលដល់កេរ្តិ៍ឈ្មោះរបស់វៀតណាម និងតាមរយៈនោះអាមេរិកអាចដាក់វៀតណាមទៅក្នុងបញ្ជីរងទណ្ឌកម្មពាណិជ្ជកម្ម។
បច្ចុប្បន្នវៀតណាមឈរនៅក្នុងលំដាប់ទី៥ បន្ទាប់ពីចិន ទ្វីបអឺរ៉ុប ម៉ិកស៊ិកនិងជប៉ុន ដែលអតិរេកពាណិជ្ជកម្ម ៣៨.០០០លានដុល្លារ។
ហេតុនេះ ប្រទេសវៀតណាមត្រូវត្រៀមបម្រុងលើផ្នែកច្បាប់ និងចាត់តាំងវិធានការអនុវត្តកុំឱ្យកើតមានរឿងអាស្រូវដូចករណីដែកថែបទៀត៕សូយន