Niels Hoegel អាយុ៤១ឆ្នាំ នៅថ្ងៃទី៣០ ខែតុលាម្សិលមិញនេះបានសារភាពចំពោះតុលាការនៅទីក្រុង Oldenburg ភាគខាងជើងអាល្លឺម៉ង់ថា ក្នុងអំឡុងពេលធើ្វការងារ វាបានសម្លាប់អ្នកជំងឺ១០០នាក់។

តាម AFP នេះគឺជាករណីសម្លាប់មនុស្សធ្ងន់ធ្ងរក្នុងប្រវត្តិសាស្ត្រក្នុងសម័យក្រោយសង្គ្រាមលោកលើកទី២។
នៅពេលចៅក្រម Sebastian Buehrmann សួរថា តើការចោទប្រកាន់ចំពោះវាត្រឹមត្រូវដែរឬទេ ឧក្រិដ្ឋជនរូបនេះឆ្លើយថា«បាទ» រួចបន្តពោល ៖រឿងរ៉ាវដែលខ្ញុំបានសារភាព វាស្រដៀងនឹងផ្ទះមួយដែលមានបន្ទប់ ងងឹតជាច្រើន ហើយខ្ញុំចង់បំភ្លឺបន្ទប់ងងឹតទាំងនោះ។
ចៅក្រមខាងលើបានឱ្យដឹងថា គោលបំណងសំខាន់នៃសវនាការនេះ គឺចង់កំណត់ទ្រង់ទ្រាយ និងទង្វើសម្លាប់មនុស្ស ប្រព្រឹត្តទៅនៅមន្ទីរពេទ្យពីរ ដែលឧក្រិដ្ឋជននេះធ្វើការពីឆ្នាំ1999ដល់ 2005 ។ គិលានុបដ្ឋាករូបនេះត្រូវបានចោទប្រកាន់ពីបទមានចេតនាចាក់ថ្នាំលើសកម្រិតឱ្យអ្នកជំងឺ ដោយថា ចង់នាំយកពួកគេពី«ឋាននរក» នៅនាទីចុងក្រោយ។
បណ្តាអយ្យការឱ្យដឹងថា មានអ្នកជំងឺយ៉ាងតិច៣៦នាក់ ត្រូវបានសម្លាប់នៅមន្ទីរពេទ្យមួយនៅ Oldenburg ហើយមនុស្សជាង៦៤នាក់បានស្លាប់ក្នុងគ្លីនិកមួយ នាទីក្រុង Delmenhorst ដែលនៅក្បែរនោះ ។ ចំណែកអ្នកស៊ើបអង្កតវិញបានរកឃើញសាកសពជាង១៣០នាក់ដែលត្រូវស្លាប់ក្នុងវេនបំពេញការងាររបស់ឧក្រិដ្ឋជនHoegel ។
ឧក្រិដ្ឋកម្មរបស់ Hoegel ត្រូវបានគិលានុបដ្ឋាកម្នាក់រកឃើញនៅខែមិថុនា ឆ្នាំ២០០៥ ខណៈពេលវាកំពុងចាក់ថ្នាំឱ្យអ្នកជំងឺម្នាក់។ខែមិថុនា ឆ្នាំ២០០៨ Hoegel ត្រូវបានកាត់ទោសឱ្យជាប់គុក៧ឆ្នាំកន្លះ ហើយនៅខែកុម្ភៈ ឆ្នាំ២០១៥ តុលាការបានបន្តចោទប្រកាន់ករណីសម្លាប់មនុស្ស៤នាក់ តែមិនសម្រេច។ Hoegel បានរស់នៅក្នុងគុកជិត១០ឆ្នាំហើយ ។
ក្រុមអ្នកស៊ើបអង្កេតឱ្យដឹងថា ចំនួនជនរងគ្រោះអាចដល់ទៅជាង២០០នាក់ឯណោះ ប៉ុន្តែពួកគេគ្មានភស្តុតាងគ្រប់គ្រាន់ ដោយសារសាកសពបានត្រូវបូជា។
ឧក្រិដ្ឋជនរូបនេះតែងធ្វើវិធីតែមួយចំពោះអ្នកជំងឺដែលវាប៉ងសម្លាប់ គឺដំបូងឡើយធ្វើការចាក់ថ្នាំនាំឱ្យគាំងបេះដូង ក្រោយមកប្រឹងប្រែងសង្គ្រោះ។ វាតែងជ្រើសរើសជនរងគ្រោះដោយចៃដន្យ មានអាយុពី៣៦ដល់៩៦ឆ្នាំ៕សូយន