មនុស្ស១១នាក់ត្រូវបានសម្លាប់ និង៦នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍បាញ់ប្រហារមួយ កាលពីថ្ងៃសៅរ៍ទី២៧ តុលា នៅឯសហគមន៍ជនជាតិជ្វីហ្វដ៏ធំជាងគេបំផុតមួយ ក្នុងទីក្រុង Pittsburgh ដែលស្ថិតនៅភាគខាងលិចនៃរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។ ក្រោយការបាញ់ប្រហារនេះ ជនសង្ស័យ ត្រូវបានប៉ូលីសចាប់ខ្លួន ហើយបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ នេះ បើតាមការណ៍ឲ្យដឹងរបស់អាជ្ញាធរអាមេរិក។

ខ្មាន់កាំភ្លើងម្នាក់បានសម្លាប់អ្នកសូត្រធម៌នៅព្រះវិហារអម្បូរជនជាតិជ្វីហ្វនៅក្រុង Pittsburg សហរដ្ឋអាមេរិក។បុរសម្នាក់ ស្រែកថា «អម្បូរជនជាតិជ្វីហ្វទាំងអស់ត្រូវតែស្លាប់» ហើយបានសម្រុកចូលវិហារអម្បូរជនជាតិជ្វីហ្វនៅក្នុងទីក្រុង Pittsburgh ក្នុងអំឡុងនៃពិធីសូត្រធម៌កាលពីថ្ងៃសៅរ៍ ដែលជាកន្លែងអធិស្ឋាន របស់ក្រុមជនជាតិជ្វីហ្វ ប្រមូលផ្ដុំ ថ្ងៃឈប់សម្រាក ហើយបានសម្លាប់មនុស្សដែលកំពុងសូត្រធម៌ដោយមិនរើសមុខ។
បុរសដែលជាខ្មាន់កាំភ្លើងឈ្មោះ Robert Bowers អាយុ ៤៦ឆ្នាំ ត្រូវបានគេរាយការណ៍ថាមកពីទីក្រុង Castle Shannon ដែលស្ថិតនៅភាគខាងត្បូងក្រុង Pittsburg។បើតាមរដ្ឋអាជ្ញាអាមេរិក ខ្មាន់កាំភ្លើងរូបនេះ អាចប្រឈមនឹងការចោទប្រកាន់ទោសចំនួន ២៩ករណី ពីបទឧក្រិដ្ឋកម្ម បាញ់សម្លាប់ជនជាតិជ្វីហ្វ ដែលគេចាត់ទុកថាជាប្រវត្តិសាស្ត្រថ្មីមួយក្នុងប្រទេសអាមេរិក។
ប្រធានាធិបតីអាមេរិកលោកDonald Trump បានសម្តែងនូវការចូលរួមមរណទុក្ខ ដល់ក្រុមគ្រួសារជនរងគ្រោះ និងបានថ្កោលទោសចំពោះអំពើឧក្រិដ្ឋកម្មនេះផងដែរ។លោកពោល៖”ការវាយប្រហារសម្លាប់បងប្អូនជនជាតិជ្វីហ្វ គឺជាសកម្មភាពដ៏អាក្រក់ ហើយវាក៏ប្រៀបដូចជាការវាយប្រហារមកលើអាមេរិកដែរ។ អាមេរិកត្រូវតែរួបរួម ជាមួយសហគមន៍ជ្វីហ្វ ដើម្បីកម្ចាត់ជនទាំងឡាយណាដែលមានបំណងមិនល្អមកលើយើង”។
លោកTrump ក៏បាននិយាយផងដែរថា លោកនឹងធ្វើដំណើរទៅកាន់ភាគខាងលិចនៃរដ្ឋ Pennsylvania ជាកន្លែងកើតហេតុ នាពេលឆាប់ៗផងដែរ។
ប្រធានាធិបតីអាមេរិក ក៏បានបញ្ជាឱ្យដាក់បង្ហូតទង់ជាតិអាមេរិកទាំងអស់នៅឯសេតវិមាន និងនៅទីសាធារណៈត្រឹមកណ្តាល រហូតដល់ថ្ងៃទី៣១ ខែតុលា ដើម្បីជាសញ្ញានៃការគោរពចំពោះជនរងគ្រោះ ពីការបាញ់ប្រហារនេះ៕សូយន