នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានAxios on HBO ប្រធានាធិបតីអាមេរិក Donald Trump មាន ប្រសាសន៍ថា៖ កូនរបស់បុគ្គលដែលមិនមែនជាជនជាតិអាមេរិក មិនអាចទទួលសញ្ជាតិអាមេរិក និងទាញយកផលប្រយោជន៍បានមួយជីវិត ដោយសារមូលហេតុម្យ៉ាងថាបានកើតនៅលើទឹកដីអាមេរិក ទៀតបានឡើយ !។លោកអះអាងថា លោកបានពិភាក្សាជាមួយទឹប្រឹក្សា រួចរាល់អស់ហើយ ហើយកំពុងរៀបចំដំណើរការចេញក្រិត្យប្រធានាធិបតី លុបសិទ្ធិទទួលសញ្ជាតិអាមេរិក តាមដែនដីកំណើត។

តើវានឹងផ្ទុយពីរដ្ឋធម្មនុញ្ញអាមេរិកមាត្រា១៤ ដែលចែងថា “គ្រប់បុគ្គលដែលបានកើតលើទឹកដីអាមេរិកនិងបានចូលសញ្ជាតិអាមេរិក និងដែលស្ថិតក្រោមយុត្តាធិការនៃច្បាប់ជាធរមាន ត្រូវបានក្លាយជាពលរដ្ឋរបស់អាមេរិក និងរបស់រដ្ឋដែលគេរស់នៅ”ទេឬ ?។បើតាមអត្ថន័យនៃច្បាប់ដើម ក្មេងកើតលើដីអាមេរិកដែលអាចទទួលសញ្ជាតិអាមេរិកបាន ទាល់តែម្តាយឪពុកជាជនស្របច្បាប់ ពោលគឺជាបុគ្គលដែលមានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ឬជាពលរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ក្រុមអ្នកអភិរក្សនិយមដដែល។
ក្នុងសេចក្តីសម្រេចរបស់តុលាការឆ្នាំ១៨៩៨ តុលាការកំពូលអាមេរិកបានប្រកាសថា កូនដែលកើតពីឪពុកម្តាយអន្តោប្រវេសន៍ស្របច្បាប់ ជាពលរដ្ឋរដ្ឋអាមេរិក។ ផ្ទុយទៅវិញ ស្ថាប័នកំពូលនេះមិនដែលបានផ្តល់សេចក្តីសម្រេចអ្វីទាក់ទងនឹងកូនអន្តោប្រវេសន៍ខុសច្បាប់ ឬអ្នកមានក្រដាសស្នាមបណ្តោះអាសន្នឡើយ។
បើតាមការសិក្សារបស់វិទ្យាសា្ថនស្រាវជ្រាវPEW ឆ្នាំ២០១៦នោះពីឆ្នាំ១៩៨០-២០០៦ ចំនួនកូនក្មេងកើតពីម្តាយឪពុកជាអន្តោប្រវេសន៍បានកើនឡើងឥតឈប់ឈរ ដល់៣៧០.០០០នាក់ មុនចាប់ធ្លាក់ចុះបន្តិចវិញ៕សូយន